រាជធានីភ្នំពញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានជិះម៉ូតូស៊េរីទំនើបឆ្នាំ២០១៨មួយគ្រឿងតែម្នាក់ឯងទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone X ពីស្ត្រីជនជាតិចិនម្នាក់ក្នុងចំណោម២នាក់មិនបានសម្រេច ហើយទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូរ៉ឺម៉កម៉ូតូកង់បី បណ្តាលឱ្យដួលបែកមុខបែកមាត់នោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៨ នៅខាងមុខការដ្ឋានសំណង់អគារខុនដូរមួយកន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ផល ផល្លា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
មុនពេលកើតហេតុ ស្ត្រីជនជាតិចិនម្នាក់ក្នុងចំណោម២នាក់ដែលកំពុងតែជិះលើរ៉ឺម៉កកង់បីបណ្តើរ និងថតរូបភាពបណ្តើរនោះ ក៏ស្រាប់តែយុវជនជាជនសង្ស័យខាងលើបានជិះម៉ូតូស៊េរីទំនើបម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ជិះមកក្បែរឆក់យកទូរស័ព្ទដៃម៉ាក IphoneX ពីស្ត្រីជនបរទេសនោះ ហើយក៏ភ្លាត់ស្នៀតទាក់ដៃចង្កូតដួលតែម្តង។
ភ្លាមៗនោះ ស្ត្រីជនជាតិចិនទាំងពីរនាក់ក៏នាំគ្នាស្រែកឹឆោឡោ ធ្វើឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅក្បែរនោះ ជួយអតន្តារគមន៍ និងចាប់បានតែម្តង។
ក្រោយពេលកើតហេតុ ស្ត្រីជាជនជាតិចិនទាំង២នាក់នោះ ក៏បានជិះម៉ូតូរ៉ឺម៉កកង់បីបន្តដំណើរទៅមុខទៀតបាត់ ដោយមិនបានដាក់ពាក្យបណ្តឹងឡើយ ចំណែកឯជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក IphoneX មិនបានសម្រេចនេះ ក៏ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត ៕

ចែករំលែកព័តមាននេះ