រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ឆ្ពោះមកខេត្តបាត់ដំបង ដែលមានប្រវែង៦៤គីឡូម៉ែត្រ បានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី២៩ មេសា ម្សិលមិញនេះ ធ្វើឲ្យវិស័យដឹកជញ្ជូនតាមផ្លូវដែកកាន់តែទូលំទូលាយ ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រថែមមួយកម្រិតទៀត ។

ផ្លូវដែកដែលស្ថិតនៅភាគពាយ័ព្យនេះ ក៏ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់នៃការតភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន និងជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល ព្រមទាំងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ផងដែរ ។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កំណាត់ផ្លូវដែកដែលក្រសួង និងដៃគូសហការស្តារ និងជួសជុលឡើងនេះចំណាយថវិកាអស់ប្រមាណ៧៦លានដុល្លារ ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាកម្ចីចំនួន១៣លានដុល្លារ និងសល់ប៉ុន្មានជាថវិកាជាតិ ។
លោកថ្លែងថា ៖« រាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងកែលម្អ រៀបចំផ្លូវដែក ផ្លូវទឹក ពង្រីកផ្លូវពី២គន្លងទៅ៤គន្លង ដើម្បីសម្រួលដល់ការដឹកទំនិញ និងអ្នកដំណើរ ហើយយើងសង្ឃឹមថា ទំនិញធ្ងន់ៗនឹងដឹកតាមរថភ្លើង ជៀសវាងកុំឱ្យខូចខាតផ្លូវជាតិរបស់យើង » ។
ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែតមកដល់ខេត្តបាត់ដំបង មានប្រវែងសរុប១១៣គីឡូម៉ែត្រ ដោយមានស្ថានីយចំនួន១៥ រួមមាន ស្ថានីយប៉ោយប៉ែត, កូប, សូភី, សាលាសំរោង, ទឹកថ្លា, សិរីសោភ័ណ, មង្គលបុរី, ចំការចេក, ភ្នំតូច, ទួលសំរោង, ជ្រោយស្តៅ, ជណ្តើរស្វា, អូរតាគី, សៀម និងស្ថានីយបាត់ដំបង ។
ការដឹកជញ្ជូនតាមផ្លូវដែក ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនដែលមានតម្លៃថ្លៃនៅកម្ពុជា ព្រោះបច្ចុប្បន្នការដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ។

លោក វ៉ា ស៊ីមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចទៅកាន់កម្រិតថ្មីមួយទៀត កម្ពុជាចាំបាច់ត្រូវវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ព្រោះហេដ្ឋារចនាសម្ព័ន្ធជាចំណុចយុទ្ធសាស្ត្រ ក្នុងការសម្រួលការដឹកជញ្ជូនឲ្យកាន់តែមានតម្លៃទាប កាត់បន្ថយពេលវេលា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
លោកបន្តថា ៖« បើចង់អភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ។ បើចង់ជំរុញប្រទេសកាន់តែរីកចម្រើនលឿន ក៏ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដែរ » ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ ធ្លាប់មានប្រសាសន៍ថា ៖« នៅពេលផ្លូវដែកនេះដាក់ឱ្យដំណើរការ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ នៅក្នុងរយៈពេលខ្លីនិងមធ្យម វាផ្តល់ឱកាសដល់ប្រទេសថៃច្រើន ព្រោះកម្ពុជាយើងមិនសូវមានផលិតផលសម្រេចដឹកជញ្ជូនទៅប្រទេសថៃច្រើនទេ គឺមានតែស្រូវអង្ករ ប៉ុន្តែនៅក្នុងរយៈពេលវែងជាចំណុចល្អ ហើយក៏អាចទាក់ទាញភ្ញៀវទេសចរបរទេសមកពីថៃ ឱ្យចូលមកទស្សនានៅកម្ពុជាបានមួយចំនួនផងដែរ » ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅចុងខែឧសភាខាងមុខ កំណាត់ផ្លូវដែកពីខេត្តបាត់ដំបងមកខេត្តពោធិ៍សាត់ នឹងដាក់ឲ្យដំណើរការបណ្ដោះអាសន្នបន្ថែមទៀត ។ ចំណែកពីខេត្តពោធិ៍សាត់ឆ្ពោះមកបាត់ដឹង នឹងធ្វើឱ្យរួចរាល់នៅក្នុងខែកក្កដា ខាងមុខ ៕
ចែករំលែកព័តមាននេះ