ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា​ប្រគល់​ផ្ទះ​មនុស្សធម៌​២​ខ្នង​ដល់​គ្រួសារ​ទីទ័ល​ក្រ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៤៨…

ខេត្តសៀមរាប ៖ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៤៨ និង​ផ្ទះ​មនុស្សធម៌​ទី​៤៩ ដែល​ផ្ដួចផ្ដើម​ដោយ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជូន​ដល់​គ្រួសារ​ចាស់ជរា​ទីទ័ល​ក្រ​គ្មាន​ទីពឹង និង​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ នៅ​ឃុំ​ដូន​ពេ​ង និង​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប​នា​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ។

ផ្ទះ​ទាំង​២​ខ្នង​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ភ្លី​ធំ ក្រាល​ក្ដារជញ្ជាំង​ក្ដារ តម្កល់​លើ​ជើង​តាង កម្ពស់​១,៨០​ម៉ែត្រ ។
ផ្ទះ​មនុស្សធម៌​ទី​៤៨ ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​អ៊ុំ​ប្រុស ឆាយ ឈឿ​ន អាយុ​៦០​ឆ្នាំ (​អតីត​យោធា​ស្រុក​វ៉ា​រិ​ន​) និង​ភរិយា​ឈ្មោះ ហម នំ អាយុ​៦២​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ភូមិ​បត់ ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ បច្ចុប្បន្ន​ដើរ​ស៊ីឈ្នួល​គេ និង​បោយ​ល្ពា​ក់​ធ្វើ​ឈ្នាង​លក់ គ្រាន់​បាន​កម្រៃ ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ផ្ទះ​មនុស្សធម៌​ទី​៤៩ ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ប្អូនស្រី ធឿ​ន រ៉ា​ម អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ និង​មានកូន​ស្រី​មា្ន​ក់​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ បច្ចុប្បន្ន​ដើរ​លក់​នំ​បញ្ចុក គ្រាន់​បាន​កម្រៃ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណា​ឡើយ ។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ក្រុម​គ្រួសារ​អ៊ុំ​ប្រុស អ៊ុំ​ស្រី និង​ប្អូនស្រី​ទាំង​ពីរ​គ្រួសារ​នេះ​ហើយ ទើប​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រេច​សាងសង់​ផ្ទះ​ជូន​គ្រួសារ​ជូន ។ ម្យ៉ាងទៀត​ក៏​ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពី​សំណាក់​ថ្នាក់ដឹកនាំ សំខាន់​កាកបាទក្រហមកម្ពុជា ដូចដែល​ប្រធានបទ​បាន​លើក​ឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា គឺ​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ហើយ​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។
លោក​ជំទាវ​ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​គ្រួសារ​ទាំង​ពីរ ឲ្យ​ត្រូវ​ចេះ​ថែរក្សា​លំនៅ​ដ្ឋា​ន​ថ្មី និង​សុខភាព​របស់​ខ្លួន ព្រមទាំង​ធ្វើការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ។

លោក​ជំទាវ គួ​យ​ណា​លី​ន ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ផង​ដែរ​ថា ក្នុង​រដូវក្តៅ​នេះ ត្រូវ​មានការ​ថែរក្សា​នូវ​សុខភាព សំខាន់​ចំពោះ​បញ្ហា​ភ្លើង​ផ្សែង ដោយពេល​នេះ​ជា​រដូវប្រាំង ដែល​ធ្វើ​ឲ្យ​មានការ​ហួតហែង និង​ងាយ​រង​នូវ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​កើតឡើង ។ លោក​ជំទាវ​ក៏​បាន​សង្កត់ធ្ងន់​ចំពោះ បញ្ហា​សុខភាព​មាតា ទារក និង ស្ត្រី​មាន​ផ្ទៃពោះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន ។ លោក​ជំទាវ​ក៏​បាន​ធ្វើការ​អរ​ព្រះ​គុណ ចំពោះ​ព្រះ​តេជគុណ ព្រះ​អនុគណ​ស្រុក​អង្គរជុំ ដែល​តែងតែ និមន្ត​ចូលរួម​នូវ​រាល់​ព្រះ​សកម្មភាព​មនុស្សធម៌ នៅ​ក្នុងស្រុក​អង្គរជុំ ដោយ​បាន​ប្រទាន​នូវ​ទេយ្យទាន​មួយ​ចំនួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​បន្ថែម​ក្នុង​១​គ្រួសារ​មាន ៖ -​មុង​១ -​ភួយ​១ -​សារុង​១ -​ក្រមា​១ -​កន្ទេល​១ -​អង្ករ​៥០​គីឡូ ក្រាម -​មី​១​កេស -​ត្រីខ​១​យួរ ទឹកត្រី​១​យួរ សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​២០​ម៉ឺន​រៀល ។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ