ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​តួ​ក​គី​វាយ​យក​បាន​ក្រុង​ទាំងមូល​ហើយ

6 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ប្រទេស​ស៊ី​រី ៖ ទង់ជាតិ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៨ មីនា ត្រូវ​ដោត​នៅ​ទីក្រុង​ស៊ី​រី AFRINE ក្រោយ​ការ​វាយលុក​រយៈពេល​ជិត​២​ខែ​របស់​កងទ័ព​តួ​ក​គី និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​ដែល​នោះ​ជា​ការ​សម្រេច​បំណង​របស់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន…

ប្រទេស​តួ​ក​គី​-​ប្រទេស​ស៊ី​រី ៖ ទង់ជាតិ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៨ មីនា ត្រូវ​ដោត​នៅ​ទីក្រុង​ស៊ី​រី AFRINE ក្រោយ​ការ​វាយលុក​រយៈពេល​ជិត​២​ខែ​របស់​កងទ័ព​តួ​ក​គី និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​ដែល​នោះ​ជា​ការ​សម្រេច​បំណង​របស់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ក្នុង​ការ​កម្ចាត់​ពួក​ជីវពល​ឃើ​ត​ចេញពី​តំបន់​ព្រំដែន​នេះ ។ ក្រុង​អង់កា​រ៉ា​ចាត់​ទុក​ពួក​ជីវពល​ឃើ​ត​នេះ​ថា​ជា​ពួក​ភេរវ​ករ ។

ពួក​ឃើ​ត​ស៊ី​រី បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សន្យា​ធ្វើការ​ប្រយុទ្ធ​ដើម្បី​រំដោះ​តំបន់ AFRINE ទាំងមូល​មក​វិញ ។ តំបន់​ទីក្រុង​ឃើ​ត​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​២០ មក​រា មក ជា​គោលដៅ​នៃ​ការ​វាយលុក​របស់​តួ​ក​គី ក្នុង​គោលបំណង​កម្ចាត់​កងឯកភាព​ការពារ​ប្រជាជន YPG ចេញពី​ទីនោះ ។ ក្រុម​ជីវពល​ឃើ​ត​នេះ​ត្រូវ​បាន​ក្រុង​អង់កា​រ៉ា ចាត់ទុកជា​ការ​គំរាមកំហែង​មួយ​ដល់​ព្រំដែន​របស់​ខ្លួន ខណៈ​ក្រុម​នេះ​ជា​សម្ព័ន្ធមិត្ត​របស់អា​មេ​រិ​ក​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​វាយ​រុលទៅមុខ​យ៉ាង​លឿន​ឆ្ពោះទៅ​កណ្តាល​ក្រុង AFRINE របស់​កងទ័ព​តួ​ក​គី និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​នាំ​ឱ្យ​មានកា​រត់​ភៀស​ខ្លួន​របស់​ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់ ដែល​ការ​រត់​ភៀស​ច្រើន​បែប​នេះ ក៏​កំពុង​កើត​មាន​ដែរ​លើ​រណសិរ្ស​មួយទៀត​នៃ​ជម្លោះ​នៅ​ស៊ី​រី គឺ​នៅ​តំបន់ GHOUTA ខាងកើត​ក្បែរ​ក្រុង​ដា​ម៉ាស់ ដែល​ទីនោះ​កងទ័ព​ស៊ី​រី​វាយ​ដណ្តើម​យក​បាន​ជាង​៨០%​រួច​ហើយ ។

កាលពី​ថ្ងៃ​ទី​១៨ មីនា ប៉ុន្មាន​ម៉ោង​ក្រោយ​លុក​ចូល​ដល់​ក្នុង​ទីក្រុង AFRINE កងទ័ព​តួ​ក​គី​បាន​ដាក់​ពង្រាយ​ក្នុង​គ្រប់​សង្កាត់​នៃ​ទីក្រុង​នេះ ដោយ​បាញ់​ទៅ​លើ​អាកាស​ជា​ការ​អបអរ​សាទរ និង​ដោយ​ដើរ​ហែ​ក្បួន ។ កង​ទាហាន​តួ​កគី​បាន​លើក​ទង់ជាតិ​តួ​ក​គី​លើ​អគារ​សាធារណៈ ។

ក្រោយ​ត្រូវ​វាយ​កម្ចាត់​ពី​តំបន់​ក្រុង AFRINE រដ្ឋបាល​មូលដ្ឋាន​ឃើ​តនៃ​តំបន់​ក្រុង​នេះ បាន​សន្យា​ថា ការ​តស៊ូ​នៅ AFRINE នឹង​បន្ត​ទៀត រហូត​ដល់​រំដោះ​យក​វិញ​បាន ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា យុទ្ធ​ជន​ឃើ​ត​ជាង​១.៥០០​នាក់ បាន​ត្រូវ​ស្លាប់ ហើយ​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​តួ​ក​គី​៤០០​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​មក ។ ចំណែក​កងទ័ព​តួ​ក​គី​រៀបរាប់​ពី​ទាហាន​របស់​ខ្លួន​ស្លាប់​៤៦​នាក់ ។

តួ​ក​គី​បាន​បដិសេធ​ថា ពុំ​វាយប្រហារ​សំដៅប្រជាជន​ឡើយ ក៏​ប៉ុន្តែ OSDH វាយតម្លៃ​ថា ជន​ស៊ី​វិល​ជាង​២៨០​នាក់​ស្លាប់ តាំងពី​ចាប់​វាយលុក​មក ។ ម្យ៉ាងទៀត​ប្រឈម​មុខ​នឹង​ការ​វាយរុលទៅមុខ​របស់​កងទ័ព​តួ​ក​គី​មនុស្ស​ជិត​២៥០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ទីក្រុង AFRINE ពី​ថ្ងៃ​ទី​១៤ មីនា មក​សំដៅ​ទៅ​កាន់​បណ្តា​តំបន់​កាន់កាប់​ដោយ​ពួក​ឃើ​ត ឬ​បណ្តា​តំបន់​កាន់កាប់​របស់​របប​ស៊ី​រី ។ ក្នុង​ទីក្រុង AFRINE នៅ​សល់​ប្រជាជន​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ។ នា​ថ្ងៃ​ទី​១៨ មីនា យុទ្ធ​ជន​ស៊ី​រី​ស្និទ្ធ​តួ​ក​គី​១៣​នាក់ បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​ផ្ទុះគ្រាប់​មីន​ពេល​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​នៅក្រុង AFRINE ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ