រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការសោកស្តាយ បន្ទាប់ពីទទួលដំណឹងថា ហង្ស ម៉ានីតា បានសម្រេចដកខ្លួនចេញពីការប្រកួតតំណាងកម្ពុជា នៅក្នុងកម្មវិធី Miss World 2025 ដោយសារជាប់កាតព្វកិច្ចផ្ទាល់ខ្លួន និងការរៀបចំប្រកួតកម្មវិធីនេះមានរយៈពេលខ្លី ។

យោងតាមការប្រកាសពីផេក Universe Pageant បានអោយដឹងថា សម្រេចចុងក្រោយមុននេះបន្ដិច Manita បានប្រាប់ហើយថា នាងមិនអាចទៅចូលរួមប្រកួត Miss World 2025 បាននោះទេ ដោយសារតែនាងរវល់ ណាមួយពេលវេលានៃការប្រកួតសម្រាប់រៀបចំខ្លួន គឺមានតិចពេក នៅសល់ប្រហែល១ខែជាង ដូច្នេះឆ្នាំនេះយើងមិនទាន់ច្បាស់ថា នរណានឹងទៅនោះទេ ដោយសារតែខាង CIM ទើបតែទទួលបាន License ពី Miss World កាលពី ២ទៅ ៣ថ្ងៃមុននេះ ដូច្នេះភ្លាមៗពេក ពួកគាត់ពិបាកនៅក្នុងការរកបេក្ខភាពមកតំណាងកម្ពុជាបន្ដិចហើយ ។

យ៉ាងណា ក្រោយការប្រកាសខាងលើនេះ គេឃើញក្រុមហ៊ុនដែលគ្រប់គ្រង License កម្មវិធីខាងលើនៅក្នុងប្រទេសកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងពីការប្រកាសជ្រើសរើសបេក្ខភាពថ្មីៗភ្លាមៗផងដែរ ។

ជាការកត់សម្គាល់កូនកាត់ខ្មែរ-បារាំង ហង្ស ម៉ានីតា បានក្លាយជាតំណាងទី៦ របស់កម្ពុជាក្នុងកម្មវិធី Miss Universe សម្រប់ការប្រកួតប្រជែងថ្នាក់ជាតិ Miss Universe Cambodia 2022 ។ បើគិតចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅឆ្នាំ២០១៧មក ម៉ានីតា បានក្លាយជាតំណាងទី៦ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ពោល គឺបន្ទាប់ពី ប៊ី សុធារី, រឿន ណាត, សំណាង អាលីណា, រ៉េត សារីតា និងងិន ម៉ារឌី ។
កញ្ញា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង ហើយកើត និងធំធាត់នៅលើទឹកដីកម្ពុជា ។ នាងមានសមត្ថភាពនិយាយបាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស និងភាសាអេស្ប៉ាញ ៕





ចែករំលែកព័តមាននេះ