ខេត្តប៉ៃលិន ៖ ពលករខ្មែរទៅធ្វើការនៅក្រុងបាងកក ប្រទេសថៃ បានទាស់សំដីគ្នាក្នុងវង់ផឹកស៊ីក៏ឈានដល់ការកាប់ចាក់សម្លាប់គ្នាយ៉ាងសាហាវ បណ្តាលឲ្យស្លាប់ម្នាក់ ចំណែកជនបង្ករត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចសង្ស័យប្រហែលគេចខ្លួនមកស្រុកខ្មែរវិញ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ឧសភា នៅចំណុចបន្ទប់លេខ១៣ ក្នុងអាផាតមែន ( Apartment ) លេខ៧៨០/២២១ ស្ថិតក្នុងភូមិឡាតប្រាធីវ ស្រុកឡាតក្រាបាំង ក្រុងបាងកក ។
តាមសមត្ថកិច្ចច្រកទ្វារព្រំដែនបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ចេង រ៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាពលករចំណាកស្រុក រស់នៅក្នុងខេត្តកំពង់ឆ្នាំង ។ ចំណែកជនបង្កឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករចំណាកស្រុកដូចគ្នា ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យកាប់ចាក់ខាងលើនេះ គឺមកពីការទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ីនៅចំណុចកើតហេតុខាងលើ ស្រាប់តែជនបង្កយកដែកស្រួចប្រវែង៣២.៥សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះ២ដងចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កក៏រត់គេចខ្លួនបាត់ ហើយខាងសម្ថកិច្ចថៃសង្ស័យថា ជនបង្ករត់មកដល់ប្រទេសខ្មែរវិញតាមច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ឬច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ហើយសមត្ថកិច្ចថៃបានទាក់ទងមកខាងសមត្ថកិច្ចច្រកទ្វារ និងនគរបាលស្រុកសាលាក្រៅ ដើម្បីឱ្យសហការគ្នាសែ្វងរកចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ