រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកកដើម មួយគ្រឿងសង្ស័យអ្នកបើកងងុយដេកជ្រុលធ្លាក់ផ្លូវក្រឡាប់ច្រង៉ាង តែសំណាងល្អមិនមានមនុស្សរងគ្រោះ ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង២និង៤៥នាទី រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

អ្នកបើករថយន្តក្រោយពីកើតហេតុបានទៅបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់រថយន្តក្រឡាប់នេះ មិនមានសាក្សីបញ្ជាក់ ឬក៏ឃើញហេតុការណ៍ផ្ទាល់ឡើយ ។

តាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បើតាមស្លាកស្នាមនៅកន្លែងកើតហេតុ គឺរថយន្តដឹកទឹកកកខាងលើបើកបរមកពីលិចទៅកើត ដោយឃើញស្នាមអូសជាង៥០ម៉ែត្រ ។

មូលហេតុដែលបណ្តាលឲ្យក្រឡាប់នេះសមត្ថកិច្ចមានការសង្ស័យអ្នកបើកបរងងុយដេក ហើយជ្រុលធ្លាក់ផ្លូវ ។ រថយន្តដែលក្រឡាប់ខាងលើនេះម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-0934 អ្នកបើកបរគេចខ្លួនបាត់ ។ បន្ទាប់ពីក្រឡាប់ម្ចាស់ក៏បានទៅស្ទួចយកជួលជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ