ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​បង្ហើប ពី​គន្លឹះ​វិនិយោគ​លើលំនៅ​ឋាន និង​ងាយស្រួល​លក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនជា​អ្នក​មិនដឹង​ពី​វិធីសាស្ត្រ​ទិញ​ទេ ផ្ទះ​របស់​អ្នក​អាច​លក់​មិន​ងាយ​ចេញ និង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ ក្នុង​ករណី​អ្នកទិញ​ផ្ទះ​សម្រាប់​ទុក​វិនិយោគ ។ ដើម្បី​ផ្ដល់​ចំណេះដឹង​ជុំវិញ​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន Century21…

រាជធានី​ភ្នំពេញ ៖ ប្រសិនជា​អ្នក​មិនដឹង​ពី​វិធីសាស្ត្រ​ទិញ​ទេ ផ្ទះ​របស់​អ្នក​អាច​លក់​មិន​ងាយ​ចេញ និង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ ក្នុង​ករណី​អ្នកទិញ​ផ្ទះ​សម្រាប់​ទុក​វិនិយោគ ។

ដើម្បី​ផ្ដល់​ចំណេះដឹង​ជុំវិញ​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម បាន​ផ្តល់​ជា​គន្លឹះ​ថា ការ​ទិញ​-​លក់​លំនៅ​ឋាន ឬ​ទិញ​ផ្ទះ​សម្រាប់​វិនិយោគ អ្នក​វិនិយោគ​គួរ​ទិញ​ផ្ទះ​នៅ​តំបន់​មាន​សេដ្ឋកិច្ច​រស់​រវើក ព្រោះ​តំបន់​បែប​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន និង​ទាក់ទាញ​អ្នក​ចង់​មក​រស់នៅ​ថ្មី​ផង​ដែរ ។ គួរ​ទិញ​ផ្ទះ​ស្ថិត​នៅ​កាច់ជ្រុង ព្រោះ​ផ្ទះ​នៅ​កាច់ជ្រុង ជាទី​តាំង​ងាយស្រួល​ប្រើប្រាស់ ឡើងថ្លៃ​លឿន និង​ជាទី​ចាប់​អារម្មណ៍​របស់​អតិថិជន ។

លោក​បន្ត​ថា ផ្ទះ​ដែល​អាច​ប្រកប​អាជីវកម្ម​បាន (Shop House) ក៏​ជា​ប្រភេទ​ផ្ទះ​ឡើងថ្លៃ​លឿន និង​ងាយស្រួល​លក់​ផង​ដែរ ។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្ត​ថា ៖« ហេតុនេះ ការ​ជ្រើសរើស​លំនៅ​ឋាន​ក្នុង​លក្ខខណ្ឌ​ល្អ​ប្រសើរ គួប​ផ្សំ​នឹង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ សុទ្ធសឹងតែ​ជា​កត្តា​អំណោយផល​ដល់​ការ​វិនិយោគ​លំនៅ​ឋាន » ។ លោក​បន្ត​ថា ៖«​ទោះជា​យ៉ាងណា បច្ចុប្បន្ន អ្នកទិញ​លំនៅ​ឋាន​ទុក​លក់​យកចំណេញ ហាក់​បាន​ថយ​ចុះ​ច្រើន ដោយសារ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​មានការ​កើនឡើង​ខ្ពស់ » ។

ទាក់ទង​នឹង​ទីផ្សារ​លំនៅ​ឋាន​នៅ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ទិញ​-​លក់​នៅ​ឆ្នាំ​នេះ នៅ​តែ​មាន​សញ្ញា​ល្អ​ប្រសើរ​ដោយសារ​តែ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ៖

ទី​១ កំណើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង ។
ទី​២ លក្ខ​ខណ្ឌ​នៃ​ការ​ទទួល​បាន​ឥណទាន និង​ការ​ផ្តល់​លក្ខខណ្ឌ​បង់ប្រាក់​កាន់តែ​ប្រសើរ ។
ទី​៣ កត្តា​ប្រជាសាស្ត្រ មាន​ន័យ​ថា ចំនួន​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ក្នុង​ទីក្រុង​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ និង​ទី​៤ កត្តា​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​នៅ​កម្ពុជា ដែល​ពួក​គេ​បាន​រៀប​ការ និង​បង្កើត​គ្រួសារ​ថ្មី​ៗ​ច្រើន ធ្វើ​ឲ្យ​តម្រូវការ​លំនៅ​ឋាន​កើន​ឡើងជា​ស្វ័យប្រវត្តិ ។

យោង​តាម​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ដោយសារ​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ច កំណើន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ និង​ការ​កើនឡើង​នូវ​កត្តា​ប្រជាសាស្ត្រ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវការ​លំនៅ​ឋាន​ប្រមាណ​១​ម៉ឺន​ខ្នង​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​តម្រូវការ​ភាគច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ។ ហេតុនេះ អ្នក​អភិវឌ្ឍន៍ គួរ​ផ្តោត​លើ​ការ​វិនិយោគ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​ទាប​បន្ថែម​ទៀត​នៅ​តំបន់​ជាយ​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ