ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវដែលជាបក្សពួកកូនប្រពន្ធដើមបានចំនួន៣នាក់ ដែលជិះម៉ូតូម៉ាកឌ្រីមសេ១២៥ស៊េរី២០១២ ពណ៌ខ្មៅមួយគ្រឿង បានមកធ្វើសកម្មភាពចូលជះទឹកអាស៊ីតមកលើស្ត្រី និងកូនរងគ្រោះដល់ក្នុងផ្ទះដោយគ្មានខ្លាចញញើតសមត្ថកិច្ចណាបន្តិចសោះ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ម្តាយ និងកូនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ធ្នូ ២០១២ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ។ ប្រពន្ធដើម និងកូនរួមទាំងបក្សពួកសុទ្ធជាសាច់ញាតិ មុខរបរជាអ្នកទិញលក់អេតចាយ ។
តាមសម្តីរបស់លោកវរសេនីយ៍ត្រីដួង សុខា បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលជាអ្នកជះទឹកអាស៊ីតមកលើស្ត្រី និងកូនរងគ្រោះនោះ ១-ឈ្មោះជឿន ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកទិញលក់អេតចាយ ២-ឈ្មោះម៉ុល សុនា ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកទិញលក់អេតចាយ ៣-ឈ្មោះហេង ហុង ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកទិញលក់អេតចាយដូចគ្នា អ្នកទាំង៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ក្មេងស្ទាវទាំង៣នាក់ ត្រូវជាកូនបង្កើត និងកូនប្រសាព្រមទាំងបក្សពួករបស់ប្រពន្ធដើមឈ្មោះសាយ ណារិន អាយុ៤៥ឆ្នាំ ជាអ្នកលក់ទិញលក់អេតចាយ នៅមុខផ្សារស្វាយធំ ផ្លូវជាតិលេខ៦ មានប្តីឈ្មោះហេង ហៃ អាយុ៤៨ឆ្នាំ មុខរបរទិញលក់អេតចាយនៅភូមិស្វាយធំ ស្រុកសាទបាគង អស់រយៈពេល៥ឆ្នាំមកហើយ ដែលមានប្រពន្ធចុងឈ្មោះយី អូន និងកូនឈ្មោះជីវ័ន្ត ជាជនរងគ្រោះកាលពីយប់ថ្ងៃទី២៦ ធ្នូ ២០១២ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ