ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មូលដ្ឋាន​អំពាវនាវ​ពលរដ្ឋ​កុំ​បែកបាក់​គ្នា​រឿង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ស្នើ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​កុំ​បែកបាក់​គ្នា គ្រាន់តែ​រឿង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឲ្យ​សោះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក យ៉ង សាំង​កុមារ​ប្រធាន​គណៈកម្មការ​នាយក​គណ បក្ស​ប្រជា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ស្នើ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​កុំ​បែកបាក់​គ្នា គ្រាន់តែ​រឿង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឲ្យ​សោះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក យ៉ង សាំង​កុមារ​ប្រធាន​គណៈកម្មការ​នាយក​គណ បក្ស​ប្រជា ធិ​ប​តេ​យ្យ មូលដ្ឋាន ។

លោក​យ៉ង សាំង​កុមារ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​0២ ខែសីហា ឆ្នាំ​២០១៥ ដែល​មាន​លោក​បណ្ឌិត កែម ឡី ជា​បិតា​ស្ថាបនិក ។ គណបក្ស​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​ជា​ជម្រើស​ថ្មី ឬ​ជម្រើស​ទី​៣​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នូវ​នយោបាយ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​គណបក្ស​ធំ​ៗ​ទាំង​២ គឺ​រវាង​គណបក្ស​ប្រជាជន និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​យ៉ង សាំង​កុមារ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៦ ខែឧសភា​នេះ តាំងពី​ការ​ករ​កើត​ដំបូង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន និង​កំពុង​កសាង​ខ្លួន​ជា​កម្លាំង​កណ្តាល​និយម មូលដ្ឋាន​និយម និង​សេរីនិយម​សង្គម ។

លោក​បញ្ជាក់​ថា ៖ «​យើង​ជា​គណបក្ស​នយោបាយ​មួយ​ដែល​មាន​គោលបំណង​វែង​ឆ្ងាយ គុណ​តម្លៃ គោលការណ៍ និង​គោលនយោបាយ​ច្បាស់លាស់​ដាច់​ដោយឡែក​ពី​គណបក្ស​ដទៃ ហើយ​មិន​រណប​មិន​ចំណុះ ឬ​មិនជា​សម្ព័ន្ធ​គណ បក្ស​មួយ​ណា​ទេ ។

កន្លង​មក គ​បម បាន​ដាក់​បេក្ខជន​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ចំនួន​២៧​ឃុំ​សង្កាត់ កាលពី​ខែមិថុនា ២០១៧ ហើយ​ទទួល​បាន​ជោគជ័យ​នៅ​ចំនួន​៣​ឃុំ ដោយ​ទទួល​បាន​អាសនៈ​សរុប​ចំនួន​៥ ។ ជំទប់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តំណាង​ឲ្យ គ​បម បាន និង​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​ការ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​» ។

លោក​បន្ត​ថា សម្រាប់​ការ​បោះ​ឆ្នោតជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ ខាង​មុខ​នេះ គ​បម ក៏​បាន​ត្រៀមខ្លួន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត ហើយ​ការ​សម្រេចចិត្ត​របស់​យើង​ធ្វើ​ជា​ជំហាន​ៗ​ដូច​ខាងក្រោម ៖ ទី​១- នៅ​ខែមករា ២០១៨ យើង​បាន​សម្រេចចិត្ត​រើស​បេក្ខជន សម្រាប់​ឈរឈ្មោះ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស ។ មក​ដល់​ពេល​នេះ​យើង​បាន​ត្រៀម​បេក្ខជន​សម្រាប់​គ្រប់​២៥​រាជធានី​ខេត្ត ។ ទី​២- នៅ​ថ្ងៃ​ទី​៦ ឧសភា ២០១៨ ខាង​មុខ​នេះ យើង​នឹង​ធ្វើការ​សម្រេច​ជា​ផ្លូវការ​ពី​ការ​ដាក់​បញ្ជី ឬ​មិន​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន ដើម្បី​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត ។ ទី​៣- តំណាង​គណបក្ស​របស់​យើង​មក​ពី​រាជធានី​ខេត្ត នឹង​ចូលរួម​ធ្វើការ​សម្រេច​រួម​គ្នា បន្ទាប់​ពី​វាយតម្លៃ​លើ​បរិយាកាស ការ​ត្រៀមខ្លួន​ការ​បោះ​ឆ្នោត និង​ការពិគ្រោះ​យោបល់​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ។ ទី​៤- ក្នុង​ករណី គ​បម សម្រេច​ចុះបញ្ជី ហើយ​យើង​ក៏​អាច​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត​ពេល​ណា​ក៏​បាន​ដែរ ជា​ពិសេស​ប្រសិនបើ​លក្ខខណ្ឌ​ទាំង​៤​របស់​យើង មិន​ត្រូវ​បាន​បំពេញ ។

លោក​បញ្ជាក់​ថា លក្ខខណ្ឌ​ទាំង​៤ នោះ​គឺ ទី​១ ៖ សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាព​ដូច​ជា ការ​លើក​ស្លាក ការ​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ទី​២ ៖ បេក្ខជន​សកម្មជន និង​អ្នកគាំទ្រ មិន​រង​ការ​គំរាមកំហែង​ក្រោម​រូបភាព ផ្សេង​ៗ ទី​៣៖ សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ ពី​គណបក្ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ទី​៤ ៖ មានការ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​បាន​គ្រប់គ្រាន់​ទាំង​មុន​ពេល​បោះ​ឆ្នោត ពេល​ថ្ងៃ​បោះ​ឆ្នោត និង​ពេល​រាប់​សន្លឹក​ឆ្នោត ។

លោក​គូសបញ្ជាក់​បន្ថែម​ថា ការ​ចូលរួម ឬ​មិន​ចូលរួម​របស់ គ​.​ប​.​ម ក្នុង​ការ​បោះ​ឆ្នោត​ជា​រឿង​សំខាន់ ។ តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​យើង​មិន​ត្រូវ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា​ដោយសារ​ការ​បោះ​ឆ្នោត​ទេ ។ ការ​ឈ្នះ ឬ​ចាញ់ឆ្នោត​ជា​រឿង​ធម្មតា ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​ក្រោយ​ការ​បោះ​ឆ្នោត​យើង​ចេះ​រួបរួម​គ្នា​កសាង​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​យ៉ង សាំង​កុមារ ខណៈ​ដែល​ម្ចាស់​ឆ្នោត​កំពុង​តែ​មានគំនិត​ខ្វែងគ្នា ពោល គឺ​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ