តើអ្នកកំពុងតែមានគម្រោងយកកូននាពេលឆាប់ៗនេះមែនទេ? បើសិនជាអ្នកគិតថា វាងាយស្រួលសម្រាប់បង្កើនគ្រួសារបែបនេះមែន ចូរគិតម្តងទៀតទៅ ។ សម្រាប់ស្ត្រីភាគច្រើន វាអាចជាការពិបាកពិតប្រាកដមែនក្នុងការមានផ្ទៃពោះ ។ វាមានហេតុផលច្រើនណាស់ដែលធ្វើឲ្យលទ្ធភាពមានកូនរបស់មនុស្សស្រីរងការប៉ះពាល់ ។
ខាងក្រោមនេះគឺជាទម្លាប់អាក្រក់មួយចំនួនដែលត្រូវបានគេគិតថា ផ្តល់ហានិភ័យដល់សមត្ថភាពមានកូនរបស់មនុស្សស្រី៖
ជក់បារី
មនុស្សគ្រប់គ្នាដឹងថា ការជក់បារីអាចបង្កឲ្យមានបញ្ហាយ៉ាងច្រើន ។ តើអ្នកមានដឹងថា ទម្លាប់នេះនឹងធ្វើឲ្យអ្នកមានការពិបាកខ្លាំងបំផុតក្នុងការមានកូនដែរទេ ? គ្រូពេទ្យនិយាយថា ការជក់បារីអាចបំផ្លាញសុខភាពបានយ៉ាងច្រើនរបៀប ចាប់ពីបំផ្លាញមេជីវិតញី រហូតដល់បង្កើនការប្រឈមការរលូតកូនថែមទៀត ។ បើសិនជាអ្នកចង់មានផ្ទៃពោះប្រកបដោយសុខភាពល្អ ចូរផ្តាច់បារីឲ្យបានលឿនតាមតែអាចធ្វើទៅបានសិន។
ញ៉ាំគ្រឿងស្រវឹងច្រើន
ការសិក្សាបានបង្ហាញថាស្ត្រីដែលញ៉ាំគ្រឿងស្រវឹងចាប់ពី៣ដងឡើងទៅក្នុងមួយសប្តាហ៍គឺពិបាកក្នុងការមានផ្ទៃពោះជាងស្ត្រីដែលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ។
បើសិនជាអ្នកមិនអាចអត់គ្រឿងស្រវឹងបាន ចូរប្រាកដថា អ្នកញ៉ាំក្នុងកម្រិតមធ្យម ។ តែបើសិនជាអ្នកមិនអាចរង់ចាំការមានកូនបានទេ ចូរឈប់ចូលរួមពិធីបង់គេរាល់យប់ និងញ៉ាំគ្រឿងស្រវឹង ច្រើនៗទៀតទៅ ។
គេងមិនបានគ្រប់គ្រាន់
ការនិយាយអំពីចូលរួមពិធីជប់លៀងរាល់យប់ គឺជាអ្វីដែលអ្នកគួរតែឈប់ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានបើសិនជាអ្នកចង់មានផ្ទៃពោះហើយនោះ ។ អ្នកជំនាញនិយាយថា ការគេងមិនបានគ្រប់នៅពេលយប់ក៏អាចរំខានដល់លទ្ធភាពនៃការមានកូនរបស់អ្នកបានដែរ ។ មានហេតុផលរឹងមាំមួយដែលទ្រទ្រង់ដល់ការគេងមិនគ្រប់នាំឲ្យពិបាកមានកូន ។ ទីមួយវាធ្វើឲ្យរដូវមកមិនទៀង ។ ទីពីរ ធ្វើឲ្យអតុល្យភាពអ៊័រម៉ូន ។ ទីបីកង្វះការគេងនាំឲ្យធាត់ជ្រុល ដែលជាបញ្ហាមួយរំខានដល់ភាពមានកូនរបស់ស្ត្រី ។
ហាត់ប្រាណច្រើនពេក
វាមិនមែនជាអាថ៌កំបាំងទៀតឡើយដែលថា ការហាត់ប្រាណទៀងទាត់គឺជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការទប់ស្កាត់ភាពធាត់ជ្រុល ប៉ុន្តែការដែលហាត់ប្រាណច្រើនជ្រុលពេក វានឹងធ្វើឲ្យពិបាកមានផ្ទៃពោះវិញ ។ សម្រាប់អ្នកកីឡាអត្តពលកម្មភាគច្រើនវិញ មិនថាប្រុស ឬស្រីទេ គឺពិបាកមានកូនទាំងអស ់។ ដូច្នេះបើសិនជាអ្នកចង់មានកូន យកល្អគួរតែកុំខំហាត់ប្រាណយករាងខ្លាំងពេកអ ី។ ចូរចាំថា ការដែលធ្វើជ្រុលពេកមិនមែនជារឿងល្អឡើយ។
មានទម្លាប់ញ៉ាំអាហារមិនល្អ
វាជារឿងល្អបំផុតក្នុងការហាត់ប្រាណទៀងទាត់ជាមួយនឹងទម្លាប់ញ៉ាំអាហារផ្តល់សុខភាពដើម្បីមានរាងសមសួន និងសុខភាពល្អ ។ បើសិនបំណងអ្នកគឺជាការមានផ្ទៃពោះ ដូច្នេះចូរចាប់ផ្តើមពិនិត្យអ្វីដែលខ្លួនញ៉ាំផង។ អ្នកជំនាញជាច្រើននិយាយថា ការញ៉ាំអាហារមិនល្អអាចងាយនឹងធាត់ជ្រុល ហើយក៏ស្គមបានដែរ វាទាំងពីរនេះសុទ្ធតែអាចរំខានដល់លទ្ធភាពនៃការមានផ្ទៃពោះបានទាំងអស់ ។ បើសិនជាអ្នកចូលចិត្តញ៉ាំរបស់ផ្អែម វាគឺជារឿងដែលអ្នកត្រូវលះបង់សិនហើយ ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ