ប្រវត្តិ​របាំ​កណ្តូបសេះ​ក្នុងវង់​សិល្បៈ


ខេត្តស្វាយរៀង ៖ របាំ​កណ្តូបសេះ គឺជា​របាំ​ទី​ពីរ បន្ទាប់​ពី​របាំ​គោះត្រឡោក បាន​បដិសន្ធិ​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩២០ សម្តែង​ក្នុង​វង់​សិល្បៈ​អា​ប៉េ​របស់​លោកគ្រូ​ម៉ា​ន់ ស៊ុំ នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ​ខេត្ត​ស្វាយ​ទាប ។

បើ​តាម​សិល្បករ សិល្ប​ការិនី ចាស់​ៗ​ជំនាន់​ដើម រួម​មាន​៖ លោកតា​សួ​ស វ៉ា ឆ្នាំ​កំណើត ១៩១៧ រស់នៅ​ក្នុងភូមិ​ជប់ ឃុំ​កណ្តៀង​រាយ លោ​កន​ង សា​រឿ​ន ហៅ​តា​កណ្តូបសេះ ឆ្នាំ​កំណើត​១៩៣៩ នៅ​ភូមិ​ជប់ លោកយាយ​សោម សាញ់ ឆ្នាំ​កំណើត​១៩១៨ នៅ​ភូមិ​ជប់ លោកយាយ​សោម ថន ឆ្នាំ​កំណើត​១៩៥៤​នៅ​ភូមិ​ជប់ ដែល​ជា​សិល្បករ សិល្ប​ការិនី ជា​សិស្ស​របស់​លោកគ្រូ​ម៉ា​ន់ ស៊ុំ បាន​អះអាង​ថា លោកគ្រូ​ម៉ា​ន់ ស៊ុំ បាន​បង្កើត​របាំ​កណ្តូប​សេះ ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩២០ នៅ​ភូមិ​ជប់ បន្ទាប់​ពីរ​របាំ​គោះត្រឡោក ។

ចំពោះ​ក្បាច់​រាំ ៖ ក្បាច់​រាំ​របាំ​កណ្តូបសេះ គឺ​យក​លំនាំ​តាម​សត្វ​កណ្តូបសេះ តាំងពីរ​ក្បាល​រហូត​ដល់​ចុងជើង រាំ​លោត​មាន​សភាព​យឺត ទន់ភ្លន់ ក្បាល​ផ្អៀងផ្អង ភ្នែក​គយគន់ ជុំវិញ​ខ្លួន​ត្រៀម​ការពារ​ខ្លួន​គ្រប់​កាលៈទេសៈ ។ ចំនួន​អ្នក​សម្តែង គឺ​មិន​កំណត់​មាន​ចាប់​២​ទៅ​៣​គូ ៥​គូ ទៅ​៧​គូ​តាម​ជាក់ស្តែង លម្អរ​ដោយ​សម្លៀក​បំពាក់​ពណ៌​កណ្តូបសេះ ។

ឧបករណ៍​សម្តែង គឺ​ម្នាក់​កាន់​ត្រឡោក​បួន ត្រឡោក​ពីរ​កាន់​នៅ​ដៃ ត្រឡោក​ពីរ​ទៀត​ចង​នឹង​កែងដៃ ។

ឧបករណ៍​ភ្លេង តាម​សេចក្តីរាយការណ៍​ពី​លោកតា​សួ​ស វ៉ា និង​លោ​កន​ង សា​រឿ​ន ពួក​គាត់​បានឃើញ​ថា ដំបូង​គេ​ប្រើ​តែ​ខ្សែ​ដៀវ​មួយ និង​ស្គរ​មួយ​ប៉ុណ្ណោះ ។ លុះ​ក្រោយមក គេ​ក៏​បញ្ចូល​ភ្លេង​បន្ថែម​ទៀត ដូច​ជា ទ្រសោ ទ្រអ៊ូ រនាត ខ្សែ​ដៀវ និង​ស្គរ​ដើម្បី​ឲ្យ​កាន់តែ​ពីរោះ​ថែម​ទៀត ។

ចំពោះ​បទ​ចម្រៀង ក្នុង​របាំ​កណ្តូបសេះ ការ​ស្រាវជ្រាវ​លើក​ទី​១ គឺ ពុំ​ទាន់​មានការ​អះអាង​ថា​ ត្រឹមត្រូវ​ដែរ ដោយ​រក​ឃើញ មាន​បី​វគ្គ ក្នុង​មួយ​វគ្គ​មាន​៤​ឃ្លា ក្នុង​១​ឃ្លា មាន​៤​ពាក្យ ។ ដើម្បី​រៀបចំ​បទ​ចម្រៀង​យក​មក​ច្រៀង​ឲ្យ​សិល្បករ សិល្ប​ការិនី​សម្តែង​បាន មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​រួម​ជាមួយ​សិល្បករ ចាស់​ៗ​បាន​តស៊ូ​ព្យាយាម​ស្រាវជ្រាវ​អស់​រយៈពេល​២​ខែ​នៅ​ក្នុង​ឆ្នាំ​១៩៩៤ បន្តបន្ទាប់​បាន​លទ្ធផល​យក​មក​ចងក្រង​បង្កើត​បានជា​ផ្ទាំងទស្សនីយភាព​របាំ​កណ្តូបសេះ​ឡើង​ទុក​សម្រាប់​តំណ​តកូនតចៅ​ក្រោយ​ៗ​សិក្សា និង​ថែរក្សា​បន្ត ។

ចម្រៀង​របាំ​កណ្តូបសេះ​៖ «​កណ្តូបបុកស្រូវ អញ​ឱ្យ​ថ្នាំជក់ កណ្តូប​ដេក​លក់ អញ​ជក់​ថ្នាំ​អស់ ។

កណ្តូប​ដេក​ទៅ អញ​បុកស្រូវ​ឱ្យ លុះដល់​ថ្ងៃក្រោយ បុក​ឱ្យ​អញ​វិញ ។

កណ្តូប​វាត​វង់ ក្រោម​ដើម​ពុទ្ទ្រា បុកស្រូវ​ប្រណាំង​គ្នា ដណ្តើម​ស្នាដៃ​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ