រាជធានីភ្នំពេញ ៖ ជនម្នាក់ក្នុងចំណោម៣នាក់ បានត្រូវអ្នកភូមិឃើញនៅលើដំបូលផ្ទះ ស្ថិតនៅតាមផ្លូវលំ ខាងក្រោយវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ធ្វើឲ្យសង្ស័យថាប៉ុនប៉ងចូលលួច និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ជ្រោយចង្វា កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ។ ជននេះឈ្មោះ រ័ត្ន វូច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា គេឃើញជន៣នាក់ឡើងលើដំបូលផ្ទះរបស់អ្នកភូមិនៅក្រោយវត្តចាស់ ដែលសង្ស័យចូលលួចយកទ្រព្យសម្បត្តិ តែដោយអ្នកភូមិឃើញទាន់ ក៏ស្រែកឆោឡោឡើងថា ចោរៗ ទើបជន២នាក់ ក្នុងចំណោមនេះបានរត់គេចខ្លួនបាត់ នៅសល់តែជនម្នាក់ខាងលើ មិនដឹងរត់ទៅណា ក៏នៅអង្គុយលើដំបូលផ្ទះ រហូតសមត្ថកិច្ចមកចាប់ខ្លួន ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺពេលនោះ អ្នកភូមិលើកគ្នាកាន់កន្លែងកើតហេតុ ដោយនៅដៃមានកាន់ដំបងនិងដុំថ្មចាំវាយ ទើបជននេះមិនហ៊ានចុះ ។ លុះពេលនគរបាលប៉ុស្តិ៍ជ្រោយចង្វាមកដល់ ក៏បានលួងលោមអស់រយៈពេលជិត១ម៉ោង ទើបជននេះព្រមឱ្យសមត្ថកិច្ចឃាត់ខ្លួន ហើយអ្នកភូមិក៏បានផ្ទុះហិង្សាវាយជនសង្ស័យម្នាក់មួយដៃម្នាក់មួយជើង តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ។ ក្រោយពីត្រូវចាប់ឃាត់ខ្លួន ជននេះឆ្លើយថា
ខ្លួនទើបតែមកពីខេត្តព្រៃវែង គោលបំណងទៅមើលបងស្រីមានគ្រោះថ្នាក់ចរាចរណ៍ ។ ខណៈមកដល់ចំណុច ខាងលើ ដោយសារអ្នកភូមិយល់ច្រឡំស្មានថា គាត់ជាមុខសញ្ញាគាស់ផ្ទះ ទើបគាត់ភ័យខ្លាចគេវាយក៏រត់ឡើងលើដំបូលផ្ទះគេតែម្តងទៅ ។

ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ។

ចែករំលែកព័តមាននេះ