ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំ​គោះត្រឡោក​មានឫ​គល់​នៅ​ខេត្តស្វាយរៀង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តស្វាយរៀង ៖ របាំ​គោះត្រឡោក គឺជា​របាំ​មួយ​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩២០​នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ​ខេត្ត​ស្វាយ​ទាប «​មុន​បង្កើត​ខេត្តស្វាយរៀង​២​ឆ្នាំ​»​។ របាំ​គោះ​ត្រឡោក​បង្កើត​ឡើង​ដោយ​លោកគ្រូ​ស្វាយ​ភោគ លោកគ្រូ​ម៉ា​ន់ ស៊ុំ ដែល​មានស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​បាន​មក​រស់នៅ​ក្នុងភូមិ​ជប់…

ខេត្តស្វាយរៀង ៖ របាំ​គោះត្រឡោក គឺជា​របាំ​មួយ​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩២០​នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ​ខេត្ត​ស្វាយ​ទាប «​មុន​បង្កើត​ខេត្តស្វាយរៀង​២​ឆ្នាំ​»​។ របាំ​គោះ​ត្រឡោក​បង្កើត​ឡើង​ដោយ​លោកគ្រូ​ស្វាយ​ភោគ លោកគ្រូ​ម៉ា​ន់ ស៊ុំ ដែល​មានស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​បាន​មក​រស់នៅ​ក្នុងភូមិ​ជប់ ។ គាត់​បាន​ចាប់ផ្តើម​បង្កើត​របាំ​គោះត្រឡោក​នៅ​ក្នុង​វង់​សិល្បៈ​អា​ប៉េ របស់​គាត់ នា​សម័យ​អាណានិគមនិយម​បារាំង ។

បើ​តាម​លោក​អ៊ុ​ក គឹ​ម​នី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​អ្នកសិល្បៈ​ចាស់ទុំ ឃើញ​ថា របាំ​គោះត្រឡោក​បាន​បដិសន្ធិ នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ នៅ​អំឡុង​ឆ្នាំ​១៩២០​ដោយ​មាន​លោកគ្រូ​ស្វាយ ភោគ និង​លោកគ្រូ​ម៉ា​ន់ ស៊ុំ សម្រាប់​សម្តែង​សិល្បៈ​ក្នុង​វង់​អា​ប៉េ​របស់​ពួក​គាត់​។ បន្ត​មក​ទៀត​មាន​លោកគ្រូ​ភិន នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​និង​លោកគ្រូ​សំ គង់ នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វា​ទាប ជា​អ្នក​ថែរក្សា​របាំ​គោះត្រឡោក​បន្តវេន ។

ក្រោយមក​ទៀត​មាន​លោកគ្រូ​វ៉ា​ត រស់នៅ​ភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ជា​អ្នក​ច្នៃប្រឌិត របាំ​គោះត្រឡោក​នេះ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​សម​ស្រប និង​សេចក្តី​ត្រូវការ ផ្នែក​សតិអារម្មណ៍​របស់​មហាជន ។

បើ​តាម​លោកយាយ​សំ សាវ​ន់ កើត​ឆ្នាំ​១៩៣៣ និង​ស្វាមី​លោកតា​សួ​ស វ៉ា ឆ្នាំ​កំណើត​១៩១៧ អតីត​ជា​សិល្បករ​សិល្ប​ការិនី ធ្លាប់​សម្តែង​របាំ​គោះត្រឡោក​នេះ​ផ្ទាល់ និង អ្នក​ស្រី​សោម ថន កើត​នៅ​ឆ្នាំ​១៩៥៤ អតីត​សិល្ប​ការិនី​ជា​អ្នក​សម្តែង​ផ្ទាល់ មាន​ទីលំនៅ​ក្នុងភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ក៏​ដូច​លោកតា​មោក ស៊ឹ​ម កើត​ឆ្នាំ​១៩៣២ អតីត​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​ជា​អតីត​អភិបាលខេត្ត​ឲ្យ​ដឹង​ថា របាំ​គោះត្រឡោក​នេះ គឺ​ធ្លាប់​បាន​សម្តែង​ថ្វាយ​ព្រះមហាក្សត្រ​ទត សម្តែង​លើ​ឆាក​ជូន​ទស្សនិកជន​ទស្សនា សម្តែង​ចូល​គ្នា​ជាមួយ​ក្រុម​ឆៃយ៉ាំ និង​ជួនកាល​សម្តែង​សម្រាប់​កែ​កម្សាន្ត​ក្នុងភូមិ​ក្នុង​ពេល​បុណ្យដារលាន ក្រោយ​ពេល​ច្រូតកាត់​រួច សម្តែង​ក្នុង​ពិធី​មង្គលការ និង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។ ក្រោយមក​របាំ​គោះត្រឡោក​បាន​អភិវឌ្ឍន៍​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ ក្រុម​ចាស់ទុំ​បាន​បញ្ចូល​អ្នក​កំប្លែង កាន់​ក្រាប់​ផង ។

ចំពោះ​សិល្បករ​សិល្ប​ការិនី ចំនួន​អ្នក​សម្តែង គឺ​មាន​កំណត់​តាម​ភាព​ជាក់ស្តែង មាន​ប្រុស​មាន​ស្រី រាំ​ជា​គូ​ពី​៣​គូ ៥​គូ ទៅ​៧​គូ ។

ឧបករណ៍​សម្តែង មាន​ត្រឡោក​ម្នាក់​មួយគូ មាន​ចង​បូ​លម្អ​ឈ្មោះ ហៅ​ថា​«​ត្រឡោក​ញ៉ែងញ៉ង​» ។

ឧបករណ៍​ភ្លេង​មាន ទ្រ អ៊ូ ទ្រឆេ​, រ​នាថ​១, តាខេ​១, ស្គរ​ដៃ​១ និង​ឆឺង​ក្រាប ។
-​ក្បាច់​រាំ​៖ ដំបូង​អង្គុយ​ទ​ប​ជើង ត្រឡោក​ផ្ងារ ពីមុខ​ហើយ​លើកដៃ​សំពះ បី​ដង ។
-​សំពះ​លើក​ទី​១៖ សំពះ​ដាក់​ដៃ​លើ​ក្បាល នឹក​គុណ​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​គុណ​ព្រះ​ពិស្ណុការ ។

-​សំពះ​លើក​ទី​២៖ សំពះ​ត្រឹម​ច្រមុះ​នឹក​គុណ​ដល់​មាតា បិតា និង​គ្រូបាធ្យាយ ។
-​សំពះ​លើក​ទី​៣៖ សំពះ​លើ​ដើមទ្រូង គោរព​ដល់​ញាត្តិ​មិត្ត​ជិត​ឆ្ងាយ និង​ទស្សនិកជន ។
បន្ទាប់​មក​ខ្វែង​ដៃ​ចាប់​ត្រឡោក​រាំ​របៀប​បើក​បាយសី ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ រួច​ហើយ​ឡើង​រាំ​ម្នាក់​ម្តង ។

ម្តង​ប្រុស​រាំ​ឲ្យ​ស្រី​មើល ម្តង​ស្រី​រាំ​ឲ្យ​ប្រុស​មើល ។ ដោយ​គោះត្រឡោក​ខាង​មុខ គោះ​ខាងឆ្វេង គោះ​ខាងស្តាំ ។

គោះ​លើ​ក្បាល គោះ​ក្រោយខ្នង គោះ​ក្រោម​ក្លៀក​ខាងឆ្វេង គោះ​ក្រោម​ក្លៀក​ខាងស្តាំ គោះ​លើ​ក្បាលជង្គង់ ។ គោះ​ក្រោម​ក្បាលជង្គង់ និង​រាំ​រួម​គ្នា ។

-​ផ្នែក​ចម្រៀង​៖ មាន​ចំនួន​៤​វគ្គ ក្នុង​១​វគ្គ​មាន​៤​ឃ្លា ។
វគ្គ​ទី​១ និង​ទី​២ ទទួល​បាន​ពី​លោកស្រី សោម ថន អតីត​សិល្ប​ការិនី នៅ​ភូមិ​ជប់ ។
វគ្គ​ទី​៣ ទទួល​បាន​ពី​លោក​ភោគ សឿង នៅ​ភូមិ​អង្គ​ស្វាយ ឃុំ​ប្រ​សូត្រ ។
វគ្គ​ទី​៤ ទទួល​បាន​ពី​លោក​គឹ​ម ណាំង អតីត​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ច្រែះ ឃុំ​ច្រែះ ស្រុក​ច​ន្ទ្រា ។

ចម្រៀង​របាំ​គោះត្រឡោក ពី​ដើម​យក​លំនាំ​បទ នោ​អើយ​ស្រី​នោ​៖ ១-​របាំ​គោះត្រឡោក បន្លឺ​តេ​ក​តោក​ឆ្វេង​ស្តាំ ពេល​បុណ្យ​ៗ​ចូល​ឆ្នាំ យើង​លេង​របាំ​គោះត្រឡោក ។ ២-​ត្រឡោក​យើង​មាន​ពីរ មាន​ឈ្មោល​មាន​ញី មាន​ឆ្វេង​មាន​ស្តាំ ពេល​បុណ្យ​ៗ​យើង​លេង​ផ្តាំ យើង​លេង របាំ​ៗ​គោះត្រឡោក ។

ចម្រៀង​របាំ​គោះត្រឡោក​អភិវឌ្ឍន៍​យក​មក​ច្រៀង​សម្តែង​រហូត​ដល់​បច្ចុប្បន្ន​៖
១-​ត្រឡោក​ថ្លៃ​អើយ​បង​មាន​ពីរ ថ្លៃ​អើយ​មាន​ញី​ហើយ​មាន​ឈ្មោល ត្រ​ឡោ​ត​ទាំង​ពីរ​ចេះ​បូល ថ្លៃ​អើយ​ប្រមូល​រក​គូ​រាំ ។

២-​រូបរាង​ថ្លៃ​អើយ​ត្រឡោក​បង ដូច​បេះដូង​បង​ស្រស់​ស្រងាំ រលីងរលោង​ស្រគាំ និមិត្ត​ចិត្ត​ខ្មែរ​បរិសុទ្ធ​ស្អាត ។

៣-​សំឡេង​ថ្លៃ​អើយ​ត្រឡោក​បង ស្រែក​ផ្តាំ​នួនល្អង​ថា​ឲ្យ​ស្អាត ចូរ​ស្រី​ស្រស់​នាង​សង្វាត ស្រឡាញ់​ពូជខ្មែរ និង​ឈាម​ខ្មែរ ។

៤-​បង​គោះ​ថ្លៃ​អើយ​ណា​ត្រឡោក ថ្លៃ​អើយ​ខែ​ក​ខោក​ទាំង​ឆ្វេង​ស្តាំ ប្រាប់​អស់​បរទេស​ឲ្យ​ចាំ សាមគ្គី​ឥត​ឃ្លាត​ការពារ​ទឹកដី ។

សមាសភាព​ក្រុម​ស្រាវជ្រាវ​៖
១-​លោក​អ៊ី រី អតីត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិ​ចិត្ត​សិល្បៈ​ខេត្ត ។
២-​លោក​ចាន់ សុ​គាត អតីត​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ។
៣-​លោក​អ៊ុ​ក​យ៉ាំ អតីត​អភិបាលរង​ស្រុក​ស្វាយ​ទាប ។
៤-​លោក​ម៉ា​ន់ សម្បត្តិ គ្រូ​សាលា​បឋម​សិក្សា​តា​នូ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប និង​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ចូលរួម​នៅ​ឆ្នាំ​១៩៩៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ