ដឹងមូលហេតុហើយ! ករណីឆេះឃ្លាំងក្រុមហ៊ុនកែច្នៃអេតចាយមួយកន្លែង នៅផ្លូវជាតិលេខ៤ ព្រឹកមិញ
- កណ្តាល
ខេត្តកណ្ដាល៖ មានឧប្បត្តិហេតុឆ្លងចរន្តអគ្គិសនីម៉ាស៊ីនកែច្នៃប្រេង នៅក្នុងឃ្លាំងក្រុមហ៊ុនកែច្នៃអេតចាយមួយកន្លែង បង្កឲ្យមានការឆាបឆេះទាំងម៉ាស៊ីននោះរួមទាំងសម្ភារៈផ្សេងទៀត និងអគារឃ្លាំងយ៉ាងសន្ធសន្ធៅ ។ ប៉ុន្តែភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទៅវិញ បណ្ដាលឲ្យខូចខាតម៉ាស៊ីនកែច្នៃប្រេនោះទាំងស្រុង ព្រមទាំងអគារ និងសម្ភារៈក្នុងនោះប្រមាណ៤០ភាគរយ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងក្រុមហ៊ុនកែច្នៃអេតចាយ(ខេមបូឌា)ខូអិលធីឌី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
កម្មករដែលបម្រើការងារនៅទីនោះបាននិយាយថា ទីតាំងក្រុមហ៊ុនខាងលើនោះជាកន្លែងកែច្នៃអេតចាយចេញជាប្រេង និងសម្ភារៈផ្សេងៗ (នៅពេលសួរថាតើច្នៃជាប្រេងអ្វី ? កម្មករខាងលើនោះអេះអុញៗ មិនព្រមឆ្លើយប្រាប់ឲ្យដឹងនោះទេ គ្រាន់តែនិយាយដដែលៗថា ច្នៃប្រេងប៉ុណ្ណោះ ។ ដោយឡែកនៅវេលាកើតហេតុខាងលើខណៈកំពុងដំណើរការកែច្នៃប្រេងនៅថ្ងៃដំបូងផង ក៏ស្រាប់តែម៉ាស៊ីនកែច្នៃនោះឆ្លងចរន្ត បង្កជាអណ្ដាតភ្លើងឆាបឆេះរាលដល់សម្ភារៈនិងប្រេងនៅក្នុងអគារនោះយ៉ាងសន្ធសន្ធៅនិងមានផ្សែងហុយខ្មៅឃ្មួលខ្មាញ់តែម្ដង ហើយពុំអាចពន្លត់ឈ្នះឡើយ ។
សមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង បានបង្កឲ្យមានការព្រួយបារម្ភខ្លាំង ព្រោះខ្លាចឆេះដល់ផ្ទះជួលនិងផ្ទះអ្នកភូមិច្រើនខ្នងទៀតនៅក្បែរទីតាំងនោះ ហើយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក៏បានចេញទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ ខណៈនោះរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅសាលាស្រុកអង្គស្នួល ១គ្រឿងបានទៅដល់ជាបន្តបន្ទាប់ ហើយបាញ់ទឹកពន្លត់រលត់ទៅវិញទាំងស្រុងមិនរាលដល់កន្លែងផ្សេងទៀតឡើយ ៕



















ចែករំលែកព័តមាននេះ