ខេត្តព្រៃវែង ៖ ប្រជាកសិករនៅខេត្តព្រៃវែងបានសម្ដែងក្ដីសប្បាយរីករាយ ដោយតម្លៃស្រូវប្រាំងឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំមុនៗ ហើយនៅចុងរដូវប្រមូលផលនេះ តម្លៃស្រូវកាន់តែហក់ឡើងថែមទៀត គឺក្នុង១គីឡូក្រាម១ពាន់រៀល ឬ១លានរៀលក្នុង១តោន ធ្វើឲ្យពួកគាត់កាន់តែមានទឹកចិត្តបង្កបង្កើនផលថែមទៀត។ ក្នុងនោះ ពួកគាត់ក៏សូមអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងទីផ្សារមួយនេះ ។
ប្រជាកសិករបានបន្តថា ៖« ទីផ្សារស្រូវពិតជាមានតម្រូវការខ្ពស់ពីវៀតណាម ហើយតម្លៃក៏កើនឡើងដែរ ដោយឈ្មួញវៀតណាមបានសម្រុកមកប្រមូលទិញដល់ស្រែតែម្ដង ក្នុងតម្លៃ៩០០រៀលក្នុង១គីឡូក្រាមសម្រាប់ស្រូវសើម និង១ពាន់រៀលក្នុង១គីឡូក្រាមសម្រាប់ស្រូវស្ងួត ដែលខុសប្លែកពីឆ្នាំមុនៗ បានត្រឹមតែ៨០០ ឬ៨៨០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម » ។
ពួកគាត់បញ្ជាក់ដូចគ្នាថា ៖« មានកត្តាធំៗ២ ដែលស្រូវរបស់យើងមានទីផ្សារ និងតម្លៃខ្ពស់បែបនេះ គឺទី១ មកពីការផ្គត់ផ្គង់មិនសូវសម្បូរ ខណៈដែលតម្រូវការទីផ្សារច្រើន និងទី២ មានការជួយគិតគូរពីរាជរដ្ឋាភិបាល ពិសេសសមត្ថកិច្ចខ្មែរ និងវៀតណាម នៅតាមច្រកព្រំដែន បានជួយបង្កលក្ខណៈងាយស្រួលដល់កសិករ និងក្រុមឈ្មួញ ក្នុងការឡើងមកប្រមូលទិញស្រូវពីកសិករ ក៏ដូចជាការទទួលទិញនៅមាត់ច្រកព្រំដែនផងដែរ » ។
យ៉ាងណាក៏ដោយ ខាងមន្ត្រីជំនាញកសិកម្មបានអះអាងថា ការជ្រើសរើសពេលវេលាឲ្យបានសមស្របក្នុងការបង្កបង្កើនផលស្រូវ ក៏ជាកត្តាសំខាន់មួយផងដែរ បើកសិករប្រមូលផលស្រូវចំពេលដែលស្រូវសម្បូរ តម្លៃស្រូវចុះថោក កសិករនឹងមិនសូវបានចំណេញទេ ប៉ុន្តែបើប្រមូលផលចំពេលដែលស្រូវមិនសូវសម្បូរ ស្រូវមានតម្លៃខ្ពស់ ប្រាក់ចំណេញក៏បានច្រើនទៅតាមនោះដែរ ៕
ចែករំលែកព័តមាននេះ