ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ្យកា​រដោះ​លែង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ រឿង​ស៊ីដាច់​ប្រាក់​ជាង​២​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជាង​២​លាន​ដុល្លារ អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជាង​២​លាន​ដុល្លារ អា​មេ​រិ​ក ពី​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ក្រោម​រូបភាព​វិនិយោគ​ខ្យល់ នៅ​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ រួច​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែមីនា លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដោះ​លែង​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី ឲ្យ​មាន​សេរីភាព​វិញ​។ ចំពោះ​មូលហេតុ​នៃ​ការ​ដោះ​លែង​នេះ​មិន​មាន​ប្រភព​ណា​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​បំពេញ បេសកកម្ម​នៅ​ក្រៅប្រទេស​។

បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី រូប​នេះ​ឈ្មោះ WOO KEE MUN ហៅ WOO CLEMENT អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២/១១ ផ្លូវ​៥៩៨ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យ​ចូល របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ភោជនីយដ្ឋាន តា​យ​ម៉េ​ង ក្នុង​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤ ជនសង្ស័យ បាន​ទាក់ទង​ជនជាតិ​ជប៉ុន ចំនួន​២៩​នាក់ ដោយ​កុហក​ថា ខ្លួន​មាន​ដី​សម្រាប់​ដាំ​ម្រេច នៅ​ឃុំ​ត្រពាំង​ក្តារ ស្រុក​ដងទង់ ខេត្តកំពត​, មាន​ដី​សម្រាប់​ដាំដំឡូង និង​ដើម​អាកាស្សា នៅ​ឃុំ​ក្រាំង​ដ​ង្វា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​មាន​ដី​សម្រាប់​ដាំ​ស្វាយ នៅ​ខេត្តកំពង់ស្ពឺ តែ​តាម​ការ​ពិត ពេល​ទទួល​ប្រាក់​ពី​ជន​រង​គ្រោះ​រួច​ហើយ គឺ​គេចខ្លួន​រហូត ពោល​គ្មាន​ដី​សម្រាប់​ការ​វិនិយោគ​ទាំងនេះ​ឡើយ​។

ជនសង្ស័យ​បាន​ប្រើប្រាស់​លិខិត ឆ្លង​ដែន ចំនួន​៤ ដើម្បី​ងាយស្រួល​ដើរហើរ និង​ប្រើ​រួប​ភាព​ឆបោក​។ ក្រៅពី​ជនជាតិ​ជប៉ុន​ខាងលើ​នេះ ក៏​មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ជនជាតិ​សឹ​ង្ហ​បុរី​ប្រមាណ​១០​នាក់​ទៀត ដែល​បាន​ចាញ់បោក​ជនសង្ស័យ រូប​នេះ តែ​ពួក​គេ​មិន​ទាន់​មក​ដាក់​ពាក្យបណ្តឹង​។ មន្ត្រី​នគរបាល​បាន​ចាត់​ទុក​ថា នេះ​ជា​រូបភាព​បោក​អន្តរជាតិ​មួយ និង​បាន​ធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​អន្តរជាតិ​ខ្លាច ចំពោះ​ការ​មក​រកស៊ី​នៅ​ក្នុងស្រុក​ខ្មែរ​។ ក្រោយ​ពី​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១៦ មីនា នេះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ដោះ​លែង​ជនជាតិ​ម៉ា​ឡេ​ស៊ី​នោះ​ឲ្យ​ទៅ​ផ្ទះ​វិញ ធ្វើ​ឲ្យ​ដើមបណ្តឹង​២៩​នាក់ និង​មេធាវី​ការពារ​ក្តី​ស្រឡាំងកាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ