ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ៤៥០នាក់ និងមធ្យោបាយ អន្តរាគមន៍ជាច្រើនគ្រឿង ត្រៀមចេញការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ដើម្បីធានាបានទាំងស្រុងនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២នេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ គ្រប់ទីកន្លែងនៅទាំងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រើប្រាស់កម្លាំងនគរបាល ៤៥០នាក់ រួមនឹងមធ្យោបាយរថយន្ត-ម៉ូតូជាច្រើនគ្រឿង និងអាវុធយុទ្ធភណ្ឌសម្រាប់បម្រើលើ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពក្នុងខេត្ត។ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាល បានមកជួបជុំជាទ្រង់ទ្រាយធំដើម្បីស្តាប់ការផ្សព្វផ្សាយអនុវត្តនូវផែនការពារសន្តិសុខ ដែលធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីប្រមូលកងកម្លាំងនគរបាលនេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជំរុញឱ្យនគរបាលក្រោមឱវាទ ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាឱ្យបានក្នុងការការពារថែរក្សា សន្តិសុខសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ឱ្យបានល្អបំផុត។ ដាក់បទបញ្ជាទប់ស្កាត់ និងហាមឃាត់រាល់សកម្មភាពក្រុមក្មេងទំនើងបង្កភាព អសន្តិសុខយកផ្លូវសាធាណៈឬវត្តអារាម ច្រកទឹកក្នុងថង់គប់ទៅលើអ្នកធ្វើដំណើរកម្សាន្ត ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះបើជនណាសមត្ថកិច្ចហាមឃាត់មិនស្តាប់ នៅតែលេងគប់ទឹកលោកឱ្យមានការឃាត់ខ្លួន យកមកអប់រំ ប្រសិនរកឃើញមានកំហុសប៉ះពាល់ ឲ្យមានរបួសស្នាមត្រូវឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានជូនពរប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទេវតាថ្មី តាមបីបាច់ថែរក្សា ដើរលេងកម្សាន្តទីកន្លែនានា ទទួលបានសុវត្ថិភាព។
ជាងនេះទៀតបើកបរគោរពច្បាប់ ចរាចរណ៍ និងមានការយោគយល់គ្នា ពិសេសចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំបុណ្យចូលឆ្នាំនៅខេត្តបន្ទាយមានជ័យ ទទួលបាននូវសុខសុវត្ថិភាព មួយរយភាគរយ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានចែកជូននូវ អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ មានជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈនិងថវិកា ដល់អង្គភាពការិយាល័យជំនាញ អធិការដ្ឋាននគរបាល ស្រុក-ក្រុង និងវរសនាតូចការពារព្រំដែនគោកទាំង៤ផងដែរ៕
ចែករំលែកព័តមាននេះ