ខេត្តតាកែវ ៖ អភិបាលខេត្ត លោក ឡាយវណ្ណៈ ត្រូវបានរាជរដ្ឋាភិបាលបញ្ចប់តំណែង បន្ទាប់ពីលោកបានឡើងកាន់តំណែងជាអភិបាលខេត្តនេះ បានរយៈ៤ឆ្នាំ៩ថ្ងែ គិតត្រឹមថ្ងែចេញព្រះរាជក្រឹត្យបញ្ចប់តំណែងដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
លោក ឡាយ វណ្ណៈ បានចូលកាន់តំណែងជាអភិបាលខេត្តតាកែវ កាលពីថ្ងែទី១៨ មីនា ឆ្នាំ២០១៤ ។ ជាមួយនឹងការបញ្ចប់តំណែងនេះ ក៏មានការតែងតាំងលោក អ៊ូច ភា អភិបាលរងខេត្ត ជាអភិបាលខេត្តជំនួសលោក ឡាយ វណ្ណៈ ដែលត្រូវផ្ទេរទៅបម្រើការនៅទីស្ដីការក្រសួងមហាផ្ទៃដែរ ។ សូមជម្រាបថា លោក អ៊ូច ភា ជាកូនប្រសាលោក ស្រី បេន ដែលជាអតីតអភិបាលខេត្តតាកែវ ។ ចំណែកលោក ឡាយ វណ្ណៈ ក៏ជាកូនប្រសាលោក ស៊ូ ភីរិន្ទ ដែលធ្លាប់ជាអតីតអភិបាលខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងសៀមរាប ហើយបច្ចុប្បន្ន ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
ការបញ្ចប់តំណែងលោក ឡាយ វណ្ណៈ ពីអភិបាលខេត្តនៅពេលនេះ គឺបន្ទាប់ពីមានការលើកឡើងពីរឿងជាច្រើនក្នុងនោះ ក៏មានការដាក់ការសង្ស័យពាក់ព័ន្ធនឹងករណីធ្វើអត្តឃាតរបស់ស្ត្រីរូបស្រស់ម្នាក់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយក្នុងក្រុងដូនកែវ ។ ថ្មីៗនេះ គេក៏ឃើញមានមន្ត្រីមកពីក្រសួងមហាផ្ទៃ តែងចេញចូលខេត្តតាកែវជាញឹកញាប់ ដើម្បីធ្វើការស៊ើបអង្កេតពីភាពមិនប្រក្រតីមួយចំនួន ជុំវិញការអនុញ្ញាតឱ្យបងប្រុសរបស់លោកដឹកជញ្ជូនឈើយកទៅលក់នៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ។
ទោះបីជាបែបណា នេះគ្រាន់តែជាការលេចឮក្រៅផ្លូវការប៉ុណ្ណោះ ឯការពិតបែបណានោះ មិនមានការទម្លាយជាផ្លូវការនោះទេ ៕
ចែករំលែកព័តមាននេះ