រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលខណ្ឌ នុត ពុធដារ៉ា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់ក្រាលបេតុងមួយខ្សែដែលប្រើឆ្អឹងដែកជូនជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងជាការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី២ មករា ២០១៣ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់អភិបាលរងខណ្ឌ មន្ត្រីការិយាល័យជុំវិញខណ្ឌ អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋជាច្រើនទៀត ។
លោកចៅសង្កាត់ក្រាំងពង្របានថ្លែងឲ្យដឹងថា ផ្លូវមួយខ្សែដែលកំពុងចាប់ផ្ដើមធ្វើការបើកការដ្ឋានស្ថាបនានាពេលនេះជាអតីតផ្លូវលំធម្មតាដែលមានជង្ហុក និងថ្លុកជាច្រើនបង្កការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងពេលកន្លងមក។ ពេលនេះផ្លូវខាងលើត្រូវបានធ្វើការស្ថាបនាឡើង ដោយចាក់ក្រាលបេតុងដែលប្រើឆ្អឹងដែក និងមានប្រវែង៥៦២ម៉ែត្រ ទទឹង៥ម៉ែត្រកំរាស់០,១៥ម៉ែត្រ ហើយមានផ្ទៃក្រឡាសរុបចំនួន២,៨១០ម៉ែត្រការ៉េ ត្រូវបានស្ថាបនាឡើងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលតាមគម្រោងត្រូវប្រើរយៈពេល៦០ថ្ងៃ នឹងរួចរាល់ជាស្ថាពរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ