ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ និង​អ្នកជំងឺ​គួរ​មានទំ​នាក់ទំនង​គ្នា​ល្អ​ងាយស្រួល​ពិនិត្យ​ និង​ព្យាបាល

6 ឆ្នាំ មុន

មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​ត្រូវ​លើកយក​មក​និយាយ​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​។ មនុស្ស​ភាគច្រើន​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ឲ្យ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ គ្រូពេទ្យ​ជា​ច្រើន​បាន​ត្រូវ​ចោទប្រកាន់​ថា មិន​គោរព​ក្រមសីលធម៌ មើលឃើញ​លុយ​ជា​ធំ ហើយ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​សង្គ្រោះ​ជីវិត​មនុស្ស ខណៈ​ដែល​ពួក​គេ​បំពេញការងារ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ។…

មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​ត្រូវ​លើកយក​មក​និយាយ​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​។ មនុស្ស​ភាគច្រើន​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ឲ្យ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ គ្រូពេទ្យ​ជា​ច្រើន​បាន​ត្រូវ​ចោទប្រកាន់​ថា មិន​គោរព​ក្រមសីលធម៌ មើលឃើញ​លុយ​ជា​ធំ ហើយ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​សង្គ្រោះ​ជីវិត​មនុស្ស ខណៈ​ដែល​ពួក​គេ​បំពេញការងារ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ។

ដូច​ជា​នៅ​ក្នុង​វិជ្ជាជីវ​:​ផ្សេង​ទៀត​ដែរ វា​គ្មាន​ភាព​ផូរផង់​មួយ​ដែល យើង​ត្រូវ​អួត​នោះ​ឡើយ​​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ។ ការងារ​វេជ្ជសាស្ត្រ​មាន​វិសាលភាព​ធំ​ហួស​ហេតុ​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មានការ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ។ អ្វី​ដែល​យើង​ត្រូវ​ឈ្វេងយល់​ទី​នេះ គឺថា​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដើម្បី​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​មាន​ជំងឺ​មួយ​នោះ វា​ទាក់ទង​នឹង​កត្តា​ជា​ច្រើន​ដូច​ជា ចំណេះដឹង​ដែល​គ្រូពេទ្យ​រៀន​តាម​សាលា និង​សៀវភៅ​កម្រាស់​រាប់​ពាន់​ទំព័រ ពិសោធន៍​​របស់​គ្រូពេទ្យ សម្ភារ​វេជ្ជសាស្ត្រ​ទំនើប និង​សំខាន់​ដែរ​នោះ គឺ​ការ​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ប្រវត្តិ​របស់​ជំងឺ​ដល់​គ្រូពេទ្យ ។ ជា​ទូទៅ​ក្នុង​ការ​ពិនិត្យ​ជំងឺ​គ្រូពេទ្យ​តែង​តែង​ពឹងផ្អែក​ទៅ​លើ​កត្តា​ទាំង​អស់នេះ ។ ដូច្នេះ​ហើយ​បានជា​ការ​ពិនិត្យ​ជំងឺ​តែងតែមាន​ដំណាក់​កាល​សាកសួរ​ប្រវត្តិ​ជំងឺ ការ​ពិនិត្យ​លើ​រាង​កាយ​អ្នកជំងឺ​ផ្ទាល់ និង​ការ​ពិនិត្យ​ប៉ា​រ៉ា​គ្លីនិក​ដែល​ទាក់ទង​ទៅ​នឹង​ការ​ពិនិត្យ​ឈាម ការ​ថត​អេកូ ការ​ថត​កាំរស្មី​ការ​ថត​ស្កែ​ន​ជាដើម ។

ការ​ពិនិត្យ​ទាំងនេះ​ប្រៀប​បីដូច​ជា​មុំ​បី​ដែល​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អាច​ឈាន​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​មួយ ។ ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​ពិនិត្យ​ណាមួយ​ក្នុង​ចំណោម​ការ​ពិនិត្យ​ទាំង​បី​នេះ អាច​នឹង​នាំ​អោយ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ខុស​ប្រៀប​ដូច​ជា​កៅអី​ដែល​មាន​ជើង​បី ហើយ​មិន​អាច​បាក់ជើង​ណាមួយ​យ៉ាង​ដូច្នេះ ។

ក្រៅ​អំពី​ការ​ពឹងផ្អែក​ទៅ​លើ​ការ​ពិនិត្យ​រាង​កាយ​អ្នកជំងឺ​និង​ការ​ពិនិត្យ​ប៉ា​រ៉ា​គ្លីនិក ព័ត៌មាន​ដែល​អ្នកជំងឺ​ផ្តល់​ឲ្យ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ជួយ​គ្រូពេទ្យ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ។

នេះ​វា​រំលេច​ចេញ​នូវ​តម្រូវការ​ដ៏​ចាំបាច់ ដែល​អ្នកជំងឺ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​លម្អិត​ជូន​ដល់​គ្រូពេទ្យ ទោះបីជា​ពេល​ខ្លះ​គ្រួ​ពេទ្យ​មិន​បាន​សាកសួរ​ដល់​ក្តី ។

ឧទាហរណ៍​យ៉ាង​សាមញ្ញ​មួយ​គឺថា អ្នកមាន​ឈាម​ចេញ​តាម​មាត់ ។ វា​អាច​ជា​ក្អួត ឬ​ក៏​ក្អក​ឈាម ។ បើសិនជា​អ្នក​មិន​អាច​ពិពណ៌នា​ឲ្យ​ច្បាស់លាស់​គួប​ផ្សំ​នឹង​ការ​ប្រាប់​គ្រូ​ពេទ្យ​របស់​អ្នក​អំពី​ជំងឺ​ដែល​អ្នក​ធ្លាប់​មាន​ទេ​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​វិនិច្ឆ័យ​ខុស​ទៅ​លើ​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ចេញ​ឈាម​តាម​មាត់​នោះ ។ ប្រវត្តិ​នៃ​ជំងឺ​សួត​គួប​ផ្សំ​នឹង​ការ​ពិពណ៌នា​ថា ការ​ចេញ​ឈាម​នោះ​កើត​មាន​ពេល​ក្អក នឹង​នាំ​ឲ្យ​គ្រូពេទ្យ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ពិនិត្យ​សួត ។ ផ្ទុយ​មក​វិញ​បើសិនជា​អ្នក​បាន​ពិពណ៌នា​អំពី​ប្រវត្តិ​ចុក​ឆ្អល់ចុងដង្ហើម ឬ​ធ្លាប់​មាន​បញ្ហា​ក្រពះ​នោះ ហើយ​អ្នក​ពិពណ៌នា​ថា ការ​ធ្លាក់​ឈាម​នោះ​កើត​មាន​ក្រោយ​ពី​អ្នកមាន​អារម្មណ៍​ចង្អោរ​នោះ គ្រូពេទ្យ​នឹង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​បណ្តាល​មក​ពី​ប្រដាប់​រំលាយ​អាហារ​ដែល​អាច​ជា​បំពង់​អាហារ​និង​ក្រពះ​ជាដើម ។

ដូច្នេះ​ការ​ផ្តល់​ព័ត៌មាន​មិន​ច្បាស់លាស់​នឹង​អាច​នាំ​ឲ្យ​គ្រូពេទ្យ​វង្វេង​នៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គ្រូពេទ្យ​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដែល​ជា​ការ​តម្រង់​ទិស​ដល់​ការ​ព្យាបាល ។ ការ​សាកសួរ​អ្នកជំងឺ​យ៉ាង​ល្អិតល្អន់​បំផុត គួរតែ​ត្រូវ​បាន​អនុវត្ត​ជំនួស​ឲ្យ​ការ​ពិនិត្យ ត្រួស​ៗ ក៏​នាំ​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​ប្រកបដោយ​ខុសឆ្គង ។

ការ​ពិនិត្យ​ទៅ​លើ​ការ​ទាក់ទង​ដ៏​ទន់ខ្សោយ​នេះ វា​តម្រូវ​ឲ្យ​សាធារណជន​កម្ពុជា​យល់​កាន់​តែ​ច្បាស់​អំពី​ព័ត៌មាន​សុខភាព​ដើម្បី​ជួយ​ដល់​គ្រូពេទ្យ​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ ។

នៅ​ពេល​ដែល​ការ​ទាក់ទង​រវាង​គ្រូពេទ្យ និង​អ្នកជំងឺ​បាន​ត្រូវ​កែ​លម្អ​ហើយ​នោះ វា​នឹង​តម្រូវ​ឲ្យ​គ្រូពេទ្យ​កម្ពុជា​ពង្រឹងសមត្ថភាព​ផ្នែក​វិជ្ជាជីវ​: និង​ក្រមសីលធម៌​ដើម្បី​ជួយ​សង្គ្រោះ​​ជីវិត​ឲ្យ​កាន់តែ​បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​ការងារ​គួរ​ឲ្យ​គោរព​របស់​ខ្លួន ។ ដើម្បី​ជា​ជំនួយ​ដល់​គ្រូពេទ្យ​នៅ វា​ក៏​ទាមទារ​ខានមិនបាន​ដែល​មន្ទីរពេទ្យ​នានា បំពាក់​ឧបករណ៍​​ពេទ្យ ទំនើប​ៗ​ដើម្បី​ជួយ​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ ។

សំ​ណេ​រ​មួយ​នេះ​អាច​ជួយ​ឲ្យ​មានការ​ទុកចិត្ត​គ្នា​កាន់តែ​ខ្លាំង រវាង​គ្រូពេទ្យ​និង​សាធា​រណ​ជន​កម្ពុជា ។ សូម​ឲ្យ​សាធារណជន​កម្ពុជា​ផ្តល់​ការ​ទុកចិត្ត​ឲ្យ​បាន​កាន់តែ​ច្រើន​ដល់​គ្រូ​ពេទ្យ​​កម្ពុជា ពីព្រោះ​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់ ដែល​ចង់​ឃើញ​ជីវិត​មនុស្ស​បាត់បង់​ក្រោម​ស្នាដៃ​របស់​ខ្លួន​ឡើយ ។ ដូច​គ្នា​នេះ​សូម​ឲ្យ​គ្រូពេទ្យ​កម្ពុជា​ពង្រឹង​ទាំង​ផ្នែក​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​បាន​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ