ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​រដ្ឋសភា​២០១៨ កាន់តែ​កៀក​តើ​បក្ស​ណា​មាន​សន្លឹក​បៀរ​ប្រកួត​ជាមួយ​CPP ដណ្តើម​អាសនៈ​សភា​១២៥ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដំបូង​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​មាន​គណបក្ស​នយោបាយ​ចំនួន​២​បាន​ដាក់​ពាក្យសុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ឈ្មោះ​សម្រាប់​២៥​មណ្ឌល និង​គណបក្ស​ទី​២ គឺ​គណបក្ស​យុវជន​កម្ពុជា​លើ​១៧​មណ្ឌល ។ នេះ​បើ​យោង​តាម​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដំបូង​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​មាន​គណបក្ស​នយោបាយ​ចំនួន​២​បាន​ដាក់​ពាក្យសុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ឈ្មោះ​សម្រាប់​២៥​មណ្ឌល និង​គណបក្ស​ទី​២ គឺ​គណបក្ស​យុវជន​កម្ពុជា​លើ​១៧​មណ្ឌល ។

នេះ​បើ​យោង​តាម​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ (​គ​.​ជ​.​ប​) ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ទី​០១ នៃ​ការ​ទទួល​ពាក្យ​ពី​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ យ៉ាងណាមិញ សម្រាប់​គណបក្ស​នយោបាយ​ប្រមាណ​ជាង​៣០​បក្ស​ទាំង​ចាស់ និង​បង្កើត​ថ្មី និង​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ បើ​ក្រ​ឡែក​មើល​កម្លាំង​វិញ​ហាក់​នៅ​ចាញ់​ប្រៀប​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្ងាយ​ណាស់​ទាំង​ចំនួន​មណ្ឌល​ដែល​ឈរឈ្មោះ​ប្រកួតប្រជែង និង​ធនធានមនុស្ស​ក៏​ដូច​ជា ប្រវត្តិ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​រៀបរាប់​អំពី​ភាព​ខ្លាំង​របស់​គណបក្សកាន់អំណាច​មួយ​នេះ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយ​អះអាង​ថា សន្លឹក​បៀរ​សម្រាប់​លេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់ ។

លោក​សុខ ឥ​សាន​បាន​សរសេរ​ថា ៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន​សន្លឹក​បៀរ​អាត់​បួន សម្រាប់​លេង​ជាមួយ​បណ្តា​គណបក្ស​នយោបាយ​ផ្សេង​ៗ​ដែល​មាន​អត្ថ​ភាព​នៅ​កម្ពុជា [​ដូច​ជា​] – អាត់​ទី​១ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មានគុណ​សម្បត្តិ​ក្នុង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត រំដោះប្រជាជន​ឲ្យ​រួច​ផុត​ពី​ការ​កាប់សម្លាប់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត បាន​ទាន់​ពេលវេលា​តាម​ការ​អំពាវនាវ​របស់​ប្រជាជន ។ – អាត់ ទី​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​នយោបាយ​បង្រួម​បង្រួម​ជាតិ​ឈាន​ដល់​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ បើកផ្លូវ​ឲ្យ​អ៊ុ​នតា​ក់រៀប​ចំការ​បោះ​ឆ្នោត​ឆ្នាំ​៩៣ បង្កើត​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រើប្រាស់​ដល់​សព្វថ្ងៃ ។ – អាត់ ទី​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នយោបាយ​ឈ្នះ -​ឈ្នះ ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំងស្រុង នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។ – អាត់​ទី​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​សង្គម​កម្ពុជា​តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅ​រក​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ថែម​ថា សន្លឹក​បៀរ​អាត់​ទាំង​បួន​នេះ គឺជា​ស្នាដៃ​និង​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​យក​ទៅ​ប្រកួតប្រជែង​ជាមួយ គណបក្ស​នយោបាយ​នានា​ដែល​បាន​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា ខែកក្កដា​ខាង​មុខ​នេះ ។ លោក​សុខ ឥ​សាន​ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ផ្តល់​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ដើម្បី​គណបក្ស​បន្ត​បេស​សក​កម្ម​ដឹកនាំ​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ស្រប​តាម​បំណងប្រាថ្នា​របស់​បងប្អូន​ជា​ម្ចាស់​ឆ្នោត ។

សម្រាប់​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដែល​មាន លោក​លន់ ឫទ្ធិ កូនប្រុស​អតីត​ប្រធានាធិបតី​លន់ ណុ​ល ជា​ប្រធាន​ឯណោះ​វិញ គឺ​បាន​ប្រកាស​ដាក់​បេក្ខភាព​ចូលរួម​បោះ​ឆ្នោត​យ៉ាងតិច​៥​ខេត្ត​-​ក្រុង សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ ។ ចំណែកឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) កាលពី​ថ្ងៃ​ទី​៣០ ខែមេសា បើ​ទោះបីជា​មិន​ទាន់​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជាមួយ (​គ​.​ជ​.​ប​) ផង​បាន​គម្រាម​ថា គណបក្ស​មួយ​នេះ​អាច​នឹង​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត ប្រ​សិន​លក្ខខណ្ឌ​មួយ​ចំនួន​មិន​ត្រូវ​បាន​បំពេញ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា គណបក្ស​មួយ​នេះ​កំពុង​ត្រៀម​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ ។ តែ (​គ​.​ប​.​ម​) អាច​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត​វិញ​ដែរ ដោយ​អះអាង​ថា ការ​ដកខ្លួន​ចេញ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​មិន​ត្រូវ​បាន​បំពេញ ទី​១ – គ្មាន​ការ​រំខាន​ក្នុង​ការ​ធ្វើ​សកម្មភាព​ដូច​ជា​ការ​លើក​ស្លាក ការ​ជួបជុំ​សមាជិក​និង​អ្នកគាំទ្រ ។ ទី​២- មិន​មានការ​គម្រាមកំហែង​ក្រោម​រូបភាព​ផ្សេង​ៗ​ដល់​បេក្ខជន សកម្មជន និង​អ្នកគាំទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ