រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាសិស្សសាលាបានលួងលោមក្មេងស្រីអាយុ១៤ឆ្នាំឲ្យរត់ចេញពីផ្ទះបាត់អស់៩ថ្ងៃទៅដេកផ្ទះសំណាក់ជាមួយគ្នា ត្រូវម្តាយតាមរកឃើញក៏ប្តឹងសមត្ថកិច្ច ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង1និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ឧសភា នៅចំណុចផ្ទះសំណាក់ថៃនួន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ ចំណែកជនសង្ស័យឈ្មោះឈុំ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

តាមប្រភពពីម្តាយជនរងគ្រោះឱ្យដឹងថា កូនស្រីគាត់រត់ចេញពីផ្ទះតាំងពីថ្ងៃទី២៧ មេសា ជាមួយសង្សារ និងមិត្តភក្តិអស់៩ថ្ងៃហើយ រាល់ថ្ងៃគាត់ដើររកកូនស្រីតាមក្លិបជាមួយប្អូនប្រុស លុះនៅថ្ងៃកើតហេតុគាត់ប្រើប្អូនប្រុសទូរស័ព្ទទៅកូនស្រីដោយនិយាយថា គាត់ពិបាកចិត្តចង់ចេញក្រៅដើរលេង ទើបកូនស្រីគាត់ជិះម៉ូតូរបស់ជនសង្ស័យម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GY5983 មកយកគាត់។ ក្រោយមកគាត់ក៏តាមដានកូនស្រីដល់ផ្ទះសំណាក់ ស្រាប់តែឃើញកូនស្រីនៅជាមួយយុវជនខាងលើតែពីរនាក់ ក៏ចាប់ប្រគល់ទៅឱ្យសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចសួរនាំទៅជនសង្ស័យ តែជនសង្ស័យមិនព្រមឆ្លើយសារភាពទេ គ្រាន់តែនិយាយថា ជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏ដោយម្តាយខាងស្រីដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ