ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ប្រទេស​ចិន​មិន​ព្រម​ចុះចាញ់​សហរដ្ឋអាមេរិក ?

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ខែ​មុន លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ដែល​មាន​គោលដៅ​ធំ​លើ​ប្រទេស​ចិន ។…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ខែ​មុន លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ដែល​មាន​គោលដៅ​ធំ​លើ​ប្រទេស​ចិន ។ កាលពី​ថ្ងៃ​ទី​២ មេ​សា កន្លង​មកនេះ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ផង​ដែរ ដោយ​ដាក់​ពន្ធ​លើ​ផលិត​ផល​អា​មេ​រិ​ក​ប្រមាណ​១២៨​មុខ ។

បន្ទាប់​មក លោក​ត្រាំ បាន​ដាក់​ពន្ធ​២៥% ទៀត​លើ​ផលិតផល​ចិន​ប្រមាណ​១.៣០០​មុខ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ ។ ជា​លទ្ធផល ប្រទេស​ចិន​គំរាម​ថា នឹង​ដាក់​ពន្ធ​២៥%​វិញ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​១០៦​មុខ រួម​មាន សណ្ដែកសៀង រថយន្ត និង​យន្តហោះ ហើយ​ពន្ធ​នេះ​នឹង​អនុម័ត នៅ​ពេល​អា​មេ​រិ​ក​អនុម័ត​ពន្ធ​របស់​ខ្លួន ។

ប្រសិនបើ​ពន្ធ​ទាំងនេះ​ត្រូវ​បាន​អនុម័ត​នោះ​វា​នឹង​បង្ក​ជា​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​សហ​រដ្ឋអាមេរិក​អាច​នឹង​ចាញ់​ច្រើន​ជាង​ឈ្នះ ។

បណ្តា​សេដ្ឋវិទូ​អះអាង​ថា គ្មាន​នរណា​ឈ្នះ​ទេ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ខណៈ​សេដ្ឋ​វិទូ​មួយ​ចំនួន​ទៀត​និយាយ​ថា វា​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ចរចា​របស់​លោក​ត្រាំ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ចិន​ធ្វើ​កំណែទម្រង់​គោលការណ៍​ពាណិជ្ជកម្ម​របស់​ខ្លួន ដូច​ជា លក្ខ​ខណ្ឌ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចែករំលែក​កម្មសិទ្ធិបញ្ញា ដើម្បី​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាដើម ។

លោក​ត្រាំ ធ្វើ​បែប​នេះ ព្រោះ​គិត​ថា​ដោយសារ​តែ​ប្រទេស​របស់​លោក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ហើយ​លោក​មាន​គោល​ជំហរ​ចរចា​រឹង​មាំ​ជាង​ប្រទេស​ចិន ។

ប្រទេស​ចិន​ជា​ម្ចាស់បំណុល​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ខណៈ​បំណុល​អា​មេ​រិ​ក និង​អត្រា​ការ​ប្រាក់​បន្ត​កើនឡើង ។ រាល់​ព័ត៌មាន​លេចឮ​ថា ប្រទេស​ចិន​នឹង​បញ្ឈប់​ការ​ទិញ​ប័ណ្ណបំណុល​រដ្ឋាភិបាល​អា​មេ​រិ​ក គឺ​អាច​នឹង​ជំរុញ​ឲ្យ​តម្លៃ​ប័ណ្ណ​បំណុល​​ទាំងនោះ​ធ្លាក់​ចុះ និង​បង្ក​ឲ្យ​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក​កើនឡើង ។ វា​នឹង​បន្ត​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ទាំង​ពន្ធ​របស់​អា​មេ​រិ​ក និង​ចិន នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​យ៉ាង​​ខ្លាំង ។ ឧទាហរណ៍ ពន្ធ​របស់​លោក​ត្រាំ លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល នឹង​ជំរុញ​ឲ្យ​វិស័យ​យានយន្ត​អា​មេ​រិ​ក​បង្កើន​តម្លៃ​ផលិតផល​។ រីឯ​ពន្ធ​របស់​ចិន ក៏​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​របស់​អា​មេ​រិ​ក​ផ្សេង​ៗ​ដែរ​ដូច​ជា វិស័យ​កសិកម្ម និង​ផលិតកម្ម ជា​ដើម ។

ចំណែក​វិស័យ​ជា​ច្រើន និង​អតិថិជន​ក្នុង​ប្រទេស​ចិន ក៏​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែរ ប៉ុន្តែ​អ្នកដឹកនាំ​របស់​ប្រទេស​នេះ​អាច​គ្រប់គ្រង​អត្ថ​ប្រយោជន៍​​របស់​ក្រុម​សំខាន់​ៗ និង​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​នានា ។

បើ​ទោះជា​ប្រទេស​ចិន​សម្រេចចិត្ត​ថា ចុះចាញ់​ក្នុង​ផ្នែក​មួយ​ចំនួន​ក្តី ក៏​វា​មិន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​នេះ​ដែរ ។ ឧទាហរណ៍ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​លោក​ត្រាំ ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ចិន​គ្រាន់តែ​កាត់​បន្ថយ​​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ផ្ទាល់ ហើយ​នាំ​ចេញ​ផលិតផល​តាម​ប្រទេស​តៃវ៉ាន់ ឬ​ប្រទេស​ផ្សេង​ទៀត គឺជា​ការ​ស្រេច ។

ទាក់ទិន​នឹង​បញ្ហា​ល្មើស​នឹង​សិទ្ធិ​កម្មសិទ្ធិបញ្ញា​វិញ ដំណោះស្រាយ​បញ្ហា​នេះ​ត្រូវការ​ជំនាញ​បច្ចេកទេស និង​ចរចា មិនមែន​ការ​គំរាមកំហែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ។

ជាមួយ​គ្នា​នេះ វា​ក៏​ត្រូវការ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ផ្សេង​ទៀត​ដែល​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នឹង​សហរដ្ឋអាមេរិក ព្រមទាំង​ការ​ដាក់​សម្ពាធ​ដោយ​អង្គការ​ធំ​ៗ​ដូច​ជា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម ។

ប៉ុន្តែ​លោក​ត្រាំ បែរជា​គិត​ថា យុទ្ធសាស្ត្រ​ពហុភាគី និង​ទ្វេភាគី គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ជាមួយ​ប្រទេស​ចិន ។ យុទ្ធសាស្ត្រ​ទាំងនេះ​បាន​ជំរុញ​ដល់​ចិន​ឲ្យ​បង្កើន​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ក្នុង​អំឡុង​ឆ្នាំ​២០០៤ ដល់​២០១៤ ហើយ​ជំរុញ​ឲ្យ​ប្រទេស​នេះ​ចាប់ផ្តើម​ដោះ​ស្រាយ​បញ្ហា​ផលិតផល​ក្លែងបន្លំ និង​ការ​លួច​កម្មវិធី Software របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ឯកតោភាគី​គ្មាន​ប្រសិទ្ធភាព​ឡើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ដោយ​ការ​ដាក់​ពន្ធ​របស់​លោក Ronald Reagan ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​អំឡុង​ឆ្នាំ​១៩៨១-១៩៨៩ បែរជា​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ជប៉ុន​ទៅ​វិញ ។ លើស​ពី​នេះ នៅ​ពេល​លោក​ប្រធានាធិបតី George W. Bush ដាក់​ពន្ធ​លើ​ដែកថែប វា​បែរជា​ធ្វើ​ឲ្យ​សហ​រដ្ឋអាមេរិក​បាត់បង់​ការងារ​កាន់តែ​ច្រើន​ថែម​ទៀត ៕

ដកស្រង់​ពី  Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ