ខេត្តប៉ៃលិន ៖ រហូតមកដល់បច្ចុប្បន្ននេះ ការប្រកបរបរជីកដីរែងរករ៉ែត្បូង មិនមែនជាការងារដែលងាយស្រួលនោះទេ ពោលគឺត្រូវតស៊ូព្យាយាមអត់ធ្មត់បំផុត ព្រោះកំទេចត្បូងទាំងនោះជាវត្ថុដ៏កម្រ ហើយបើរកបានម្តងៗប៉ះចំត្រូវប៉ាន់នោះលក់បានប្រាក់ច្រើនសម្រាប់ចិញ្ចឹមជីវិតក្រុមគ្រួសារផងដែរ ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ កៅ អាន អាយុ៤៩ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា គាត់គ្មានដីស្រែចំការធ្វើនឹងគេទេ ពីមួយថ្ងៃទៅមួយថ្ងៃមានតែយកចបជីក ដែកស្បែង និងកញ្ច្រែងទៅអង្គុយជីកដីរែងត្បូងនៅក្បែរមាត់ស្ទឹងបរយ៉ាខាប៉ុណ្ណោះ ហើយ១ថ្ងៃៗគាត់ក៏បានកំទេចរ៉ែត្បូងជាច្រើនដែរ ដូចជាត្បូងកណ្តៀង (ពណ៌ខៀវ) ត្បូងទទឹម (ពណ៌ក្រហម) ហើយជួនកាលគាត់លក់ឱ្យឈ្មួញចូលទៅទិញដល់កន្លែងរកត្បូងបានប្រាក់ក្នុង១ថ្ងៃ១០ម៉ឺនទៅ២០ម៉ឺនរៀលដែរ តែបើប៉ះចំត្បូងល្អ អាចលក់បាន២០០ទៅ៣០០ដុល្លារផងដែរ ។ ហើយរហូតមកដល់ឥឡូវនេះ គាត់រកបានកំទេចត្បូងជាច្រើន ហើយក៏បានច្នៃដាំនឹងចិញ្ចៀនពាក់សម្រាប់ខ្លួន និងច្នៃទុកលក់ឱ្យឈ្មួញខ្មែរ និងឈ្មួញបរទេសចូលមកទិញម្តងម្កាលដែរ។

គាត់បញ្ជាក់ថា ការរុករករ៉ែត្បូងបច្ចុប្បន្ន ពិតជាលំបាកខ្លាំង ព្រោះធ្វើបានតែនៅតាមមាត់ស្ទឹងប៉ុណ្ណោះ មិនអាចជីកកកាយនៅលើដីរបស់គេបានឡើយ ដោយនៅច្រាំងស្ទឹងបរយ៉ាខាគ្រប់កន្លែង ត្រូវបានគេជីករាវរកអស់រលីងទៅហើយ ដោយគាត់ខំប្រឹងជីករកក្រោយគេ ដែលនៅសេសសល់តិចតួចប៉ុណ្ណោះ ។
លើសពីនេះ រហូតមកដល់សព្វថ្ងៃ មុខរបររែងរករ៉ែត្បូង ស្ទើរត្រូវតេប្រជាពលរដ្ឋក្នុងខេត្តនេះ បោះបង់ចោល អស់រលីងទៅហើយ ពោលគឺនៅសល់រាយៗ ដោយកន្លែងណាមានគេធ្វើបានច្រើន ក៏បន្តនាំគ្នាទៅជីកកកាយរែងរកទាំងការផ្សងព្រេង ចំណែកគាត់វិញ បើទោះបីជាអាកាសធាតុក្តៅ ឬរងារយ៉ាងណា ក៏នៅតែខិតខំប្រឹងប្រែងមិនហ៊ានឈប់សម្រាកនោះទេ ទាល់តែភ្លៀងខ្លាំងមិនអាចជីកកកាយដីកើតក៏សម្រាក១ថ្ងៃ២ថ្ងៃ នាំកូនបន្តដំណើរទៀត ៕

ចែករំលែកព័តមាននេះ