ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន នឹង​រៀបចំ​វេទិកា​ទេសចរណ៍​ដ៏កក្រើក​នៅ​ពាក់កណ្ដាលខែ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ខាង​មុខ​នេះ កម្ពុជា​-​ចិន នឹង​រៀបចំ​វេទិកា​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​ដែល​មិន​ធ្លាប់​មាន​ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ខាង​មុខ​នេះ កម្ពុជា​-​ចិន នឹង​រៀបចំ​វេទិកា​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​ដែល​មិន​ធ្លាប់​មាន​ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស ។

ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្នុង​ការ​រៀបចំ​វេទិកា​ទេសចរណ៍​ដ៏​ធំ​នេះ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ព្រ​លាន​យន្តហោះ និង​ដៃគូ​ឯកជន​ពាក់ព័ន្ធ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ដើម្បី​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ​វេទិកា​នេះ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​កិច្ចប្រជុំ​ថា ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​គ្នា​លើ​ចំណុច​គោល​ធំ​ៗ​មួយ​ចំនួន​រួម​មាន ការ​ប្រមើល​មើល​ពី​និន្នាការ​របស់​ភ្ញៀវ​ទេសចរ ពិសេស​ទេសចរ​ចិន ខណៈ​ចំនួន​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា ពិតជា​មាន​កំណើន​ឆាប់រហ័ស​ណាស់ ដោយនៅ​ឆ្នាំ​២០១៧ មាន​ចំនួន​១,២​លាន​នាក់ កើនឡើង​ជាង​៣០% (​ក្នុង​ចំណោម​ទេសចរ​អន្តរជាតិ​ជាង​៥,៦​លាន​នាក់​) ។
លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា បើ​តាម​ការ​ព្យាករ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា អាច​ឡើង​ដល់​ប្រមាណ​១,៨​លាន​នាក់ ឬ​ជិត​២​លាន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ ។

លោក​អះអាង​ថា ៖« ទេសចរ​ចិន​កំពុង​បន្ត​កើនឡើង​ថែម​ទៀត​ក្នុងអំឡុងពេល​ត្រីមាស​ទី​១​ឆ្នាំ​នេះ គឺ​មាន​ចំនួន​ជិត​៥០​ម៉ឺន​នាក់​ក្នុង​កំណើន​ជាង​៨០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧ ក្នុង​ចំណោម​ទេសចរ​អន្តរជាតិ​ជាង ១,៦​លាន​នាក់ កើនឡើង​ជាង​១១% » ។
លោក​បន្ដ​ថា ៖« អ្វី​ដែល​យើង​ត្រៀម​ទុកជា​មុន​នោះ គឺ​ការ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ការ​សម្រួល​មធ្យោបាយ​ដឹក​ជញ្ជូន​ភ្ញៀវ ការ​ទទួល​បដិសណ្ឋារកិច្ច​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​កន្លែង​ស្នាក់​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា ជាដើម ។ ក្នុង​នោះ ក៏​មានការ​អនុវត្ត​នូវ​គោលការណ៍ «China Ready» ការ​ប្រើប្រាស់​ភាសា​ចិន ធ្វើ​យ៉ាងណា ឲ្យ​ទេសចរ​ចិន​ទទួល​បាន​ភាព​រីករាយ ទទួល​បាន​ព័ត៌មាន​នានា​ប្រកបដោយ​ភាព​កក់ក្ដៅ​ផង​ដែរ » ។

លោក​បន្ថែម​ថា ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ក៏​យើង​ត្រូវ​ត្រៀម​រៀបចំ​ផង​ដែរ ដូច​ជា ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការ​បំភ្លឺ​មន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​វត្តមាន​ទេសចរ​ចិន​ច្រើន​នៅ​កម្ពុជា ។ សំខាន់​គឺ​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​ចាប់​យក​កាលានុវត្តភាព​ពី​ការ​ចេញ​ទស្សនា​ក្រៅប្រទេស​របស់​ទេសចរ​ចិន ដែល​អាច​មាន​រហូត​ដល់​ទៅ​ជាង​២០០​លាន​នាក់ នៅ​ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​នេះ គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាស៊ី អី​រ៉ុ​ប អា​មេ​រិ​ក បាន​និង​កំពុង​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ ។
ទាក់ទង​នឹង​វេទិកា​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មើលឃើញ​ថា វេទិកា​នេះ​គឺជា​ការ​ផ្សព្វផ្សាយ​មួយ​ដ៏​សំខាន់​មួយ​ទាំង​ទីផ្សារ​ទេសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​ក៏​ជា​ការ​ពង្រីក​សក្តានុពល​ទីផ្សារ​ទេសចរណ៍​របស់​កម្ពុជា​បន្ថែម​ទៀត​ដែរ ។

ថ្លែង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១ ឧសភា ម្សិលមិញ លោក ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​ថា ៖« កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ ដែល​នឹង​នាំ​ជោគ​លាភ​បន្ថែម​ទៀត​ដល់​កម្ពុជា ព្រោះថា ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា នឹង​បង្កើត​ប្រាក់​ចំណូល​ដល់ទី​នោះ » ។

វេទិកា​ទេសចរណ៍​ដ៏​ធំ​ខាង​មុខ​នេះ ក៏​ជា​វេទិកា​កំពូល​មួយ​លើក​ដំបូង​ផង​ដែរ ដែល​នឹង​ប្រមូលផ្ដុំ​ដោយ​ថ្នាក់ដឹកនាំ​នយោបាយ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អ្នកបច្ចេកទេស អ្នក​មានបទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​មិន​ត្រឹមតែ​ជា​វេទិកា​ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ផង​ដែរ ។ នេះ​បើ​តាម​លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ