ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ដែល​ឆ្កួត​ហើយ ប្រទះ​អី​ក៏​ខាំ​ដែរ ខាំ​មិន​រើស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បាន​អះអាង​ថា «​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ នឹង​រឹតត្បិត​ថែម​ទៀត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​នៅ​កម្ពុជា​»…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បាន​អះអាង​ថា «​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ នឹង​រឹតត្បិត​ថែម​ទៀត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​នៅ​កម្ពុជា​» ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​នេះ ត្រូវ​បាន លោក សុខ ឥ​សាន អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ គឺជា​ការ​ពង្រឹង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​របប​នយោបាយ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​លើក​ឡើង​របស់ លោក សម រ​ង្ស៊ី ជា​ការ​មិន​ពិត​នោះ​ទេ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា «​តើ​ហេតុ​អ្វី​បានជា​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវការ​បង្កើត “​ច្បាប់​ស្តី ពី​ការ​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​” ដែល​ច្បាប់​នេះ​នឹង​រឹតត្បិត​ថែម​ទៀត សិទ្ធិ​សេរីភាព ក្នុង​ការ​សម្តែង​មតិ នៅ​ប្រទេស​កម្ពុជា​» ។

លោក​បញ្ជាក់​ថា ដោយសារ​តែ​របប ហ៊ុន សែន ត្រូវការ​ស្វែងរក​ភាព​ស្របច្បាប់​មួយ (Legitimacy) ដែល​ងាយស្រួល​យក​មក​បង្ហាញ​ជាងគេ គឺ​ការ​អះអាង​ថា ខ្លួន​ជា​អ្នក​ការពារ​ព្រះមហាក្សត្រ ដែល​មិន​ហ៊ាន​មាន​ព្រះ​បន្ទូល​អ្វី​ឡើយ ។ តាម​ការ​ពិត ភាព​ស្របច្បាប់​ដែល​មាន​តម្លៃពិត​ប្រាកដ​តែ​មួយ​គត់ គឺ​ភាព​ស្របច្បាប់​ដែល​បាន​មក​ពី​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​កំពុង​តែ​ត្រូវ​បាត់បង់ ដោយសារ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ការ​កម្ចាត់​គណបក្សប្រឆាំង និង​សង្គម​ស៊ី​វិល និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដែល​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​លេងសើច នៅ​ឆ្នាំ ២០១៨ នេះ ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ក្លែងក្លាយ​លេងសើច​នេះ នឹង​ធ្វើ​ឲ្យ​សហគមន៍​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពិភពលោក ថ្កោលទោស​របប ហ៊ុន សែន កាន់តែ​ខ្លាំង​ឡើង​ទៀត ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ គឺជា​ការ​ពង្រឹង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​របប​នយោបាយ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ជាង​១៥​លាន​នាក់​តម្កល់​ព្រះមហាក្សត្រ​ជា​បុរស​រដ្ឋ​ដ៏​កំពូល​របស់​ជាតិខ្មែរ ជាទី​គោរព​សក្ការ​ខ្ពង់ខ្ពស់​បំផុត ។ ដូច្នេះ​ចាំបាច់​ត្រូវ​មានច្បាប់​ដាក់ទោស​ទណ្ឌ​ទៅ​លើ​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ។ ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ក៏​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែរ ។

លោក​គូសបញ្ជាក់​ថា បើ​ប្រមាថ​ប្រជាជន​ទូ​ទាំង​ប្រទេស​មាន​ន័យ​ថា ជា​ការ​ប្រមាថ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ។ ដូច្នេះ​គំនិត​ទាំងឡាយ​ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​លើ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត និង​បាន​ន​ងឹ​កំពុង​កាន់​អំណាច​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ចំពោះ​បណ្តាជន​ដែល​ចង់​ប្រមាថ​ព្រះមហាក្សត្រ និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​យ៉ាង​ទូលំទូលាយ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា ៣១ និង​មាត្រា ៤១ ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​បើក​ទូលាយ​សិទ្ធិ​ខាង​ការ​បញ្ចេញមតិ ត្រូវ​បាន​ជន​មួយ​ចំនួន​នៅ​តែ​វាយប្រហារ​ថា នៅ​មានការ​បិទ​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​នេះ​ដដែល ។ ក៏​ប៉ុន្តែ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ប្រទេស​ណា​ក៏​មាន​ព្រំដែន​របស់​វា​ដែរ មិន​ដែល​មាន​តែ​សិទ្ធិ​ហើយ​អត់​ព្រំដែន​នោះ​ទេ ។ ជាក់ស្តែង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​គ្រាន់តែ​គូររូប​ត្លុក​កំប្លែង​ចំអក​ប៉ះពាល់​ដល់​កិត្តិយស​នាយក​រដ្ឋមន្ត្រី ក៏​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាង​៧,៧០០​ដុល្លារ​អា​មេ​រិ​ក​ដែរ កុំ​ជោរ ។ ដូច្នេះ រដ្ឋធម្មនុញ្ញ​បើក​ទូលាយ​ប៉ុនណា អនុវត្ត​ប៉ុន​នោះ​ទៅ ហើយ​បើ​ច្បាប់​ហាម​ប៉ុនណា ត្រូវ​អនុវត្ត​ទៅ ទើប​វា​ត្រឹមត្រូវ និង​គ្មាន​ទុក្ខ​ដល់​ខ្លួន ។

សូម​ជម្រាប​សេចក្តី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ដោយ​សម្លេង​១២៣ នៃ​ចំនួន​សមាជិក​សភា​ដែល​ចូលរួម​ទាំងអស់ ហើយ​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​នេះ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ដោយ​សម្លេង ៤៥ នៃ​ចំនួន​សមាជិក​ចូលរួម ៥២​រូប ។ ច្បាប់​នេះ​បាន​ដាក់ទោស​អ្នក​ជេ​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ ទោះ​ដោយ​ប្រយោល និង​ផ្ទាល់​ក្តី ។ ខ្លឹមសារ នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​វិញ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធានា​លើក​ស្ទួយ និង​ការពារ​ព្រះ​ចេស្តា និង​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែល​ព្រះ​ប្រមុខរដ្ឋ នៃ​ព្រះរាជា​ណា​ច​កម្ពុជា ជាទី​គោរព​សក្ការ​ដ៏​ខ្ពស់​ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​គ្រប់​ៗ​រូប ។ ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​កំណត់​ជា​ទោស​ព្រហ្មទណ្ឌ​ដែល​នឹង​ទទួលទោស​ពី​១ ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ដល់ ១០​លាន​រៀល និង​ចំពោះ​នីតិបុគ្គល ពី​១០​លាន​រៀល​ទៅ ៥០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ