ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទទួល​បាន វិនិយោគិន និង​ទេសចរចិន​កាន់តែ​ច្រើន​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រំពឹង​ថា តាម​រយៈ​វេទិកា​សេដ្ឋកិច្ច ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​របស់​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រំពឹង​ថា តាម​រយៈ​វេទិកា​សេដ្ឋកិច្ច ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​របស់​ប្រទេស​ចិន មក​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

ថ្លែង​នា​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នៅ​ក្នុង​វេទិកា​នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​លើក​ឡើង​ថា អ្នក​វិនិយោគ​ចិន និង​ហុងកុង នឹង​ទទួល​បាន​ព័ត៌មាន​ពី​សក្តានុពល និង​អា​ចរក​ដៃគូ​ក្នុងស្រុក ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន ដែល​ទាក់ទង​នឹង​ក្របខ័ណ្ឌ « គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» ដែល​អាច​ហុច​ឱកាស​ដ៏​ល្អ​សម្រាប់​អនាគត ។

លោក​ជំទាវ​ថ្លែង​ថា ៖« វេទិកា​នេះ​ជា​គំនិត​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិ​ង​ពី​ន កាលពី​ឆ្នាំ​២០១៣ ដែល​បាន​ក្លាយជា​គម្រោង​មួយ​ដ៏​ធំ និង​មាន​សក្តានុពល​ដើម្បី​ជំរុញ និង​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី កា​រត​ភ្ជាប់ និង​ឱកាស​ធុរកិច្ច​ជាមួយ​ប្រទេស​ចិន ដែល​ឆ្លងកាត់​ប្រទេស​ជាង​៦០​ក្នុង​ទ្វីបអាស៊ី អឺរ៉ុប មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក » ។

លោក​ជំទាវ​បន្ដ​ថា ៖« គម្រោង​នេះ​នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​កា​រត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ និង​អន្តរទ្វីប និង​ជំរុញ​ការ​អភិវឌ្ឍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ជា​ពិសេស​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹក​ជញ្ជូន ទេសចរណ៍ និង​វិនិយោគ​។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​នឹង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់​ទំ​ងរ​វាង​ស្ថាប័ន​និង​ស្ថាប័ន រវាង​ប្រជាជន​និង​ប្រជាជន​ក្នុង​តំបន់ និង​ពិភពលោក » ។
លោក​ជំទាវ​បន្ថែម​ថា តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ និង​មធ្យោបាយ​ផ្សេង​ៗ ជា​ពិសេស​មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី (Asian Infrastructure Investment Bank, AIIB) គម្រោង​ដ៏​ធំ​នោះ​ពិតជា​ទទួល​បាន​ជោគជ័យ និង​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​ក្នុង​ពេល​អនាគត ។

បច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​របស់​គណបក្ស​កុំ​មុ​យ​និ​ស្ត​ចិន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កំពុង​ឈាន​ចូល​ទៅ​ក្នុង​សម័យ​ថ្មី​នៃ​ឧស្សាហូបនីយកម្ម និង​ទំនើបភាវូបនីយកម្ម ប្រកបដោយ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ប្រទេស​ចិន​កាន់តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ពិភពលោក តាម​រយៈ​ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​ដល់​ប្រទេស​ក្រីក្រ ជំរុញ​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ព្រមទាំង​ពង្រឹង និង​ថែរក្សា​សន្តិសុខ និង​សន្តិភាព​ក្នុង​ពិភពលោក ។ កម្ពុជា និង​ចិន ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​រាប់អាន​គ្នា​អស់​កាល​ដ៏​យូរយារ​មក​ហើយ ។

លោក​ជំទាវ​គូសបញ្ជាក់​ថា ៖« បច្ចុប្បន្ន រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​លើ​គ្រប់​វិស័យ និង​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កំពូល​ជា​ប្រចាំ ។ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​ចិន​តែ​មួយ​» ចំណែក​ចិន​ក៏​តែងតែ​គាំទ្រ និង​គោរព​នូវ​ឯករាជ្យ​ភាព​របស់​កម្ពុជា ។ ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ​ឥត​សំណង​ធំ​ជាងគេ​របស់​កម្ពុជា និង​ជា​ប្រភព​ទេសចរ និង​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ » ។
លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា គម្រោង « គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ វិ​ថី​មួយ » បាន​អនុវត្ត និង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​នៅ​កម្ពុជា​ជា​បណ្តើរ​ៗ ប្រកបដោយ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ។ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ពេល​អនាគត តាម​រយៈ​កា​រត​ភ្ជាប់​កាន់តែ​ច្រើន​ជាមួយ​ចិន និង​ប្រទេស​នានា​ក្នុង​តំបន់ ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ផ្លូវគោក ផ្លូវទឹក និង​អាកាស កំពង់​ផែ ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ផ្សេង​ទៀត​នៅ​កម្ពុជា ។

ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិតស្ថេរ​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ប្រែក្លាយ​ពី​សមរភូមិ​ទៅ​ជាទី​ផ្សារ ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​បំផុត ឬ​ក្រីក្រ​បំផុត ដែល​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ក្លាយជា​ទីផ្សារ​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរ និង​អ្នក​វិនិយោគ​ពី​គ្រប់​ប្រទេស ជា​ពិសេស​អ្នក​វិនិយោគ​ចិន ក្នុង​នោះ​មាន​ហុងកុង​ផង​ដែរ ។

ជាក់ស្តែង យើង​ឃើញ​មានការ​វិនិយោគ​ពី​បរទេស​យ៉ាងច្រើន ជា​ពិសេស​ពី​ប្រទេស​ចិន កំពុង​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ប៉ូ​ល​សេដ្ឋកិច្ច​ធំ​ៗ ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្វើ​ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​មុខមាត់​យ៉ាង​ឆាប់រហ័ស ។ ជាមួយនឹង​ភាព​ទាក់ទាញ​នៃ​ធនធានធម្មជាតិ ពលកម្ម​វ័យក្មេង និង​ច្បាប់​វិនិយោគ​ដ៏​អំណោយផល​សម្រាប់​ធុរកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​តែ​ទាក់ទាញ និង​ស្វាគមន៍​អ្នក​វិនិយោគ ដោយ​មិន​ប្រកាន់​ថា មក​ពី​ប្រទេស​ណា​ឡើយ ។ ដោយឡែក អ្នក​វិនិយោគ​ចិន​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។

ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​ខ្សែក្រវាត់ មួយ ផ្លូវ​មួយ​នេះ បាន​ផ្ដល់​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ដោយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ទំហំ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ មាន​ទំហំ​ដល់​៤.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លើស​ពី​នេះ គិត​ត្រឹម​ឆ្នាំ​២០១៦ ការ​វិនិយោគ​របស់​ចិន​មក​កម្ពុជា មាន​ចំនួន​៥.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំណង់ វាយនភ័ណ្ឌ និង​អគ្គិសនី ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​ចិន​ជា​ដៃគូ​នាំ​ទំនិញ​ចូល​កម្ពុជា​លំដាប់​លេខ​១ ចាប់ពី​ឆ្នាំ​១៩៩៨​មក ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​នាំ​អង្ករ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ។ កាលពី​ឆ្នាំ​២០១៦ ចិន​បាន​នាំ​ចូល​មក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៤.៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រមាណ​ជា​៣៦,៩%​នៃ​ការ​នាំ​ចូល​សរុប ។ ចំណែកឯ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​វិញ មាន​ចំនួន​ត្រឹមតែ​៦០៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ស្មើនឹង​៦%​នៃ​ការ​នាំ​ចេញ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ