ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេភូមិបាលខណ្ឌព្រែកព្នៅ មានបញ្ហា​ផ្លូវ​ច្បាប់​មិនប្រក្រតី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ជន​ត្រូវ​ចោទ ស៊ូ ស៊ី​វុ​ត្ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ជន​ត្រូវ​ចោទ ស៊ូ ស៊ី​វុ​ត្ថា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិ​បាល​ខណ្ឌ​ព្រែក​ព្នៅ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជុំវិញ​ដំណើររឿង «​ក្លែង​ដោយ​អ្នកជំនាញ​»​។

មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា តើ លោក ស៊ូ ស៊ី​វុ​ត្ថា ហ៊ាន​ចូល​បំភ្លឺ​តាម​ការ​កំណត់​ដែរ​ឬទេ?ហើយ​ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ ? ។ សំណុំរឿង​លោក ស៊ូ ស៊ី​វុ​ត្ថា កាន់តែ​ក្តៅ​ហើយ ទោះបីជា​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​រូប​នេះ កំពុង​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ក៏​ដោយ ។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​អំពី​ការ​ចោទប្រកាន់​នេះ ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​មាន​ចំណាត់ការ​បន្ត​ទៀត ។

លោក ស៊ូ ស៊ី​វុ​ត្ថា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ក្លែង​ដោយ​អ្នកជំនាញ​» តាម​មាត្រា​៥៥១​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ។ តាម​ឯក​សារបាន​បង្ហាញ​ថា កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៨​កន្លង​ទៅ លោក យ៉េ​ត ចរិយា ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អំពី​ការ​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ស៊ូ ស៊ី​វុ​ត្ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ (​ក្រៅ​ឃុំ​) ដោយ​យោង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៧៣៥ ចុះ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​មាត្រា​៥១​ថ្មី នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រក​ឃើញ​ថា លោក ស៊ូ ស៊ី​វុ​ត្ថា មាន​តម្រុយ​សន្មត់​ថា បាន​ប្រព្រឹត្ត​បទល្មើស «​ក្លែង​ដោយ​អ្នកជំនាញ​» ប្រាកដ​មែន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។