រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បានសម្រេចប្រកាសសាដីកាលើសំណុំរឿងឃាតកម្មគិតទុកជាមុន ដែលមានជនជាប់ចោទជាអតីតមេឃុំគោករកា ភី ណុប និងបក្ខ៣នាក់ ដោយសម្រេច គឺទី១- បដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ និងទី២ – តម្កល់សាដីកាសាលាឧទ្ធរណ៍នៅមានន័យថា អតីតមេឃុំគោករកា ត្រូវដាក់ពន្ធនាគារអស់មួយជីវិត ។
សំណុំរឿងអតីតមេឃុំគោករកា ភី ណុប និងបក្ខ៣នាក់ទៀត ពាក់ព័ន្ធករណីគប់គ្រាប់បែកនៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឱ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ។ កាលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ត្រូវបានតុលាការកំពូលយកមកបើកសវនាការ ។ នៅពេលសវនាការជនជាប់ចោទឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ បាននិយាយថា ពាក់ព័ន្ធនឹងការប្តឹងសារទុក្ខមកតុលាការកំពូលនេះ ដោយសារខ្លួនបានដឹងកំហុសដែលខ្លួនបានធ្វើ ទើបប្តឹងមកតុលាការ ដើម្បីបន្ធូរបន្ថយទោស ។
ចំណែកជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន និងឈ្មោះ អេង បូលីន ក៏បានលើកឡើងដូចគ្នាដែលពាក់ព័ន្ធនឹងការប្តឹងមកតុលាការនេះ ។ ចំណែជនជាប់ចោទឈ្មោះ ភី ណុប អវត្តមាននៅពេលសវនាការដោយសារ តែមានបញ្ហាសុខភាពមិនអាចចូលរួមសវនសការបាន ។ តំណាងឲ្យជនរងគ្រោះចំនួន៥នាក់ ជនរងគ្រោះម្នាក់លោក សន ស៊ិន បានស្នើសុំឲ្យតុលាការតម្កល់ទោសជនជាប់ចោទទាំង៤នាក់នេះនៅដដែល ។
សវនាការនេះកំបាំងមុខជនជាប់ម្នាក់ គឺលោក ភី ណុប អតីតមេឃុំគោករកាមិនបានចូលរួមសវនាការព្រោះ មានជំងឺ មិនត្រូវបាននាំខ្លួនមកសវនាការទេ ។
គួររំលឹកថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានសម្រេចដូចគ្នា ដោយប្រកាសសាលក្រម និងសាដីកាផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ។ តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និងឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ អាយុ២៨ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិតពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុក្ខជាមុន និងឃាតកម្មគិតទុក្ខជាមុន ។
ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និងឈ្មោះ អេង បូលីន អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុក្ខជាមុន ៕
ចែករំលែកព័តមាននេះ