ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ បើ​គ្មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ទេ ​ប្រៀប​ដូច «​អញ្ជើញ​ភ្ញៀវ​មក​លេង​ផ្ទះ តែ​ម្ចាស់ផ្ទះ​មិន​នៅ » ​។ ដូច្នេះ…

ខេត្តសៀមរាប ៖ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ បើ​គ្មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ទេ ​ប្រៀប​ដូច «​អញ្ជើញ​ភ្ញៀវ​មក​លេង​ផ្ទះ តែ​ម្ចាស់ផ្ទះ​មិន​នៅ » ​។ ដូច្នេះ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​បាន​ដើរតួ​នាទី​ស្នូល​ក្នុង​ការ​អធិប្បាយ​អំពី​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និង​ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រទេស​ខ្លួន ប្រកបដោយ​ការ​ជក់ចិត្ត ដិតអារម្មណ៍ ហើយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចង់​មក​ទស្សនា​ម្តងទៀត ពិសេស​មក​ពី​ក្នុង​តំបន់​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ រួម​ទាំង​ជាតិ​សាសន៍​ដទៃ​ទៀត ដែល​ជា​ច​លករ​ជំរុញ​ឲ្យ​មាន​ល្បឿន​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា ចិន ជប៉ុន និង​កូរ៉េ  ។ នេះ​ជា​ការ​ថ្លែង​របស់​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង ពិធី​បើក​សន្និសីទ​អាស៊ាន​បូក​បី ស្តី​ពី​ការ​បក ស្រាយ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ឆ្ពោះ ទៅ​កាន់​ម​គ្គុ​ទេ្ទ​សក៍​ប្រកបដោយ​គុណភាព និង​ធ្វើ​ឲ្យ​ទេសចរ​ពេញចិត្ត និង​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​រុ​ស្ស៊ី ស្តី​ពី​ការ​បូក​សរុប​វគ្គ​បណ្តុះបណ្តាល​ភាសា​រុ​ស្សុ​ី​សម្រាប់​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​អាស៊ាន និង​ការ​កំណត់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ទេសចរណ៍​អាស៊ាន​នា​ពេល​អនាគត ចាប់ពី​ថ្ងៃ​ទី​៦-៩ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ល័យ ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អង្គការ​UNESCO សាកលវិទ្យាល័យ USC លេខាធិការដ្ឋាន​អាស៊ាន និង​សាកលវិទ្យាល័យ​រដ្ឋ​រុ​ស្សុ​ី​ផ្នែក​ទេសចរណ៍ និង​សេវាកម្ម ។

លោក​បណ្ឌិត ថោ​ង ខុន ថ្លែង​បន្ត​ថា ដើម្បី​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​ទេសចរណ៍ និង​អភិវឌ្ឍន៍​ទេសចរណ៍ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ហេតុនេះ​តំបន់​អាស៊ាន បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រឹងគុណភាព សេវាកម្ម និង​ផលិតផល ដោយ​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ផលិតផល​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ។ ដើម្បី​ធានា​បាន​នូវ​គុណភាព​អាស៊ាន​បាន​រៀបចំ​ឲ្យ​មាន​ស្តង់ដា​ទេសចរណ៍​ជា​ច្រើន​ក្នុង​គោលដៅ​ពង្រឹងគុណភាព​ឲ្យ​ភ្ញៀវ​ទេសចរ​ពេញចិត្ត ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« អាស៊ាន គឺជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​រួច​ហើយ ហេតុនេះ យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ យើង​ត្រូវ​បន្ត​សេវាកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រំពឹង​ទុក​របស់​ភ្ញៀវ​ទេសចរ » ។  លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧​កន្លង​មក​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​៥,៦​លាន​នាក់ កើនឡើង​ជិត​១២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ក្នុង​ចំណោម​នោះ​ទេសចរ​ចិន​មាន​ចំនួន​១,២​លាន​នាក់ កើនឡើង​៤៥,៩% ទេសចរ​ជប៉ុន ចំនួន​ជាង​២០​ម៉ឺន​នាក់ កើនឡើង​៦,២% និង​ទេសចរ​កូរ៉េ ចំនួន​ជាង​៣៤​ម៉ឺន​នាក់ ថយ​ចុះ ៣,៤%​។

បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន​៦០​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់​ពាន់​នាក់​ផ្សេង​ទៀត​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ផ្តល់​ឱកាស​ដល់​វិនិយោគិន​បរទេស រួម​ទាំង​ចិន ជប៉ុន និង​កូរ៉េ ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​និរន្តរភាព​ជាមួយនឹង​វិស័យ​ទេសចរណ៍ រួម​ទាំង​ផ្នែក​សណ្ឋាគារ សម្បទា​ទេសចរណ៍ និង​សេវាកម្ម ។

លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ ចំនួន​ជាង​៦​លាន​នាក់ និង​ទទួល​ទេសចរ​អន្តរជាតិ ចំនួន​ជាង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​យ៉ាងតិច​ចំនួន​២​លាន​នាក់ ។

ដោយឡែក​នៅ​ឆ្នាំ​២០១៧ តំបន់​អាស៊ាន​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​១២៥​លាន​នាក់ ក្នុង​នោះ​ចំនួន​ជាង​៤២% ជា​ទេសចរ​ក្នុង​តំបន់​អាស៊ាន​ខ្លួនឯង កើនឡើង​៨,៤% ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​៩៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​ប្រទេស​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) ទទួល​បាន​ទេសចរ​អន្តរជាតិ​១៧៥​លាន​នាក់ កើនឡើង​៦,៧% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។
គួរ​រំឭក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​វិស័យ​ទេសចរណ៍​ជា​វិស័យ​ស្នូល និង​អាទិភាព​មួយ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​អភិវឌ្ឍន៍​សង្គម ស្រប​ពេល​វិស័យ​មួយ​នេះ បាន​ផ្ដល់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ឆ្នាំ​ដល់​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​ក្រសួងទេសចរណ៍ លោក ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ទេសចរណ៍​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វិស័យ​នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។ ដូច្នេះ​ក្រសួងទេសចរណ៍​គួរតែ​មាន​វិធានការ​មួយ​ចំនួន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ដែល​នឹង​កើនឡើង​ដល់​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០, ទេសចរ​អន្តរជាតិ​៦,១​លាន​នាក់​នៅ​ឆ្នាំ​២០១៨, ៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០ ។ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ទេសចរ​មក​ពី​ប្រទេស​នានា ការ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍ ក៏​ត្រូវ​យកចិត្តទុកដាក់​ទាំង​ភាសា ទាំង​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឲ្យ​បាន​ច្បាស់លាស់ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី យល់​ឃើញ​ថា ៖« បើ​ចង់​ឲ្យ​ទេសចរ​មក​ទស្សនា​នៅ​ស្រុក​យើង​កាន់តែ​ច្រើន យើង​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ ទាំង​ចរាចរណ៍ និង​អនាម័យ​នៅ​តាម​ទី​សាធារណៈ​នានា​តាម​ដងផ្លូវ ជា​ពិសេស គួរតែ​រៀបចំ​ឱ្យ​មាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​នៅ​តំបន់​ដែល​មាន​ទេសចរ​ធ្វើ​ដំណើរ​ច្រើន សូមកុំ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម » ។

លោក​បញ្ជាក់​ថា កង្វះ​អនាម័យ និង​ការ​គ្រប់គ្រង​សំរាម​មិន​បាន​ល្អ គឺជា​បញ្ហា​មួយ​ដែល​រារាំង​ដល់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ចង់​មក​លេង​នៅ​ប្រទេស​មិន​ស្អាត ប្រទេស​ដែល​ងាក​ទៅ​ណា ក៏​ឃើញ​តែ​សំរាម ហើយ​ក៏​គ្មាន​ទេសចរ​ណាមួយ​ចង់ទៅ​ទស្សនា​តំបន់​សំរាម​ដែរ ។ ដូចនេះ ដើម្បី​ឲ្យ​ភ្ញៀវ​មក​ទស្សនា​កាន់តែ​ច្រើន អាជ្ញាធរ​ក្រោម​ៗ​គួរតែ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ល្អ ថែរក្សា​អនាម័យ​គ្រប់​ទីកន្លែង មិន​ថា​តែ​តំបន់​នៅ​តាម​ផ្លូវ​នានា​ទេ សូ​ម្បី​នៅផ្ទះ​ក៏​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្អាត​ល្អ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ