ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតប​នឹង​តំណាង UN ៖ អ្នកនាំពាក្យ CPP «​លទ្ធិប្រជាធិបតេយ្យ និង​របប​រាជា​និ​យ​កម្ពុជា មិន​អាច​ទទួល​បាន​ឡើយ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​រួច​ហើយ មិន​អាច​មាន​អ្នក​ណា​ម្នាក់​រំលោភ​បាន​ឡើយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​រួច​ហើយ មិន​អាច​មាន​អ្នក​ណា​ម្នាក់​រំលោភ​បាន​ឡើយ ។

ការ​លើក​ឡើង​របស់ លោក សុខ ឥ​សាន បន្ទាប់​ពី​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​អង្ក​ការ​សហប្រជាជាតិ បាន​អះអាង​ថា ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ជា​ការ​រំលោភសិទ្ធិ ពិសេស​ច្បាប់​អន្តរជាតិ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ គឺជា​ការ​ពង្រឹង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ប្រកាន់​របប​នយោបាយ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ជាង​១៥​លាន​នាក់​តម្កល់ ព្រះមហាក្សត្រ ជា​បុរស​រដ្ឋ​ដ៏​កំពូល​របស់​ជាតិខ្មែរ ជាទី​គោរព​សក្ការ​ខ្ពង់ខ្ពស់​បំផុត ។ ដូច្នេះ​ចាំបាច់​ត្រូវ​មានច្បាប់​ដាក់ទោស​ទណ្ឌ​ទៅ​លើ​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​អង្គ ព្រះមហាក្សត្រ ។

លោក​បញ្ជាក់​ថា «​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ក៏​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែរ ។ បើ​ប្រមាថ​ប្រជាជន​ទូ​ទាំង​ប្រទេស​មាន​ន័យ​ថា ជា​ការ​ប្រមាថ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ។ ដូច្នេះ​គំនិត​ទាំងឡាយ​ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​លើ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត និង​បាន​នឹង​កំពុង​កាន់​អំណាច​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ចំពោះ​បណ្តាជន​ដែល​ចង់​ប្រមាថ ព្រះមហាក្សត្រ និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច ខណៈ​ដែ​អ្នកជំនាញ​អង្ក​ការ​សហប្រជាជាតិ​ពី​ទីក្រុង​ហ្ស៊ី​ណែវ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ បាន​អះអាង​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

លោកស្រី រ៉ូ ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្ក​ការ​សហប្រជាជាតិ​នៅ​កម្ពុជា បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើរ​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​នឹង​អាច​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុ​នា​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​នេះ និង​នៅ​ពេល​អនាគត ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី ស្មី​ត ។

លោកស្រី​បាន​បន្ត​ថា ការ​ប្រែ​នេះ​ព្រមទាំង​សំណើរ​កែប្រែ​ផ្សេង​ទៀត ចំពោះ​ច្បាប់​ជា​តុលាការ រួម​បញ្ចូល​ទាំង​បទបញ្ញត្តិ​ស្តី​ពី​ការ​ប្រមាថ ព្រះមហាក្សត្រ ដែល​ត្រូវ​ចាត់ទុកជា​អំពើ​ខុសច្បាប់ ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ពោល​គឺ​មាន​រយៈពេល​១៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​អនុម័ត​យល់ព្រម ។ ដំណើរ​កែប្រែ​នេះ​នាំ​ឲ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ទាក់ទង និង​ការ​រំលោភសិទ្ធិ​មនុស្ស ។

លោ​ស្រី ស្មី​ត បាន​បញ្ជាក់​ថា «​បទ​ប្បញត្តិ​ស្តី​ពី​ការ​ប្រមាថ ព្រះមហាក្សត្រ មាន​វិសមិតភាព​ជាមួយនឹង​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយសារ​បទ​ប្ប​ញ្ញ​តិ្ត​នេះ បាន​ចាត់​ទុក​ការ​អនុវត្ត​ស្របច្បាប់​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ យោបល់​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​» ។

លើស​ពី​នេះ​ទៀត សំណើរ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បាន​ប្រើប្រាស់​ពាក្យពេចន៍​មួយ​ចំនួន​ក្នុង​ន័យ​ទូលាយ​ដែល​គួរ​តេ​ត្រូវ​បាន​ប្រើប្រាស់​ភាសា​ជាក់ច្បាស់​ជាង​នេះ​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ និង​ចៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​សេរីភាព​ក្ន្​ុ​ង​ការ​បញ្ចេញមតិ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហប្រជាជាតិ​ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​វាយតម្លៃ​ឡើង​វិញ​ឲ្យ​បាន​ប៉ឹង​ម៉ាត់ និង​មត់​ចត់​ទៅ​លើ​សេចក្តី​ព្រៀង​វិសោធនកម្ម​ទាំងនេះ ដើម្បី​ធានា​ថា​បទ​ប្បញ្ញត្តិ​ទាំងនេះ​មាន​លក្ខណៈ​ស្រប​តាម​ច្បាប់ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ។

សូម​ជម្រាប​ថា ការ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ចំនួន ៥​មាត្រា និង​ក្រមព្រហ្មទណ្ឌ ចំនួន​២​មាត្រា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សម្លេង​១២៣​រូប នៃ​ចំនួន​សមាជិក​រដ្ឋសភា​ចូលរួម​ទាំងអស់​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ហើយ​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត ដោយ​សម្លេង​៤៥ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ចូល​រូ​ម​សរុប​៥២ ដោយ​សមាជិក​ព្រឹទ្ធសភា​៧​រូប មិន​បាន​លើកដៃ​អនុម័ត​ទេ ។

សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាន​គោលដៅ​ពង្រឹង​បន្ថែម​ទៀត​នូវ​ឯករាជ្យ អ​ធីប​តេ​យ្យ​ជាតិ ពេញ​បរិបូរណ៍ ជា​រដ្ឋ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយនឹង​រដ្ឋ​ដទៃ​ទៀត និង​ប្រឆាំង​ដាច់ខាត​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ទោះ​ផ្ទាល់ ឬ​ប្រយោល​ក្តី ទោះបីជា​ក្នុង​ហេតុផល​ណា​ក៏​ដោយ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ ។

ចំណែក​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​វិញ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធានា​លើក​ស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះ​កិត្តិនាម​របស់​អង្គ ព្រះមហាក្សត្រ ដែល​ជា​ព្រះ​ប្រមុខរដ្ឋ នៃ​ព្រះរាជា​ណា​ច​កម្ពុជា​ជាទី​គោរព​សក្ការ​ដ៏​ខ្ពស់​ខ្ពស់​បំផុត នៃ​ប្រជាជាតិ​ខ្មែរ​គ្រប់​ៗ​រូប ។ ការ​ប្រមាថ​ចំពោះ​អង្គ ព្រះមហាក្សត្រ ត្រូវ​កំណត់​ជា​ទោស​ព្រហ្មទណ្ឌ ដែល​នឹង​ទទួលទោស​ពី​១​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ដល់​១០​លាន​រៀល និង​ចំពោះ​នីតិបុគ្គល​ពី​១០​លាន​រៀល ទៅ​៥០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ