ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី៣ ឧសភា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយា
ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះដល់ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ការចុះទៅសហការនោះ គឺដើម្បីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៩១៥ត.ព្រ ចុះថ្ងៃ៥ខែមេសា ឆ្នាំ២០១៨ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្ត លោក សួន សំណាង ។ ដីកានេះ បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ មាស សំអឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្ដូងជា ឃុំជីរោទ៍២ ស្រុកត្បូងឃ្មំុុ ខេត្តត្បូងឃ្មុំ ពីបទរំលោភលើសេចក្តីទុកចិត្តដោយអភិបាល និងបទក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងពេលចាប់ខ្លួនឈ្មោះ មាស សំអឿន សមត្តកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើមម៉ាក BERETTA U.S.A CORP លេខ៦៩២៨៣១បង់២ គ្រាប់ចំនួន២០០គ្រាប់ និងនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ។ មិនមានមន្ត្រីណាម្នាក់បង្ហើបឱ្យដឹងព័ត៌មាន ជុំវិញការចាប់ខ្លួននេះទេ តែប្រភពព័ត៌មានពីខេត្តព្រះវិហារបានឱ្យដឹងខ្លះៗថា ជនរូបនេះជាគណនេយ្យករសាខាកាកបាទក្រហម បានបើកលុយពីធនាគាររាប់សែនដុល្លារ ហើយរត់គេចខ្លួនបាត់ ទើបត្រូវបានចាប់ខ្លួនពេលនេះ នៅខេត្តព្រះវិហារ ។ ទោះបីជាបែបណា ព័ត៌មានផ្លូវការយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ៕

ចែករំលែកព័តមាននេះ