ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អៀង វុធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែ នៅកម្រិតទាប ពិសេសអ្នកជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព។ មានប្រសាសន៍បែបនេះ នៅក្នុងយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុត្ថិភាព នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមុខសាលាស្រុកជលគីរី ដោយមានកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញជាច្រើនរូបទៀត។ ឯកឧត្តម អភិបាលរង ខេត្តកំពង់ឆ្នាំង បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋចាំថា ពេលចេញដំណើរដោយជិះម៉ូតូ ទោះជិតឬឆ្ងាយត្រូវពាក់មួកសុវត្ថិភាព ព្រោះថា ពាក់មួកសុវត្ថិភាព វានឹងជួយសម្រាលពីការរង របួសធ្ងន់មកស្រាល បើយើងជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យណាមួយ។ ថ្ងៃនេះសមត្ថកិច្ច និង មន្ត្រីជំនាញ បានចុះផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដោយចាប់ផាកពិន័យ ចំនួន១ម៉ឺន៥ពាន់រៀល តែបានឲ្យមួកសុវត្ថិភាពទៅបងប្អូនវិញនូវមួកចំនួន១។

ប៉ុន្តែថ្ងៃក្រោយ បងប្អូនជិះម៉ូតូមិនពាក់មួកសុវត្ថិភាព សមត្ថកិច្ចចាប់បានគឺឲ្យបងប្អូនទៅទិញមួក ដោយខ្លួនឯងមកពាក់ត្រឹមត្រូវ ហើយទើបឲ្យម៉ូតូបងប្អូនត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នាដែរ ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ រួមទាំងសិស្សានុសិស្ស សូមចូលរួមគោរពច្បាប់ ចរាចរណ៍ និងសូមពាក់មួកគ្រប់គ្នា ពេលជិះម៉ូតូ។ ម្យ៉ាងវិញទៀត នៅពេលបើកបរ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក មិនត្រូវបានបើកបរហួសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនត្រូវបើកបរដោយការប្រើប្រាស់គ្រឿងញៀន និងមិនត្រូវបើកបរក្នុងស្ថានភាពងោកងុយជាដើម។

សូមបើកបរឲ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ត្រូវពាក់មួកសុវត្ថិភាព គ្រប់ពេលសម្រាប់អ្នកជិះម៉ូតូ ,ត្រូវពាក់ខ្យែក្រវ៉ាត់ សម្រាប់អ្នកបើកបរយាន្ត , ត្រូវបើកបរដោយប្រកាន់ស្តាំ , និងត្រូវបើកបរដោយការប្រុងប្រយ័ត្ន។ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា នេះជាការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ លើកទី៨ហើយ ដែលធ្វើនៅស្រុកជលគីរីនេះដោយត្រូវចែកមួកចំនួន១០០។ ជាមួយគ្នានេះលោកបានរំឮកដែរ យោងរបាយការណ៍របស់អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ បានកើតឡើងចំនួន៨៨ករណី បើប្រៀបធៀបឆ្នាំចាស់បានកាត់បន្ថយ១០ករណី។ បង្កឲ្យមនុស្សស្លាប់ចំនួន៤០នាក់ បានថយចុះ ១០នាក់ និងធ្វើឲ្យមនុស្សរងរបួសចំនួន១៥៣នាក់ បានកាត់បន្ថយ៣០នាក់៕
ចែករំលែកព័តមាននេះ