ការិយាល័យឧតុនិយម (Met Office) បានចេញការព្រមាន «ពណ៌ក្រហម» ដ៏កម្រមួយ សម្រាប់បាតុភូតកម្តៅខ្លាំង នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស និងភាគខាងត្បូងនៃប្រទេសវែល សម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

ទោះបីជាអាកាសធាតុក្តៅខ្លាំង បង្កការលំបាកដល់ការធ្វើដំណើរ និងការប្រឡងរបស់សិស្សានុសិស្ស ហើយសាលាមួយចំនួនអាចនឹងត្រូវបិទទ្វារក៏ដោយ ក៏សាលារៀនភាគច្រើននៅតែបន្តបើកទ្វារដដែល ។
យោងតាមណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ការទៅរៀនគឺមានសារសំខាន់បំផុតសម្រាប់សុខុមាលភាពរបស់កុមារ ដូច្នេះ សាលារៀនគួរតែព្យាយាមបើកទ្វារ ទោះបីជាស្ថិតក្នុងស្ថានភាពរលកកម្តៅក៏ដោយ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំសាលាមានកាតព្វកិច្ចចម្បងក្នុងការរក្សាសុវត្ថិភាពសិស្ស ដោយត្រូវធ្វើការកែសម្រួលមួយចំនួន ព្រោះកុមារងាយរងគ្រោះដោយសារកម្តៅជាងមនុស្សពេញវ័យ ។
វិធានការសំខាន់ៗដែលសាលារៀនត្រូវអនុវត្ត៖ ការបន្ធូរបន្ថយឯកសណ្ឋាន អនុញ្ញាតឱ្យសិស្សមិនបាច់ពាក់អាវធំ ឬក្រវាត់ក ដោយប្តូរមកពាក់សម្លៀកបំពាក់កប្បាស ពណ៌ស្រាល និងរលុង ឬឈុតកីឡារបស់សាលាវិញ ។
កែសម្រួលម៉ោងកីឡា៖ ក្រសួងសុខាភិបាល និងថែទាំសង្គមណែនាំឱ្យផ្អាក ឬកាត់បន្ថយសកម្មភាពកីឡាណាដែលប្រើកម្លាំងខ្លាំង ។
ការពារកម្តៅថ្ងៃ៖ លើកទឹកចិត្តកុមារឱ្យនៅក្នុងម្លប់ ពាក់មួក និងលាបឡេការពារកម្តៅថ្ងៃ។
ផ្តល់ជាតិទឹក៖ ត្រូវធានាថាមានទឹកស្អាតសម្រាប់ឱ្យកុមារផឹកបានគ្រប់គ្រាន់ និងងាយស្រួល។
សញ្ញាគ្រោះថ្នាក់ដែលត្រូវតាមដាន៖ គ្រូបង្រៀន និងអ្នកថែទាំត្រូវយកចិត្តទុកដាក់ពិនិត្យមើលរោគសញ្ញានៃការលើសកម្តៅ អស់កម្លាំង ឬការគាំងបេះដូង/ដាច់សរសៃឈាមដោយសារកម្តៅ (Heatstroke) ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ សញ្ញាទាំងនោះមានដូចជា៖ អាការៈឆាប់ខឹងខុសធម្មតា, ចង្អោរ ឬក្អួត, ឈឺក្បាល និងវិលមុខ ឬដួលសន្លប់ ។

ចែករំលែកព័តមាននេះ