ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​PropertyGuru Cambodia Property Awards ឆ្នាំ​២០១៨ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​នឹង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​តាម​រយៈ​ការ​វាយតម្លៃ​ពី​ស្នាដៃ​ឆ្នើម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​PropertyGuru Cambodia Property Awards ឆ្នាំ​២០១៨ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​នឹង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​តាម​រយៈ​ការ​វាយតម្លៃ​ពី​ស្នាដៃ​ឆ្នើម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ហើយ​អ្នក​ដែល​ឈ្នះ​នូវ​ប្រភេទ​ពានរង្វាន់​ល្អ​ជាងគេ​បំផុត នឹង​ត្រូវ​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី PropertyGuru Asia Property Awards លើក​ទី​៨ ដែល​ជា​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​កម្មវិធី ។

លោក Terry Blackburn ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង PropertyGuru Asia Property Awards បាន​ថ្លែង​ថា ពានរង្វាន់​អចលនទ្រព្យ​នេះ គឺ​ផ្ដោត​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ការ​កែ​លម្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​ក្នុង​ផ្នែក​ប្រើប្រាស់​អគារ​ចម្រុះ​ដែល​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​វិនិយោគ និង​អ្នក​ប្រើប្រាស់ ។

លោក​បន្ដ​ថា ៖« កម្ពុជា​ផ្ដល់​នូវ​សក្តានុពល​ភាព​ជា​ច្រើន ហើយ​យើង​មាន​មោទនភាព​ចំពោះ​អ្នក​អភិវឌ្ឍន៍​ក្នុងស្រុក​ដែល​បាន​សម្រេច​ស្នាដៃ​២​ឆ្នាំ​កន្លង​មកនេះ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ ហើយ​យើង​ទទួលស្គាល់​នូវ​ការ​រួមចំណែក​របស់​ពួក​គេ​ក្នុង​វិស័យ​នេះ​ផង​ដែរ » ។

លោក​បញ្ជាក់​បន្ដ​ថា ក្រុមហ៊ុន​ដែល​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូង​នឹង​ត្រូវ​បាន​ប្រកាស​ឈ្មោះ​សម្រាប់​អ្នក​ឈ្នះ​ពានរង្វាន់​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ។

លោក សន សៀ​ប ស្ថាបនិក និង​នាយក​ក្រុមហ៊ុន Key Real Estate Co., Ltd. ដែល​ជា​សមាជិក​ម្នាក់​របស់​គណៈកម្មការ​វាយតម្លៃ បាន​ឲ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា មានការ​កើនឡើង​២២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង ហើយ​ប្រែក្លាយ​ភ្នំពេញ​ពី​រាជធានី​អគារ​ទាប ទៅ​ជា​មជ្ឈមណ្ឌល​អគារ​ខ្ពស់ ។

លោក​ថ្លែង​ថា ៖« ឧស្សាហកម្ម​អចលនទ្រព្យ​ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ។ កាលពី​ឆ្នាំ​ថ្មី​ៗ​នេះ ភ្នំពេញ​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដែល​ទាក់ទាញ​អ្នក​វិនិយោគ​ធំ​ៗ​មក​ពី​ជុំវិញ​តំបន់​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ក្នុង​វិស័យ​សំណង់ ។ នៅ​ដំណាច់ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ​បង្អស់ បន្ទាប់​មក​គឺ​កូរ៉េ ជប៉ុន សិង្ហ​បុរី ថៃ ម៉ា​ឡេ​ស៊ី តៃវ៉ាន់ និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត » ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រៅពី​អគារ​ខ្ពស់​ៗ អចលនទ្រព្យ​ដីធ្លី​កាន់តែ​មាន​ប្រជា​ប្រិយភាព​ចំពោះ​អ្នកទិញ ហើយ​មានការ​ផ្គត់ផ្គង់​ច្រើន និង​តម្រូវការ​ខ្ពស់ ។ លោក​បន្ថែម​ថា «​ក្រៅពី​នេះ ឧស្សាហកម្ម​ទាំងមូល​ក៏​បាន​បង្កើត​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ មាន​ពានរង្វាន់​ទាំងអស់​ចំនួន​ជាង​២០​ប្រភេទ និង​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា ។ បុរី ប៉េង ហួត គ្រុប ជា​អ្នក​ដែល​បាន​ឈ្នះ​២​លើក​រួច​មក​ហើយ​​នូវ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត ហើយ​ឆ្នាំ​នេះ​ទទួល​បាន​១៦​កន្លែង​នៅ​ក្នុង​បញ្ជី​ជម្រើស​ដំបូង ដែល​មាន​ចំនួន​ច្រើន​ជាង​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​។ អ្នក​អភិវឌ្ឍន៍ Greater Euro Ville ក្នុង​គម្រោង​ប្រើប្រាស់​ចម្រុះ​ទទួល​បាន​៥​រង្វាន់​សម្រាប់​ការ​អភិវឌ្ឍ និង​១០​រង្វាន់​ក្នុង​ប្រភេទ​ឌី​ហ្សា​ញ បូក​នឹង​ការ​ស្ងើចសរសើរ​ពិសេស​សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​អំពី​ទំនួល​ខុស​ត្រូវ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ