រាជធានីភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ឬស្សីកែវចាប់វាយខ្នោះបន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំងអតីតប្រពន្ធវាយដំជាំពេញខ្លួន ហើយត្រូវបានកូនស្រី អាយុ១២ឆ្នាំ រត់មកប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ណារ៉េត ហៅអាប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាមនុស្សញៀនថ្នាំ ។ ចំណែកអតីតប្រពន្ធឈ្មោះ សោម សុផាន់ណា អាយុ ៣៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

តាមអតីតស្ត្រីជាប្រពន្ធឱ្យដឹងថា នាង និងប្តីកំហូចរបស់នាងបានរស់នៅជាមួយគ្នាមិនបានរៀបការតាំងពីឆ្នាំ២០០០ ដោយមានកូនស្រីម្នាក់ ប្រុសម្នាក់នៅក្នុងគ្រួសារ ប៉ុន្តែដោយសារឥទ្ធិពលថ្នាំញៀនប្តីនាងតែងអុកឡុកក្នុងគ្រួសារធ្វើបាបនាង និងកូនៗក៏ដូចជាម្តាយក្មេករបស់នាង ។ មិនតែប៉ុណ្ណោះធ្លាប់ឆក់ និងលួចទ្រព្យសម្បត្តិយកទៅលក់ខ្ទេចខ្ទីគ្មានសល់ ។

ស្ត្រីជាអតីតប្រពន្ធបានបន្តទៀតថា ដោយសារតែញៀនថ្នាំខ្លាំងពេកលែងស្គាល់ខុសត្រូវ ម្តាយក្មេករបស់នាងបានយកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនចំនួន៤កន្លែង និងធ្លាប់ជាប់គុកម្តងរយៈពេលជាង២ឆ្នាំ និងចេញមកវិញតែងតែវាយដំទាត់ធាក់ ទើបនាងទ្រាំលែងបានក៏លែងលះគ្នារយៈពេលជាង២ឆ្នាំមកហើយ តែប្តីនៅតែមករករឿង ។

តាមព័ត៌មានបន្តទៀតថា នៅពេលថ្មីៗនេះអតីតប្តីនាងបានមកអុកឡុក និងឆក់កាបូបរបស់នាងយកទៅបាត់ដែលមានប្រាក់សរុបជាង១ពាន់ដុល្លារ និងទូរសព្ទ័មួយគ្រឿងដល់ពេលចាយលុយអស់ក៏ត្រឡប់មកវិញរកលុយទៀតមិនបានក៏ចាប់នាងបង្ខាំងទុកវាយដំ ។

ស្ត្រីរងគ្រោះបានបន្ថែមថា នៅមុនពេលកើតហេតុអតីតប្តីនាងបានចាប់នាងបង្ខាំងក្នុងផ្ទះ និងយកប៊ិចភ្ជង់ចាក់បំពង់.ក និងចាក់គំត្រចៀករងរបួសស្រាល ដោយឃើញបែបនេះកូនស្រី អាយុ១២ឆ្នាំ រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវឱ្យទៅជួយអន្តរាគមន៍ចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ