ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ចរន្ដ​ថវិកាជាតិ​កើនឡើង​ដល់​ជាង​៤,៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ចំណូល​ចរន្ត​ថវិកាជាតិ​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ (២០១៣-២០១៨) បាន​កើន​ពី​២.២៦៤​លាន​ដុល្លារ ដល់​ចំនួន​ជាង​៤.៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ចំណូល​ចរន្ត​ថវិកាជាតិ​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ (២០១៣-២០១៨) បាន​កើន​ពី​២.២៦៤​លាន​ដុល្លារ ដល់​ចំនួន​ជាង​៤.៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប និង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា ជា​លទ្ធផល ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់ពី​ឆ្នាំ​២០១៣-២០១៨ ចំណូល​ចរន្ត​ថវិការដ្ឋ បាន​កើនឡើង​ជាង​២​ដង មាន​ប្រមាណ​២.២៦៤​លាន​ដុល្លារ ដល់​ប្រមាណ​៤.៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​កើនឡើង​នៃ​ទំហំ​ចំណូល​នេះ បាន​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន ដោយ​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​ចំណាយ​យ៉ាងច្រើន​ទៅ​លើ​ការ​លើកកម្ពស់​គុណភាព និង​ការ​ពង្រីក​វិសាលភាព​នៃ​សេវា​សាធារណៈ ទាំង​តាម​រយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា កម្មវិធី​កែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ​២០០៤ ក្នុង​គោលដៅ​ផ្លាស់​ប្តូរ «​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្តោត​លើ​ធាតុ​ចូល និង​មជ្ឈការ​» ទៅ​ជា «​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្តោត​លើ​ធាតុ​ចេញ និង​វិមជ្ឈការ​» ស្រប​តាម​ការ​លា​នុ​វត្ត​ន៍​ជា​អន្តរជាតិ ហើយ​កម្មវិធី​កែទម្រង់​នេះ ត្រូវ​បាន​ដាក់​ចេញ​ដោយ​រចនា​តាម​អភិក្រម​ជា​ខឿន​ចំនួន​៤ និង​ត្រូវ​បាន​រៀបចំ​អនុវត្ត​ជា​៤​ដំណាក់កាល​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម​៧,៦% ចាប់ពី​ឆ្នាំ​១៩៩៤-២០១៥ គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៦​នៅ​លើ​ពិភពលោក ហើយ​កម្រិត​អត្រា​ភាព​ក្រីក្រ​ធ្លាក់​ចុះ​ពី​៤៧,៨%​ក្នុង​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម​១៣,៥%​ក្នុង​ឆ្នាំ​២០១៤ និង​ទទួល​បាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ផង​ដែរ ។

ឯកអគ្គរដ្ឋទូត​នៃ​ស្ថាន​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar​បាន​ថ្លែង​ថា ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព បច្ចុប្បន្ន​នេះ សហភាព​អឺរ៉ុប​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​តាម​រយៈ​ធនាគារពិភពលោក លើ​គម្រោងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​ប្រទេស​ជា​ដៃគូ​មួយ​ចំនួន រួម​មាន កម្ពុជា​, ឡាវ​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ហ្វ៊ី​លី​ពី​ន​, ម៉ុង​ហ្គោ​លី​, ទី​ម័​រ​ខាងកើត​, វៀតណាម និង​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែមេសា​កន្លង​មកនេះ បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​កែទម្រង់​ហិរញ្ញវត្ថុ​ជំហាន​ទី​២ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការ​ចំណាយ​ថវិកា​របស់​ជាតិ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ