ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ខោអាវ និង​ស្បែកជើង​ជជុះ​នៅ​ផ្សា​របឹង​កេងកង​ធ្លាក់​ចុះ​ខ្លាំង (មាន​វីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ខោអាវ និង​ស្បែកជើង​ជជុះ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ តែង​នាំ​គ្នា​សំដៅ​ទៅ​ផ្សា​របឹង​កេងកង ដែល​ជា​ផ្សារ​អីវ៉ាន់​ជជុះ​ដ៏​ពេញ​និយម ព្រោះ​អ្នក​ជាវ​លើក​ឡើង​ថា ខោអាវ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ខោអាវ និង​ស្បែកជើង​ជជុះ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ តែង​នាំ​គ្នា​សំដៅ​ទៅ​ផ្សា​របឹង​កេងកង ដែល​ជា​ផ្សារ​អីវ៉ាន់​ជជុះ​ដ៏​ពេញ​និយម ព្រោះ​អ្នក​ជាវ​លើក​ឡើង​ថា ខោអាវ និង​ស្បែកជើង​ជជុះ គឺ​នៅ​តែ​ថ្មី​ស្អាត​ៗ និង​មានគុណ​ភាព​ខ្ពស់ មិន​ចាញ់​ខោអាវ​ថ្មី​តាម​ហាង និង​តាម​ផ្សារ​ផ្សេង​ទៀត​ឡើយ ។

ទោះបី​យ៉ាងនេះ​ក្ដី ក្រុម​អាជីវករ​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ថា ៖« ការ​លក់ដូរ​រាល់ថ្ងៃ មិនសូវ​ដាច់​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ ដោយសារ​តែ​មាន​អ្នកលក់​នៅ​តាម​ផ្លូវ​សាធារណៈ​កាន់តែ​ច្រើន​ឡើង​ៗ » ។

អ្នកស្រី អឿ​ន គង់ អាយុ​៤៥​ឆ្នាំ បាន​រៀបរាប់​ថា អ្នកស្រី​បាន​ចាប់​មុខរបរ​លក់​ស្បែកជើង​ជជុះ​នៅ​ក្នុង​ផ្សា​របឹង​កេងកង​នេះ អស់​រយៈពេល​៥​ឆ្នាំ​ហើយ ដោយ​មាន​លក់​ដូច​ជា ប្រភេទ​​ស្បែកជើង​ប៊ូ ប៉ា​តា និង​កាបូបស្ពាយ​សម្រាប់​បុរស​ៗ ។ ការ​លក់​របស់​គាត់​សព្វ​ថ្ងៃនេះ ហាក់ដូចជា​ស្ងាត់​ភ្ញៀវ​យ៉ាង​ខ្លាំង និង​លក់ដាច់​ដោយ​ថ្ងៃ មាន​ន័យ​ថា ថ្ងៃ​ខ្លះ​ក៏​លក់ដាច់ និង​ថ្ងៃ​ខ្លះ គ្មាន​ភ្ញៀវ​តែ​ម្តង សឹងតែ​រក​លុយ​បង់ថ្លៃ​តូប​មិន​ចង់បាន ។ បើ​ធៀប​នឹង​កាលពី​២​ទៅ​៣​ឆ្នាំ​មុន គឺ​ខុស​គ្នា​យ៉ាង​ខ្លាំង ។

អ្នកស្រី​បន្ត​ថា ថ្វី​ដ្បិតតែ​ជា​អីវ៉ាន់​ជជុះ តែ​សុទ្ធ​សឹង​ជា​អីវ៉ាន់​ល្អ និង​មានគុណ​ភាព ហើយ​តម្លៃ​វិញ​ក៏​ធូរ​ថ្លៃ​សមរម្យ​ដែរ គឺ​មាន​ចាប់ពី​១២​ដុល្លារ​ដល់​១៧​ដុល្លារ ទៅ​តាម​របស់​ល្អ​ឬ​មិនសូវ​ល្អ ។

ដូច​គ្នា​នេះ​ដែរ ម្ចាស់​តូប​ម្នាក់​ទៀត​ដែល​ប្រកប​របរ​នេះ​រយៈពេល​១០​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ដែរ​ថា អ្នកស្រី​បាន​ជួល​តូប​ជាប់​គ្នា​ចំនួន​២​ដាក់​លក់​ខោអាវ​ជជុះ ដោយ​តូប​១​ត្រូវ​ជួល​ក្នុង​តម្លៃ​៤០០​ដុល្លារ ។

អ្នកស្រី​បាន​បន្ត​ថា ការ​លក់​ខោអាវ​ជជុះ​ពេល​នេះ គឺ​ខុស​ប្លែក​យ៉ាង​ខ្លាំង​ជាង​កាលពី​៣​ទៅ​៤​ឆ្នាំ​មុន ដោយសារ​តែ​ស្ងាត់​មិនសូវ​មាន​ភ្ញៀវ​មក​ទិញ ។

អ្នកស្រី​និយាយ​ថា ៖« ការ​លក់ដូរ​រាល់​ថ្ងៃនេះ មិន​ថា​ឡើយ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ធម្មតា​ទេ គឺ​លក់​ដាច់​មួយ​ៗ​តែ​ប៉ុណ្ណោះ ស្ទើរតែ​រក​លុយ​បង់ថ្លៃ​ឈ្នួល​តូប​លែង​ចង់បាន​ទៅ​ហើយ មិន​ថា​តែ​ខ្ញុំ​ទេ អាជីវករ​ដទៃ​ទៀត​ក៏​ដូច​គ្នា​ដែរ » ។

អ្នកស្រី​បាន​កត់​សម្គាល់ថា ៖« រាល់​ថ្ងៃនេះ ការ​លក់​ខោអាវ​ជជុះ​របស់ខ្ញុំ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​អ្នកលក់​ខោអាវ​ថ្មី​ៗ និង​ខោអាវ​ជជុះ​ជា​ច្រើន​នៅ​តាម​ទី​សាធា​រណៈ ដោយ​មាន​អ្នកខ្លះ​ដាក់​លក់​នៅ​តាម​ផ្លូវ​ក៏​មាន និង​ដើរ​លក់​ចល័ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ក៏​មាន ។ ពេល​នេះ អ្នកទិញ​មាន​ចំនួន​កាន់តែ​ថយ​ទៅ​ៗ និង​ស្ទើរតែ​មិន​មាន​ទៅ​ហើយ​សម្រាប់​ហាង​របស់ខ្ញុំ » ។

លោក អ៊ុ​ក ច័ន្ទ​ឆៃ​យុទ្ធ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ធនាគារ​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេលទំនេរ លោក​តែង​មក​កាន់​ផ្សា​របឹង​កេងកង​នេះ ដើម្បី​រក​មើល​និង​ទិញ​ខោអាវ​ជជុះ ដោយសារ​តែ​វា​នៅ​មានគុណ​ភាពល្អ​ច្រើន ។

លោក​បន្ត​ថា ៖« ប្រភេទ​ខោអាវ​ជជុះ​នៅ​ទី​នេះ វា​ស្អាត​ៗ មានគុណ​ភាព​ខ្ពស់ និង​មាន​តម្លៃ​​ថោក​សមរម្យ​សម្រាប់​ខ្ញុំ​ទិញ​យក​ទៅ​ប្រើប្រាស់ ដោយ​មិន​ចាញ់​ខោអាវ​ថ្មី​ៗ​ដែល​គេ​លក់​នៅ​តាម​តូប​ក្នុង​ផ្សារ និង​ហាង​ធំ​នោះ​ប៉ុន្មាន​ទេ » ។

លោក​បាន​បញ្ជាក់​ថា អីវ៉ាន់​ជជុះ​ក្នុង​ផ្សា​របឹង​កេងកង​នេះ គឺ​នៅ​តែ​មានគុណ​ភាពល្អ មិន​ថា​ខោ​ឬ​អាវ សូ​ម្បី​តែ​សម្ភារ​ជជុះ​ផ្សេង​ទៀត ក៏​នៅ​ល្អ​ដែរ ហើយ​ជជុះ​ខ្លះ តម្លៃ​វា​លើស​ខោអាវ​តាម​ហាង​ក៏​មាន​ដែរ ។

ខោអាវ​មួយ​ទឹក ឬ​ក៏​ខោអាវ​ជជុះ​នេះ គឺ​នៅ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​មនុស្ស​ទូទៅ ដោយ​មិន​ប្រកាន់​ថា ជា​អ្នកមាន​ធនធាន​តិចតួច ឬ​ក៏​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ទេ ដែល​ទិញ​យក​ទៅ​ស្លៀក​ឬ​ប្រើប្រាស់ ព្រោះ​វា​ជា​របស់​ល្អ និង​ស្អាត។ មិនតែប៉ុណ្ណោះ វា​ថែម​ទាំង​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ផង​ដែរ ។

ការ​លក់​ធ្លាក់​ចុះ​នេះ ក្រុម​អាជីវករ​ផ្សា​របឹង​កេងកង​មើលឃើញ​ថា ដោយសារ​មាន​កំណើន​​នៃ​ការ​លក់​ចល័ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​, ការ​បើកហាង​លក់​ខោអាវ​កាន់តែ​ច្រើន​ឡើង​ៗ ក៏​ដូច​ជា​ការ​កើនឡើង​នូវ​ការ​លក់​តាម​អន​ឡាញ ដែល​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នៅ​ផ្សា​របឹង​កេងកង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ