ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ឃ្លៀច អាច​ស្តុក​ទឹកបាន​ប្រមាណ ១១៥​លាន​ម៉ែត្រគូប គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២៦​នេះ វឌ្ឍនភាព​ការងារ​សម្រេច​បាន​ប្រមាណ ២០%​ហើយ

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ឃ្លៀច ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ អាច​ស្តុក​ទឹកបាន​ប្រមាណ ១១៥​លាន​ម៉ែត្រគូប ជួយ​ធានា​សន្តិសុខ​ទឹក និង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​ប្រភព​ធនធានទឹក​ធម្មជាតិ​ដ៏​មាន​សារៈសំខាន់​មួយទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដោយ​ធ្វើការ​សាងសង់​ទំនប់​អាង​ស្ដុក​ទឹកស្ទឹង​ឃ្លៀច នៅ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​រក្សា​ទឹក​ទុក ព្រមទាំង​ជួយ​បង្កើន​បរិមាណ​ស្ដុក​ទឹក សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ជំនន់​នៅ​ក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត​។

គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ឃ្លៀច មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល និង​ភូមិ​សាមគ្គី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ និង​មាន​ចំងាយ​ប្រមាណ ៨២​គីឡូម៉ែត្រ​ពី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​គ្រប់គ្រង​ប្រភព​ទឹក​។

ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​គម្រោង​រួម​មាន​៖ តួ​ទំនប់​មេ ១​កន្លែង ទំនប់​បង្ហៀរ ១​កន្លែង ទ្វារ​ទឹក ១​កន្លែង អគារ​គ្រប់គ្រង​ទំនប់ ១​កន្លែង ផ្លូវ​ចូល​ទីតាំង​គម្រោង ១​ខ្សែ ប្រវែង ១៣​គីឡូម៉ែត្រ និង​សំណង់​លូ​ដោះ​ទឹក​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ផ្លូវ​។ ការងារ​សាងសង់​មាន​រយៈពេល ៣៦​ខែ ដោយ​ចាប់ផ្តើម​នៅ​ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ខែធ្នូ ឆ្នាំ​២០២៨​។ គិត​ត្រឹម​ពាក់កណ្តាល ឆ្នាំ​២០២៦ នេះ វឌ្ឍនភាព​ការងារ​សម្រេច​បាន​ប្រមាណ ២០%​។

នៅ​ពេល​ការងារ​សាងសង់​បញ្ចប់​ជា​ស្ថាពរ គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ឃ្លៀច មាន​សមត្ថភាព​ស្ដុក​ទឹកបាន​ប្រមាណ ១១៥​លាន​ម៉ែត្រគូប និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​សន្ដិសុខ​ទឹក ដើម្បី​បម្រើ​ឱ្យ​ការងារ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​ចំនួន ៣៥០០០​ហិ​កតា និង​ផ្ទៃដី​ស្រូវប្រាំង​ចំនួន ៥០០០​ហិ​កតា​។

ទន្ទឹម​នឹង​នេះ គម្រោង​នេះ​ក៏​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដល់​ប្រជាពលរដ្ឋ គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត គ្របដណ្តប់​ក្នុង​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ក៏​មាន​សក្តានុពល ដោយ​បង្កើត​បាន​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ កែ​លម្អ​ប្រព័ន្ធ​ជីវចម្រុះ ជា​ប្រភព​ទឹក​សម្រាប់​សត្វព្រៃ និង​បង្កើន​ផល​ត្រី​នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​សម្បូរ​បែប​ផង​ដែរ ៕