ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​យុទ្ធ​ជន​ពាលី​ក្នុង​សមរភូមិ​ប្រាសាទ​តា​ក្របី

15 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ លោក លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​លោក…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ លោក លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ដឹកនាំ​ប្រតិភូ​ខេត្ត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បាន​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ ព្រមទាំង​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​ដល់​គ្រួសារ លោក​អនុសេនីយ៍ឯក ប៊ី សុ​គង់ ជំនួយការ​ហ្វឹកហ្វឺន​កង​វ​រសនា​តូច​លេខ​៤៤៤ ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​សៀម ។

ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប មាន​សេចក្តី​រន្ធត់​តក់ស្លុត​ឥត​ឧបមា ក្រោយ​ពី​បាន​ទទួល​ដំណឹង​យ៉ាង​ក្រៀមក្រំ​ថា លោក​អនុសេនីយ៍ឯក ប៊ី សុ​គង់ ជំនួយការ​ហ្វឹកហ្វឺន​កង​វ​រសនា​តូច​លេខ​៤៤៤ ដែល​បាន​ពលី​នៅ​សមរភូមិ​ប្រាសាទ​តា​ក្របី ដែល​បាន​ពលី​នៅ​សមរភូមិ​ប្រាសាទ​តា​ក្របី​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ដោយសារ​យន្តហោះ F16 ទម្លាក់​គ្រាប់​ចំ​ក្នុង​ពេល​ប្រយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​តំបន់​ទិស​ប្រាសាទ​តា​ក្របី ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។ ក្នុង​បរិយាកាស​ដ៏​សែន​ក្ដុកក្ដួល​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សូម​សម្តែង​នូវ​ការ​សោកស្ដាយ អាឡោះអាល័យ​ជា​អនេក និង​សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ ។

មរណភាព​លោក អនុសេនីយ៍ឯក ប៊ី សុ​គង់ គឺជា​ការ​បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​នូវ​វីរ​យុទ្ធ​ជន​ខ្មែរ​ដ៏​អង់អាច​ក្លាហាន​ម្នាក់ ដែល​បាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ជាតិ ពី​ការ​ឈ្លានពាន​របស់​ពួក​ខ្មាំងសត្រូវ​លើ​សមរភូមិ​មុខ គួរ​ឱ្យ​ស្ញប់ស្ញែង​ជាទី​បំផុត ។

ជាមួយ​គ្នា​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ដែល​បាន​ជួយ​គិតគូរ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោក​សង្រែក​ជាមួយនឹង​ក្រុម​គ្រួសារ លោក​អនុសេនីយ៍ឯក ប៊ី សុ​គង់ ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ ស្នាក់​ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក៏​បាន​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ ព្រមទាំង​ថវិកា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ លោក អនុសេនីយ៍ឯក ប៊ី សុ​គង់ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com