រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មេសា បានលើកយកសំណុំរឿងជនជាប់ចោទម្នាក់ ដែលដកកាំភ្លើងបាញ់៤គ្រាប់បំបែកកញ្ចក់មុខរថយន្ត ដោយសារខឹងប្រពន្ធមិនចេញពីក្នុងក្លិប ។ ក្នុងសំណុំរឿងនេះ លោក ប៊ុន ធី ចៅក្រមជំនុំជម្រះសម្រេចប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលជាតិដាក់ពន្ធនាគារ១ឆ្នាំ តែតម្រូវឱ្យអនុវត្តក្នុងពន្ធនាគារ៦ខែ១៥ថ្ងៃ ឯទោសសល់ប៉ុន្មានព្យួរទាំងអស់ ។
ជនឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាអតីតមន្ត្រីនគរបាលជាតិ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាប់ចោទពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ដកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅមុខសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
គួររំឭកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ជនជាប់ចោទខាងលើបានបើករថយន្តទំនើបម៉ាកឡិចស៊ីសLS៤៥០ ពណ៌ខ្មៅ ដល់កែងផ្លូវលេខ៧៥និងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ដកកាំភ្លើងបាញ់៤គ្រាប់ទម្លាយកញ្ចក់មុខរថយន្ត បង្កឲ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗនោះ ជនជាប់ចោទបានត្រូវកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន រួចប្រគល់បន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
បន្ទាប់មក ជនជាប់ចោទត្រូវបានកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី និងបានឃុំខ្លួនក្នុងពន្ធនាគារជាច្រើនខែ រហូតដល់ថ្ងៃបើកសវនាការផ្តន្ទាទោសនេះ ៕
ចែករំលែកព័តមាននេះ