រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានស្នើដល់ក្រសួងមានសមត្ថកិច្ច មេត្តាពិនិត្យលក្ខន្តិករបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះ ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ការស្នើរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ ខណៈដែលក្រុមអ្នកឃ្លាំមើលកម្ពុជាដែលមាន លោក ម៉ែន ណាត ជាប្រធានបានចេញសេចក្តីអំពាវនាវកុំឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតនៅពេលខាងមុខ ដោយសារអត់មានអតីតគណបក្សសង្គ្រោះជាតិ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ នេះថា ការអំពាវនាវរបស់ក្រុមដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅពេលថ្មីៗនេះ បានអំពាវនាវកុំឲ្យប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោត ។ ការអំពាវនាវនេះ អាចចាត់ទុកថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអង្គការប្រឆាំងនៅកម្ពុជា ។ ការអំពាវនាវរបស់ក្រុមដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ ។ ការអំពាវនាវរបស់ក្រុមដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអ្នករំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ការអំពាវនាវរបស់ក្រុមដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអ្នកធ្វើវិច្ឆេទកម្មនយោបាយនៅកម្ពុជា ។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺជាការពង្រឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាង១៥លាននាក់ តម្កល់ព្រះមហាក្សត្រ ជាបុរសរដ្ឋ ដ៏កំពូលរបស់ជាតិខ្មែរ ជាទីគោរពសក្ការខ្ពង់ខ្ពស់បំផុត ។ ដូច្នេះចាំបាច់ត្រូវមានច្បាប់ដាក់ទោសទណ្ឌទៅលើជនណាដែលហ៊ានប្រមាថអង្គ ព្រះមហាក្សត្រ ។
ការប្រមាថអង្គ ព្រះមហាក្សត្រ ក៏ចាត់ទុកថា ជាការប្រមាថប្រជាជនកម្ពុជាទូទាំងប្រទេសដែរ ។ បើប្រមាថប្រជាជនទូទាំងប្រទេស មានន័យថា ជាការប្រមាថដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ ។ ដូច្នេះ គំនិតទាំងឡាយដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរំលោភលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងបាននឹងកំពុងកាន់អំណាច មិនអាចទទួលយកបានជាដាច់ខាត ចំពោះបណ្តាជនដែលចង់ប្រមាថ ព្រះមហាក្សត្រ និងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
លោកបន្តថា នៅកម្ពុជាមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងទូលំទូលាយ ដូចមានចែងនៅក្នុងមាត្រា ៣១ និងមាត្រា ៤១ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ។ ការបើកទូលាយសិទ្ធិខាងការបញ្ចេញមតិ ត្រូវបានជនមួយចំនួននៅតែវាយប្រហារថា នៅមានការបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិនេះដដែល ។ ក៏ប៉ុន្តែសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅប្រទេសណាក៏មានព្រំដែនរបស់វាដែរ មិនដែលមានតែសិទ្ធិហើយអត់ព្រំដែននោះទេ ។ ជាក់ស្តែងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែគូររូបត្លុកកំប្លែងចំអកប៉ះពាល់ដល់កិត្តិយសនាយករដ្ឋមន្ត្រី ក៏ត្រូវតុលាការកាត់ទោសឲ្យជាប់គុក១ឆ្នាំ និងពិន័យជាប្រាក់ជាង៧,៧០០ដុល្លារអាមេរិកដែរ កុំជោរ ។ ដូច្នេះ រដ្ឋធម្មនុញ្ញបើកទូលាយប៉ុនណា អនុវត្តប៉ុននោះទៅហើយ បើច្បាប់ហាមប៉ុនណា ត្រូវអនុវត្តទៅ ទើបវាត្រឹមត្រូវ និងគ្មានទុក្ខដល់ខ្លួន ។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏អាចហៅថា ជាក្រុមភេរវកម្មនៅក្នុងប្រទេសកម្ពុជាដែរ ដែលធ្វើសកម្មភាពប្រឆាំងចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង ។
លោកបានគូសបញ្ជាក់ថា សូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ច មេត្តាពិនិត្យលក្ខន្តិករបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះ តើវាស្របគ្នា និងត្រឹមត្រូវដែរឬទេ ហើយស្នើចាត់វិធានការណ៍ផ្លូវច្បាប់សមស្របចំពោះសកម្មភាពរបស់ពួកគេ ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
សូមជម្រាបថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ខណៈដែរអ្នកជំនាញអង្កការសហប្រជាជាតិពីទីក្រុងហ្ស៊ីណែវ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានអះអាងថា ការកែរដ្ឋធម្មនុញ្ញនៅកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្កការសហប្រជាជាតិនៅកម្ពុជា បានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះសំណើរកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងអាចដាក់កម្រិតយ៉ាងខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅឆ្នាំនេះ និងនៅពេលអនាគត ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ស្មីត ។
ប្រភពបានបន្តថា ការកែប្រែនេះ ព្រមទាំងសំណើរកែប្រែផ្សេងទៀត ចំពោះច្បាប់ជាតុលាការ រួមបញ្ចូលទាំងបទបញ្ញត្តិស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវចាត់ទុកជាអំពើខុសច្បាប់ ត្រូវបានអនុម័តដោយសភាជាន់ទាបនៅថ្ងៃទី១៤ ខែកុម្ភៈ ពោលគឺមានរយៈពេល១៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រម ។ ដំណើរកែប្រែនេះ នាំឲ្យមានហានិភ័យធ្ងន់ធ្ងរទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ។
លោស្រី ស្មីត បានបញ្ជាក់ថា «បទប្បញត្តិស្តីពីការប្រមាថព្រះមហាក្សត្រ មានវិសមិតភាពជាមួយនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយសារបទប្បញ្ញតិ្តនេះ បានចាត់ទុកការអនុវត្តស្របច្បាប់នូវសេរីភាពក្នុងការបញ្ចេញមតិយោបល់ថា ជាបទល្មើសព្រហ្មទណ្ឌ» ។
លើសពីនេះទៀត សំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញ បានប្រើប្រាស់ពាក្យពេចន៍មួយចំនួនក្នុងន័យទូលាយ ដែលគួរតែត្រូវបានប្រើប្រាស់ភាសាជាក់ច្បាស់ជាងនេះបន្ថែមទៀត ដើម្បីបំពេញតាមបទដ្ឋានអន្តរជាតិ និងជៀសវាងហានិភ័យដែលអាចកើតមានចំពោះសេរីភាពក្ន្ុងការបញ្ចេញមតិ ។
ជាមួយគ្នានោះដែរ អ្នករាយការណ៍ពិសេសរបស់អង្កការសហប្រជាជាតិក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការវាយតម្លៃឡើងវិញឲ្យបានម៉ឺងម៉ាត់ និងមត់ចត់ទៅលើសេចក្តីព្រៀងវិសោធនកម្មទាំងនេះ ដើម្បីធានាថា បទប្បញ្ញត្តិទាំងនេះមានលក្ខណៈស្របតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ៕
ចែករំលែកព័តមាននេះ