ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​គូលែន​ព្រៃ​ និង​ផ្លែ​សិរមាន់​ជា​ប្រភេទ​ផ្លែ​ឈើ​ព្រៃ​តាម​រដូវ​កាល (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លែ​គូលែន​ព្រៃ​ និង​ផ្លែ​សិរមាន់ សុទ្ធ​ជា​ប្រភេទ​ផ្លែ​ឈើ​កម្រ​មួយ​ដែល​​​ដើម​របស់​វា​មាន​ដុះ​តែ​នៅ​តាម​ព្រៃ​ជ្រៅ​ៗនៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា សៀមរាប កោះកុង និង​កំពង់ឆ្នាំង​ជាដើម ។ ផ្លែ​ឈើ​ទាំងនេះ…

រាជធានី​ភ្នំពេញ ៖ ផ្លែ​គូលែន​ព្រៃ​ និង​ផ្លែ​សិរមាន់ សុទ្ធ​ជា​ប្រភេទ​ផ្លែ​ឈើ​កម្រ​មួយ​ដែល​​​ដើម​របស់​វា​មាន​ដុះ​តែ​នៅ​តាម​ព្រៃ​ជ្រៅ​ៗនៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា សៀមរាប កោះកុង និង​កំពង់ឆ្នាំង​ជាដើម ។ ផ្លែ​ឈើ​ទាំងនេះ មានតាម​រដូវ​កាល ដោយ​ក្នុង​មួយ​ឆ្នាំ​យើង​អាច​រក​ទិញមក​ទទួលទាន​បាន​តែ​ម្តង​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ផ្លែ​ឈើ​ទាំង​២​ប្រភេទ​ខាងលើ​នេះ​មាន​រសជាតិ​មិន​ដូច​គ្នា​ទេ ដោយ​ផ្លែ​គូលែន​​ព្រៃ​ ឬ​អ្នកខ្លះ​ហៅ​ថា​ផ្លែ​គូលែន​ខ្ទើយ​នោះ មាន​រសជាតិ​ផ្អែម​លាយ​ចត់ ស្រ​ដៀង​នឹង​ផ្លែ​គូលែន​ធម្មតា ។ ចំណែកឯ​ផ្លែ​សិរ​មា​នា់​មាន​រសជាតិ​ជូរ និង​ខ្លះ​ទៀត​ជូរអែម តែ​ឆ្ងាញ់​មិន​ចាញ់​ផ្លែ​ឈើ ដែល​គេ​ដាំ​នៅ​ក្នុងស្រុក​ទេ ។

ស្ត្រី​ម្នាក់​ឈ្មោះ លឿង ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ជា​អ្នកលក់​ផ្លែ​គូលែន​ព្រៃ​ និង​ផ្លែ​សិរមាន់​នៅ​​តាម​មហាវិថី​ព្រះ​មុនី​វង្ស ក្បែរ​ទីស្តីការក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា និយាយ​ថា គាត់​មាន​ទីលំនៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។ រាល់​ថ្ងៃនេះ​ប្តី​ប្រពន្ធ​គាត់​លក់​ផ្លែ​គូលែន​ព្រៃ និង​ផ្លែ​សិរមាន់​ដែល​បង​ប្អូន​ទិញ​ពី​អ្នក​ភូមិ​ជា​អ្នក​ដើរ​ព្រៃ​ផ្ញើ​ពី​ខេត្តសៀមរាប និង​ខេត្តកំពង់ឆ្នាំង យក​មក​ឲ្យ​លក់​នៅ​ភ្នំពេញ។

ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ផ្លែ​គូលែន​ព្រៃដែល​អ្នក​នៅ​តាម​ខេត្ត​ខ្លះ​ហៅ​ថា ផ្លែ​គូលែន​ខ្ទើយ​នោះ មាន​រសជាតិ​ផ្អែម​លាយ​ចត់​តិច​ៗ តែ​ឆ្ងាញ់មិន​ចាញ់​ផ្លែ​គូលែន​ធម្មតា​ឡើយ ហើយ​ផ្លែ​គូលែន​ព្រៃ​នេះ​កម្រ​នឹង​មាន​ជា​ប្រចាំ​ណាស់ ជួនកាល​២ទៅ​៣​ឆ្នាំ ឬ​ក៏​ឈាន​ដល់​៤​ឆ្នាំ​ទើប​មាន​ម្តង​ក៏​មាន​ដែរ​។ ចំណែកឯ​ផ្លែ​សិរមាន់ ដែល​អ្នកស្រុក​ខ្លះ​ទៀត ហៅ​ថា​ផ្លែ​រោ​ទិ៍​នោះ មាន​រសជាតិ​ជូរ​តែ​ខ្លះ​ក៏​មាន​រសជាតិ​ជូរអែម​ដែរ ហើយ​វា​មាន​រៀង​រាល់​ឆ្នាំ
ជា​ប្រចាំ​តែ​ម្តង ។

ផ្លែ​គូលែន​ព្រៃ​ឬ​ផ្លែ​គូលែន​ខ្ទើយ​នេះ គាត់​លក់​២៥.០០០​រៀល​ក្នុង​១​គីឡូក្រាម ចំណែកឯ​ផ្លែ​សិរមាន់​ឬ​ផ្លែ​រោទ៍ គាត់​លក់​១៨.០០០​រៀល​ក្នុង​១​គីឡូក្រាម និង​អាច​ចុះថ្លៃ​បន្តិចបន្តួច​ទៀត​ទៅ​តាម​ការ​តថ្លៃ​របស់​អ្នកទិញ ។ ផ្លែ​ឈើ​ទាំង​២​ប្រភេទ​ដែល​គាត់​យក​មក​លក់​នេះ គឺជា​ផ្លែ​ឈើដែល​បងប្អូន​គាត់​ទទួល​ទិញ​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​ជា​អ្នក​ដើរ​ព្រៃ​មួយ​ចំនួន​នៅ​ខេត្តសៀមរាប ខេត្តកោះកុង និង​ខេត្តកំពង់ឆ្នាំង ។

គាត់​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​អាច​លក់​ផ្លែ​ឈើទាំង​២​មុខ​នេះ​អស់​ចាប់ពី​៤០​ទៅ​ជាង​៥០​គីឡូក្រាម​សម្រាប់​ថ្ងៃ​លក់ដាច់​ខ្លាំង តែបើ​ថ្ងៃ​ណា​មិនសូវ​ដាច់​គាត់​លក់​អស់​តែ​២០​ទៅ​៣០​គីឡូក្រាមប៉ុណ្ណោះ ។ អ្នកទិញ​ភាគច្រើន​គឺជា​ជនជាតិ​ខ្មែរយើង ដែល​ពួក​គាត់​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​បានឃើញ និង​នាំ​គ្នា​ឈប់​ម៉ូតូ រថយន្ត រក​ទិញ​ទាំងផ្លែ​គូលែន​ព្រៃ និង​ផ្លែ​សិរមាន់ មិនសូវ​ដាច់​ឡើយដោយ​ខ្លះ​ទិញ​កន្លះ​គីឡូក្រាម ១​គីឡូក្រាម និង​២គីឡូក្រាម​ក៏​មាន ។

ពួក​គាត់​ចូល​ចិត្ត​នាំ​គ្នា​ទិញ​យក​ទៅ​ហូប​ណាស់ព្រោះ​ផ្លែ​ឈើ​ទាំងនេះ​ជា​ផ្លែ​ឈើ​ព្រៃ ដើម​ដុះ​តែក្នុង​ព្រៃ​ជ្រៅ​និង​ព្រៃធំ​ៗ ជា​ពិសេស​ជា​ផ្លែ​ឈើធម្មជាតិ​សុទ្ធសាធ​មិន​មាន​ជាតិ​គីមី​ឡើយ ដោយ​មាន​តែ​មួយ​ឆ្នាំ​ម្តង​ទៅ​តាម​រដូវ​កាល​ប៉ុណ្ណោះ​។

ក្រៅពី​ផ្លែ​គូលែន​ព្រៃ​និង​ផ្លែ​សិរមាន់ ដែល​ជា​ប្រភេទ​ផ្លែ​ឈើ​មាន​ដុះ​តែ​តាម​ព្រៃ​ភ្នំ​នេះ​ដែរ នៅ​ក្នុង​រាជធានី​ភ្នំពេញ គេ​ក៏​សង្កេត​ឃើញ​ថា មាន​ផ្លែ​ឈើ​ព្រៃ​តាម​រដូវ​កាល​ផ្សេង​ទៀត​ដូច​ជា ផ្លែ គុយ​ជាដើម​ក៏​ត្រូវ​បាន​គេ​យក​មក​ដាក់​លក់​តាម​ជា​ហូរហែ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ