ខេត្តកំពង់ស្ពឺ ៖ ដោយយល់ថាស្នេហារបស់កូនខ្លួនជាស្នេហ៍ខុសតម្រា ទើបឪពុកម្តាយខាងស្រីប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនខាងប្រុសដោយចោទថា បានបង្ខាំងកូនខ្លួនមុនឲ្យត្រលប់ទៅផ្ទះ បន្ទាប់ពីតាមរកឃើញកូនស្រីកំពុងរស់នៅជាមួយគូស្នេហ៍របស់នាង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានបញ្ជូនទៅកាន់ការយាល័យប្រឆាំងការជួញដូរដើម្បីបន្តនីតិវិធី។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បុរសដែលជាប់ទោសរឿងស្នេហាហើយ ត្រូវបានក្រុមគ្រួសារខាងស្រីប្តឹងពីបទពង្រត់ និង បង្ខាំងកូនស្រីរបស់គេនោះមានឈ្មោះ តូ លីមស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧដុង្គ។ គូស្នេហ៍ទាំង២ត្រូវបានឪពុកម្តាយតាមរកឃើញ ហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនខាងប្រុសដោយចោទថា ស្រលាញ់កូនស្រីខុសតម្រា។
ប្រភពពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុកឧដ្ដុង្គ បានឃាត់ឈ្មោះ តូ លឹមស្រេង និងបានរកឃើញឈ្មោះ ភឿង រក្សា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅបច្ចប្បន្ននៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង កំពុងរស់នៅជាមួយពិតប្រាកដមែន។ ការឃាត់ខ្លួននេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលខាងស្រីដោយចោទប្រកាន់ថា ឈ្មោះខាងលើ បានល្បួង និងនាំកូនស្រីរបស់គាត់ចេញពីផ្ទះ ហើយបានបង្ខាំងកូនស្រីគាត់មិនឲ្យត្រលប់ទៅផ្ទះវិញ នៅចំណុចភូមិ.ឃុំខាងលើ។ ប្រភពបន្តថា ក្រោយអំពីចំណាត់ការស្រាវជ្រាវ កម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូនគូស្នេហ៍ដែលជាសង្សារនឹងគ្នានេះទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការដោះស្រាយតាមនីតិវិធីបន្ដ។
ប្រភពបន្តថា បើតាមការអះអាងគឺនាងជាសង្សារបានរត់ទៅរស់នៅជាមួយគូស្នេហ៍របស់ខ្លួនដោយចិត្តឯង គ្មានអ្នកណាចាប់បង្ខំរូបនាងឡើយ គឺពួកគេស្រលាញ់គ្នាដោយចិត្តនឹងចិត្ត។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី៣០ មីនា ២០១៨ថា ក្រោយជំនាញធ្វើការសាកសួរភាគីទាំង២រួចមកឃើញថា(មិនមែនជាការបង្ខាំងទុកនោះទេ)។ ក្រោយសាកសួរតាមនីតិវិធីរួចមកឪពុកម្តាយភាគីខាងស្រីបានសុំធានាយកកូនត្រលប់ទៅវិញ។ ដោយឡែកភាគីខាងប្រុសត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តដើម្បីចាត់ការបន្តបន្ទាប់ក្រោយពីពិនិត្យរកឃើញថា ក្នុងខ្លួនរបស់គេមានសារធាតុញៀននៅក្នុងខ្លួនរួចមក៕
ចែករំលែកព័តមាននេះ