រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានថា ស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញបាន និងកំពុងទទួលរងនូវការបំពុលលើសពីកម្រិតសុវត្ថិភាពសុខភាព។ ដែលព័ត៌មាននេះអាចបង្កឱ្យ សាធារណៈជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈ។ ក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជូនសាធារណៈជន ឱ្យបានជ្រាបថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានធ្វើការអង្កេតតាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ។
នៅឆ្នាំ២០១៧ ក្រសួងបរិស្ថានបានបំពាក់បន្ថែមនូវឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិតបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងនៅក្នុងរាជធានីភ្នំពេញបានបង្ហាញថា រាល់ប៉ារ៉ាម៉ែត្រទាំងអស់សុទ្ធតែស្ថិតនៅក្រោមកម្រិតកំណត់ស្តង់ដានៅឡើយ ពោលគឺមិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងកុំមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងប្រកបមុខរបរនៅតាមទីសាធារណៈ។ ក្រសួងបរិស្ថាននឹងបន្តតាមដានស្ថានភាពគុណភាពខ្យល់ នៅតាមទីក្រុងធំៗ និងនៅក្នុងរាជធានីភ្នំពេញឱ្យបានជាប់ជាប្រចាំ និងធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាប ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង៕
ចែករំលែកព័តមាននេះ