ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបើកបរបញ្ច្រាទិសគ្នា បណ្តាលមនុស្ស២នាក់ រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី៣ ខែ
ឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបី លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីនគបាលស្រុកលំផាត់បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង រវាងម៉ូតូបុកនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា(ពីត្បូងទៅជើង) បណ្តាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ដូចគ្នា ។ ប្រភពបន្តថា អ្នកបើកបរម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ថាន់ ម្យ៉ាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បើកបរម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BB- ២២១៦ បើកបរពីត្បូងទៅជើង មិនមានពាក់មួកសុវត្ថិភាពទេ និងម្នាក់ទៀតឈ្មោះ ឯក សុភ័ក្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AA-២៨៧៥ បើកបរពីជើងទៅត្បូង មិនមានពាក់មួកសុវត្ថិភាពទេ ។ ទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នអ្នករងរបួសទាំង២នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតាមរថយន្តឯកជន។ រីឯ ម៉ូតូត្រូវបានដកហូតបណ្ដោះអាសន្ន យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកាឡែងដើម្បីចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ