ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា សកម្មភាព​លក់​គម្រោង​ខ្យល់​កំពុង​កើត​មាននៅ​ខេត្តកំពត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារ​តែ​ការ​កើនឡើង​នៃ​អ្នក​វិនិយោគ​មក​តំបន់​ទេសចរណ៍​នៃ​ខេត្ត​កំពត ធ្វើ​ឲ្យ​ការ​ទិញ​-​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ខេត្ត​នេះ​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ។ ក្នុង​នោះ ក៏​មាន​អ្នកលក់​គម្រោង​ខ្យល់​កើតឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដែល​កន្លង​មក​ពុំ​ធ្លាប់​មាន​បញ្ហា​នេះ​កើតឡើង​ឡើយ ។ នេះ​បើ​តាម​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ក្នុង​ខេត្តកំពត…

ខេត្តកំពត ៖ ដោយសារ​តែ​ការ​កើនឡើង​នៃ​អ្នក​វិនិយោគ​មក​តំបន់​ទេសចរណ៍​នៃ​ខេត្ត​កំពត ធ្វើ​ឲ្យ​ការ​ទិញ​-​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ខេត្ត​នេះ​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ។ ក្នុង​នោះ ក៏​មាន​អ្នកលក់​គម្រោង​ខ្យល់​កើតឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដែល​កន្លង​មក​ពុំ​ធ្លាប់​មាន​បញ្ហា​នេះ​កើតឡើង​ឡើយ ។ នេះ​បើ​តាម​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ក្នុង​ខេត្តកំពត បាន​ថ្លែងប្រាប់​កោះសន្តិភាព ។

លោក សុខ គែន ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Kampot-Property បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​នៅ​ក្នុង​ខេត្តកំពត ចំនួន​អ្នកលក់​គម្រោង​អាថ៌​កំបាំង​(​គម្រោង​ខ្យល់​)​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង ។

លោក​លើក​ឡើង​ដូច្នេះ​ថា ៖« គម្រោង​អាថ៌​កំបាំង បាន​ន័យ​ថា ជា​ការ​លក់​ដោយ​ម្ចាស់​គម្រោង​មិន​បាន​បង្ហាញ​ទីតាំង និង​ប្លង់​មេ​ច្បាស់លាស់​ទៅ​កាន់​អ្នកទិញ ដោយ​អ្នកខ្លះ​គាត់​បាន​យក​រូបភាព​ពី​ប្រភព​ផ្សេង​មក​បង្ហាញ ឬ​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​អ្នក​ដែល​ចង់​លក់​ដី​ណាមួយ ហើយ​ចេះ​តែ​ថា​បែប​នេះ បែប​នោះ​ឲ្យ​តែ​រួចពីមាត់ » ។

លោក​បន្ត​ថា នេះ​ជា​អ្វី​ដែល​អ្នកទិញ​ដី​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​ចិត្ត​ទិញ ជា​ជាង​ទិញ​ហើយ​កប់​ចោល ។

លោក​ថា ៖« សម្រាប់​អ្នកទិញ​-​លក់​ដី បើសិនជា​ដី​នោះ​មាន​ប្លង់​រួចរាល់​ហើយ គឺ​ត្រូវ​បង្ហាញ​​ប្លង់​មេ ឬ​ទីតាំង​ពិតប្រាកដ​ឲ្យ​អ្នកទិញ​បាន​មើល និង​មាន​ទំនុកចិត្ត​ជាមួយ​យើង ដោយ​មាន​ខាង​សុរិយោដី​ខេត្ត​-​ក្រុង​ដឹង​ឮ តែបើ​ដី​នោះ​មិន​ទាន់​មាន​ប្លង់​ទេ ត្រូវ​ទាក់ទង​ទៅ​ខាង​ភូមិ​-​ឃុំ ដែល​ម្ចាស់​គម្រោង​នោះ​រស់នៅ » ។

ទោះបីជា​មាន​បញ្ហា​បែប​នេះ​កើតឡើង​ក្ដី ក៏​ប៉ុន្តែ តម្លៃ និង​សន្ទុះ​នៃ​ការ​ទិញ​-​លក់ គឺ​នៅ​តែ​រក្សា​បាន​នូវ​តម្លៃ​យ៉ាង​ល្អ ដោយ​មិន​មានការ​ធ្លាក់​ចុះ​អ្វី​ឡើយ​តាំងពី​ដើមឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ ។

លោក សុខ គែន បញ្ជាក់​ថា តម្លៃ​នៃ​ការ​ទិញ​-​លក់ គឺ​អាស្រ័យ​ទៅ​លើ​ទីតាំង ជា​ពិសេស តំបន់​អភិវឌ្ឍន៍​ដែល​មាន​តម្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន​ទុក ។ ដោយឡែក ដី​ក្នុង​ក្រុង​ម្ដុំ​ផ្សារ​កំពត មាន​តម្លៃ​ចាប់ពី​៣៥០​ដុល្លារ ទៅ​៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ ឯ​ដី​នៅ​ជាប់មាត់​ព្រែក​កំពត ជុំវិញ​ស្ពាន​ថ្មី ក្នុង​១​ម៉ែត្រការ៉េ​មាន​តម្លៃ​ចាប់ពី​២៥០​ដុល្លារ ទៅ​៤០០​ដុល្លារ ។ ចំណែក​ដី​លំនៅ​ឋាន គឺ​មាន​តម្លៃ​ចាប់ពី​១៥​ដុល្លារ ទៅ​ដល់​៣០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ រីឯ​ដី​ប្រភេទ​កសិកម្ម​វិញ​ក៏​កើនឡើង​ដែរ គឺ​ចាប់ពី​៥​ដុល្លារ ទៅ​១០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ភូមិ​តា​ដិ​ប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា ចំពោះ​ការ​លក់​ដី​ដែល​គេ​ហៅ​ថា ប្រភេទ​ខ្យល់ ឬ​ក៏​លួចលាក់​ដោយ​មិន​បាន​ឲ្យ​ភូមិ​-​ឃុំ​ដឹង​ឮ​នោះ គឺ​មិន​ដែល​កើតឡើង​ទេ​សម្រាប់​មូលដ្ឋាន​លោក ព្រោះ​រាល់​ការ​ទិញ​-​លក់​ដី​ផ្សេង​ៗ តែងតែមាន​ខាង​ភូមិ ឬ​សុរិយោដី​ចូលរួម​ជា​និច្ច​ជាមួយ​ម្ចាស់​ដី និង​អ្នកទិញ ។

លោក អ៊ូ សា​ខន បាន​បញ្ជាក់​ថា ៖« តាម​ធម្មតា អ្នកទិញ និង​អ្នកលក់ គាត់​មាន​ខាង​អ្នក​គួ​ក​ជេ​ដី​ណែនាំ​គ្នា និង​បង្ហាញ​ប្លង់ ឬ​តំបន់​ដី​ដែល​គេ​លក់​នោះ​ត្រូវ​គ្នា​អស់ហើយ ទើប​ចុង​ក្រោយ​គាត់​មក​រក​ខាង​ភូមិ​-​ឃុំ និង​ខាង​សុរិយោដី​នៅ​តំបន់​នោះ​ដឹង​ឮ និង​ធ្វើ​ឯកសារ​ផ្សេង​ៗ​ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ​តាម​ច្បាប់ » ។

លោក​បន្ត​ថា កន្លង​មក បញ្ហា​នៃ​ការ​លក់​ដី​ខ្យល់​នោះ​ធ្លាប់​ឮ​មាន​មែន តែ​នៅ​តំបន់​ផ្សេង ព្រោះ​អ្នកទិញ​ខ្លះ​គាត់​នៅ​ឆ្ងាយ​មិន​បាន​ចុះ​មក​មើល​ដោយ​ផ្ទាល់ ហើយ​ចេះ​តែ​ហី​អើ​តាម​អ្នក​គួ​ក​ជេ តែ​ដល់​ពេល​មក​មើល គឺ​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ឡើយ ។ ប៉ុន្តែ​វា​មិន​ដែល​មាន​បញ្ហា ឬ​ក៏​ជម្លោះ​អ្វី​កើតឡើង​ទេ ភាគី​ទាំង​សងខាង​ដោះស្រាយ​គ្នា​ជា​លក្ខណៈ​ឯក​ជន ព្រោះ​គាត់​មិន​បាន​ឲ្យ​ភូមិ​-​ឃុំ​ដឹង​ឮ ឬ​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សុរិយោដី​ជា​មុន​ឡើយ។

លោក អ៊ូ សា​ខន បន្ថែម​ថា ៖« រាល់​ការ​ទិញ​-​លក់​ដី​ផ្សេង​ៗ បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទេ ភាគី​ទាំង​សងខាង​សូមកុំ​ធ្វើការ​លួចលាក់ ត្រូវ​ឲ្យ​ភូមិ​-​ឃុំ​ដឹង ឬ​សុរិយោដី​ក្នុង​តំបន់​នោះ​បានដឹង​ដើម្បី​បំពេញ​ឯកសារ​នានា ចៀសវាង​ទិញ​ហើយ​ទុក​ដី​ឲ្យ​ខ្មោច​នៅ ។ ជា​ពិសេស អ្នកទិញ​ត្រូវ​មក​ពិនិត្យ​ឲ្យ​ដល់​កន្លែង កុំ​ចេះ​តែ​ជឿ​តាម​ការ​និយាយ ហើយ​អ្នកលក់​ត្រូវ​តែ​បង្ហាញ​ប្លង់​មេ​ទៅ​ឲ្យ​អ្នកទិញ​បាន​មើល​ជាក់ស្តែង » ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល ប្រធាន​ការិយាល័យ​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ស្រុក​ទឹកឈូ លោក គិត វុ​ធ បាន​ឲ្យ​ដឹង​ថា បើសិនជា​ការ​ទិញ​-​លក់​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សុរិយោដី ពេល​មាន​បញ្ហា​អ្វី គឺ​ខាង​មន្ទីរ​ជា​អ្នក​ដោះស្រាយ តែបើ​ការ​ទិញ​-​លក់​នោះ​ជា​លក្ខណៈ​លួចលាក់​មិន​ស្របច្បាប់ ដោយ​មានការ​ដឹង​ឮ​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ ខាង​មន្ទីរ​សុរិយោដី​គ្មាន​សិ​ទិ្ធ​អ្វី​ពាក់ព័ន្ធ​ឡើយ ។

លោក​ថ្លែង​ដូច្នេះ​ថា ៖« អ្វី​ដែល​គាត់​មក​ទិញ​-​លក់​នៅ​ចំពោះ​មុខ ដោយ​មាន​ផ្តិត​មេដៃ មាន​ប្លង់​រឹង​ត្រឹមត្រូវ បញ្ជាក់​ថា ដី​នេះ​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សុរិយោដី និង​ជា​ដី​លក្ខណៈ​ប្រព័ន្ធ​រួច​មក​នោះ យើង​ពិនិត្យ​មើល​នៅ​ក្នុង​សៀវភៅ​អចលនវត្ថុ​ថា ពិតជា​ត្រឹមត្រូវ​ហើយ គឺ​យើង​ធ្វើ​តាម​បែបបទ​ហ្នឹង ។ តែបើ​គាត់​ទិញ​-​លក់​ស្ងាត់​ៗ នេះ​ជា​រឿង​ផ្ទាល់ខ្លួន​របស់​ពួក​គាត់ ខាង​សុរិយោដី​គ្មាន​សិទ្ធិ​ហាមឃាត់ និង​ដាក់​វិធានការ​ណាមួយ​បាន​ទេ ព្រោះ​វា​ជា​សិ​ទិ្ធ​របស់​ពួក​គាត់ អាច​ថា ភូមិ​-​ឃុំ​នៅ​តាម​មូលដ្ឋាន​នោះ​ដឹង​ឮ ឬ​ក៏​អនុញ្ញាត​រួច​ហើយ » ។

លោក​បញ្ជាក់​បន្ថែម​ថា ៖ « បើសិនជា​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​ដី​នោះ​មែន ពួក​គាត់ និង​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​ជា​អ្នក​ដោះស្រាយ​ជាមួយ​គ្នា គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​មន្ទីរ​ដែនដី​ឡើយ​ហើយ​កន្លង​មក ក៏​ធ្លាប់​ឮ​ពី​ការ​ទិញ​-​លក់​ដី​បែប​នោះ​ដែរ តែ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ » ។

កំពត គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​អំណោយផល​ដល់​វិនិ​យោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​មាន​តំបន់​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា តំបន់​មាត់សមុទ្រ ដងព្រែក ជើងភ្នំ លំនៅ​ឋាន និង​តំបន់​ដី​កសិកម្ម ។ នៅ​ពេល​ថ្មី​ៗ​នេះ ខេត្ត​កំពត​កំពុង​មាន​គម្រោង និង​រៀបចំ​ទីតាំង​ដើម្បី​បង្កើត​ឆ្នេរ​ខ្សាច់​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ក្នុង​ទឹកដី​មួយ​នេះ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ