ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៤ ឧសភា នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខណ:ដែលស្ត្រីរូបនេះកំពុងអំពាវនាវលក់ម៉ូតូមួយគ្រឿងដែលខ្លួនលួចបានពីគេ។ ស្ត្រីរូបនេះឈ្មោះហោ ហ៊ន អាយុ៤២ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលគាត់កំពុងអំពាវនាវលក់ម៉ូតូមួយគ្រឿងដែលគួរឱ្យសង្ស័យ ព្រោះគ្មានឯកសារបញ្ជាក់ពីម៉ូតូនោះ ។
បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូនោះត្រូវជនសង្ស័យរូបនេះលួចពីអ្នកភូមិជាមួយគ្នា ដែលមានម្ចាស់ឈ្មោះសាន សាវុធ ប្រុសអាយុ៣៦ឆ្នាំ នៅភូមិបាសែត ឃុំតាប៉ុន កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ឧសភា ។ ក្រោយពេលបាត់ម៉ូតូ ម្ចាស់ក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច នាព្រឹកថ្ងៃដដែលនេះដែរ លុះនៅរសៀលក៏ត្រូវបានរកឃើញទាំងម៉ូតូទាំងអ្នកលួចតែម្ដង ។
បើតាមសមត្ថកិច្ចដដែលបានបញ្ជាក់ថា ម៉ូតូនោះម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-2066 ។ នៅយប់កើតហេតុ ម្ចាស់បានទុកម៉ូតូក្រោមផ្ទះ លុះព្រឹកឡើងក៏បាត់តែម្ដង។ ក្រោយពីលួចម៉ូតូបាន ស្ត្រីរូបនេះបានជិះយកមកលក់នៅស្ដង់ម៉ូតូក្នុងផ្សារ១៣មករា ក្រុងបាត់ដំបង តែគ្មានអ្នកទិញដោយសារគ្មានឯកសារបញ្ជាក់ពីម៉ូតូនោះ។ ប៉ុន្តែពេលជិះទៅអំពាវនាវលក់នៅឃុំអន្លង់វិញ ត្រូវគេសង្ស័យ គេក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យមកសួរនាំ ទើបធ្លាយរឿងអំពើចោរកម្ម ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដងទៅ ។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការហើយ៕

ចែករំលែកព័តមាននេះ