ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សត្វ​កណ្ដុរ​អាំង​នៅ​ផ្សារ​អូរ​តា​គី​តម្លៃ​​នៅ​ស្ថិរ​ តែ​អតិថិជន​ថយ​ចុះ​ខ្លាំង   

13 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ធ្លាប់តែ​មាន​អតិថិជន​ចោមរោម​អ៊ូ​អរ​​ប្រជ្រៀត​គ្នា​ទិ​ញ​សត្វ​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​​ឆ្ងាញ់ នៅ​ផ្សារ​កណ្ដុរ​អាំង ​«​អូរ​តា​គី​» ហូរហែ​មិន​ដាច់ ចាប់តាំងពី​ព្រលឹម​រហូត​ដល់​យប់​​ជ្រៅ ប៉ុន្តែ​នោះ​គឺជា​ទិដ្ឋភាព​កាលពី​ជិត​១០​ឆ្នាំ​មុន ​។  បច្ចុប្បន្ន​ «​ផ្សារ​លក់​កណ្ដុរ​អាំង​អូរ​តា​គី​​» ហាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ទាំង​អតិថិជន ទាំង​អ្នកដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ​។

​តម្លៃ​​លក់​លើ​ទីផ្សារ​សព្វថ្ងៃ សត្វ​កណ្ដុរ​អាំង​នៅ ​«​អូរ​តា​គី​» តែ​រក្សា​បាន​តំលៃស្ថិរ​ដដែល  តែ​អតិថិជន​ដែល​និយម​ទិញ​ហូប ហាក់​ថយ​ចុះ​យ៉ាង​ខ្លាំង​ ។  មាន​ហេតុផល​មួយ​ចំនួន ដែល​នាំ​ឲ្យ​អតិថិជន​ថយ​ចុះ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នកលក់​កណ្ដុរ​អាំង​ចាស់វស្សា​នៅ​«​អូរ​តា​គី​» ដែល​បាន​ត្អូញត្អែរ​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​​២៥ សីហា​ នេះ​ ។  អ្នកលក់​កណ្ដុរ​អាំង​«​អូរ​តា​គី​» រូប​នេះ​បាន​និយាយ​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អតិថិជន​ដែល​និយម​ទ​ទួ​ល​ទាន​កណ្ដុរ​អាំង​នៅ​ «​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» ហាក់​ថមថយ​បន្តិច​ម្ដង​ៗ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​ ។

ពោល​៖ ចាប់តាំងពី​ជំនាន់​កើត​ «​កូ​វី​ដ​១៩» រហូត​មក ​ប៉ុន្តែ​តម្លៃ​​ទីផ្សារ ​«​កណ្ដុរ​អាំង​» នៅ​តែ​រក្សា​បាន​ស្ថិរ​​ដដែល​ ។  គាត់​បាន​រំ​លឺ​កដោយ​ភ្ជាប់​ទៅ​នឹង​អតីត​​កាល  កាលពី​ជិត​១០​ឆ្នាំ​មុន​ដូច្នេះ​ថា «​កាលពី​ជិត​១០​ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​លក់​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​អស់​ចន្លោះ​ពី​៧០​គីឡូ ទៅ​១០០​គីឡូក្រាម​ដែរ​ ។  ប៉ុន្តែ​ចំនួន​នេះ ​ហាក់​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចាប់តាំងពី​ជំងឺ​កូ​វីដ​​១៩ ហើយ​​ថយ​ចុះ​រហូត​មក​ដល់​ស​ព្វថ្ងៃនេះ​ ខ្ញុំ​លក់​មួយ​ថ្ងៃ​អស់យ៉ាង​ច្រើន​ចន្លោះ​ពី​៥ ​ទៅ​៦​គីឡូក្រាម​ប៉ុណ្ណោះ​»​ ។ 

​ចាប់តាំងពី​ព្រឹក​ព្រលឹម  គេ​ឃើញ​ផ្សែង​ចាប់ផ្ដើម​ហុយ​ទ្រលោម​ជះក្លិន​ដ៏​ឈ្ងុយ​ឆ្ងាញ់​ហោះ​ចេញពី​ចង្ក្រាន​អាំង​កណ្ដុរ​នៅ​ «​អូរ​តា​គី​» ​ឆ្លង​ទៅ​ម្ខាង​នៃ​ថ្នល់ជាតិ​លេខ​៥ ​។  ប៉ុន្តែ​យូរ​ៗ​ម្ដង ទើប​គេ​ឃើញ​មាន​អ្នកដំណើរ​ឆ្លងកាត់ បាន​ឈប់​រថយន្ត​ ឬ​ម៉ូតូ​ចុះ​ទិញ​កណ្ដុរ​អាំង ដែល​នៅ​សេសសល់​ត្រឹ​ប៉ុន្មាន​តូប​ប៉ុណ្ណោះ​ ។

​អ្នកលក់​កណ្ដុរ​អាំង​បាន​បញ្ជាក់​ដែរ​​ថា  តំលៃ​ក​ណ្តុរ​​អាំង​​នៅ​តែ​ដដែល ដែល​លក់​ក្នុងតម្លៃ​ចន្លោះ​ពី​៣,០០០​រៀល ដល់តម្លៃ​​១០,០០០​រៀល ទៅ​តាម​តូច​ឬ​ធំ ប៉ុន្តែ​នៅ​ពេល​ថយ​ចុះ​អតិថិជន​បែប​នេះ ទើប​ការ​លក់​កណ្ដុរ​អាំង​ក៏​ថយ​ចុះ​ច្រើន​ដែរ ​។ ម្យ៉​ង​វិញទៀត ​អ្នកលក់​កណ្ដុរ​អាំង​នា​សព្វ​ថ្ងៃនេះ មាន​ច្រើន​កន្លែង​ណាស់​ ។  ដូច​ជា​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ នៅ​ម្ដុំ​ភូមិ​គោក​ពន្លៃ  សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង (​ផ្លូវ​ទៅ​ភ្នំ​ដ​សំពៅ​) ជាដើម គឺ​មាន​អ្នកលក់​ច្រើន  ព្រោះ​នៅ​លើ​ដងផ្លូវ​នោះ សំបូរ​អ្នកដំណើរ​ដើរ​កម្សាន្ត​ច្រើន រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ​។

​បើ​តាម​សង្កេត​ផ្ទាល់ អ្នកលក់​កណ្ដុរ​អាំង​នៅ​ម្ដុំ​ភូមិ​គោក​ពន្លៃ មាន​ប្រហែល​ជិត​២០​ទី​​តាំង ហើយ​ពួក​គេ​ទើប​ចាប់ផ្ដើម​លក់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។    អ្នកស្រី ហុ​ក ញ៉ា​ញ់អ្នក​​លក់​កណ្ដុរ​អាំង​ម្នាក់​នៅ​ភូមិ​គោក​ពន្លៃ​បាន​និយាយ​ថា អ្នកលក់​កណ្ដុរ​អាំង​ដំបូង​ៗ នៅ​ភូមិ​គោក​ពន្លៃ លក់ដាច់​គួរសម ​។  គាត់​បាន​បញ្ជាក់​ប្រាប់​ដូច្នេះ​ថា «​កាល​ខ្ញុំ​លក់​ដំបូង​ៗ​មួយ​ថ្ងៃ​លក់​អស់យ៉ាង​តិច​ចន្លោះ​ពី​៤០​ ទៅ​​៤៥​គីឡូក្រាម​ ។ ប៉ុន្តែ​សព្វថ្ងៃ​ ថយ​ចុះ​ស្ទើរ​ពាក់កណ្ដាល ក្រោយ​ពី​លិច​ឭ​ថា មាន​ផ្ទុះ​ជំងឺ​ម្យ៉ាង​ដែល​ឆ្លង​ពី​សត្វ​កណ្ដុរ តែ​ឥឡូវ​ហាក់​លក់​ដាច់​ឡើង​វិញ​បន្តិច​ហើយ​ ។ មួយ​ថ្ងៃ​ ខ្ញុំ​លក់​អស់​ប្រហែល​ពី​២០​ ទៅ​២៥​គីឡូក្រាម​ដែរ​ក្នុង​មួយ​ថ្ងៃ​»​ ។  

«​កណ្ដុរ​»  គឺជា​សត្វ​ម្យ៉ាង​ដែល​មនុស្ស​ម្នា​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​​«​ចង្រៃ​» ដែល​ពូកែ​បំផ្លាញ​ផលដំណាំ ឬ​ទ្រព្យសម្បត្តិ​នានា ដែល​ទុក​នៅ​ក្នុងផ្ទះ​ ។ មនុស្ស​ស្អប់​សត្វ​កណ្ដុរ​នេះ​ណាស់​ ។  មួ​យ​ថ្ងៃ​ៗ មនុស្ស​ភាគច្រើន តែងតែ​រិះរក​វិធី​កម្ទេច​ផ្ដាច់​ពូជ​ឲ្យ​អស់​នូវ​ហ្វូង​សត្វ​កណ្ដុរ​ចង្រៃ​នេះ​ ។  គេ​មិន​ធ្លាប់​ឃើញ​មនុស្ស​សម័យ​មុន​ៗ ចាប់​សត្វ​កណ្ដុរ​ចង្រៃ​នេះ​យក​ទៅ​អាំង ទៅ​ខ្វៃ ធ្វើ​ជា​ចំណីអាហារ​ទេ​ ។  ផ្ទុយ​ទៅ​វិញ មនុស្ស​ក្នុង​សម័យ​ទំនើប និង​ដ៏​ស៊ី​វិ​ល័យ​នេះ បែរជា​ចាត់​ទុក​សត្វ​កណ្ដុរ​ចង្រៃ​ជា​គ្រឿងក្លែម​ដ៏​ពេញ​និយម និង​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ ពេល​ឃើញ​ដាក់​អាំង​លើ​ចង្ក្រាន​ស្ទើរ​ស្រក់ទឹកមាត់​ទៅ​វិញ​។ 

បើ​តាម​ការ​កត់​ស​ម្កាល់ តាម​រយៈ​អ្នក​ប្រកប​មុខរបរ​អាំង​សត្វ​កណ្ដុរ​លក់​នា​បច្ចុប្បន្ន​នេះ សត្វ​កណ្ដុរ​ដែល​មនុស្ស​សម័យ​ដើម​ចាត់ទុកជា​ពពួកសត្វ​ «​ចង្រៃ​» បំផ្លាញ​តែ​ផលដំណាំ​និង​ព្រ​ទ្យ​សម្បត្តិ​នៅ​តាម​ផ្ទះសម្បែង​គួរ​ឲ្យ​ស្អប់​បំផុត​នោះ ឥឡូវ​ត្រូវ​បាន​មនុស្ស​សម័យ​ថ្មី ចាត់ទុកជា​សត្វ​ដ៏​គួរ​ឲ្យ​ស្រលាញ់ ពេញ​និយម​បំផុត  ពេល​ត្រូវ​បាន​គេ​ដាក់​អាំង​នៅ​លើ​ចង្ក្រាន ​។  ជា​ពិសេស ​ហ្វូង​សត្វ​ចង្រៃ​នេះ បាន​ផ្ដល់​ផល​ចំណូល​យ៉ាងច្រើន​ដល់​អ្នក​ដើរ​រុករក​យក​មក​លក់ និង​អ្នក​ប្រកប​របរ​អាំង​កណ្ដុរ​លក់​លើ​ទី
ផ្សារ​ ៕